0

ឯកឧត្តមអភិសន្តិបណ្ឌិត ស​ សុខា​ ផ្ដល់អនុសាសន៍ ៧ចំណុច ទៅកាន់ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ

ភ្នំពេញ ៖​ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានផ្តល់អនុសាសន៍ ៧ចំណុច ទៅកាន់ទីប្រឹក្សា និងជំនួយការរបស់ក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ​ កងកម្លាំង​ និវត្តន៍ជន​ អតីតយុទ្ធជន​ ទីប្រឹក្សា​ និងជំនួយការរបស់ក្រសួងមហាផ្ទៃ​ នាថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។

អនុសាសន៍ទាំង ៧ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត​ ស សុខា ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះរួមមាន ៖ ទី១. ជំរុញលើកទឹកចិត្តឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ចូលរួមសហការគ្នាគ្រប់ការងារពាក់ព័ន្ធ និងមានទំនាក់ទំនងល្អនៅក្នុងសង្គម​ ទី២. បន្តចូលរួមការងារចុះពង្រឹងមូលដ្ឋាន ការងារសង្គម និងការងារមនុស្សធម៌ ទី៣. ពង្រឹងសមត្ថភាព លទ្ធភាព និងចែករំលែកចំណេះ ជំនាញ និងបទពិសោធទៅគ្រប់ ផ្នែកពាក់ព័ន្ធដើម្បីជួយលើកស្ទួយនូវអភិបាលកិច្ចល្អ ទី៤. ជាមួយគ្នានេះ​បន្តរក្សាសីលធម៌ គុណធម៌ និងបំពេញតួនាទីភារកិច្ចប្រកបដោយគណនេយ្យភាពចំពោះក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល​ ទី៥. បន្តចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិរយៈពេល ៥ឆ្នាំទៅមុខ លើមូលដ្ឋាននៃការវាយតម្លៃ ទី៦. បន្តចូលរួមថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាព ការពារខឿនឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងទី៧. បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការជំរុញឱ្យកាន់តែ ស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងកំណែទម្រង់តាមវិស័យនានា ដើរទន្ទឹមនឹងការជំរុញអភិបាលកិច្ចល្អ ព្រមទាំងចូលរួមអនុវត្តគោលនយោបាយ”ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឱ្យកាន់តែសកម្មផុលផុសនៅគ្រប់គោលដៅ។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ បានបង្ហាញសុទិដ្ឋិនិយមដោយសង្ឃឹម និងជឿជាក់ថា ទីប្រឹក្សា​ និងជំនួយការក្រសួងមហាផ្ទៃ​ នឹងបន្តគាំទ្រ​ ចូលរួម និងរក្សាការប្តេជ្ញាចិត្តខិតខំបំពេញការងារកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត ដើម្បីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល ៥ឆ្នាំទៅមុខ ដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ៕

Filed in: ព័ត៌មានជាតិ, សង្គម, សន្តិសុខ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com