ខេត្តព្រះវិហារ ៖ ក្រោយពីមានភាពស្ងប់ស្ងាត់បានមួយរយៈក្រោមកណ្តាប់ដៃដែករបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់បទបញ្ជា ឲ្យនាយឧត្តមសេនីយ៍ សៅ សុខា ចុះបើកយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងខេត្តក្នុងព្រះរាជាណាចក្រកម្ពុជារួចមក។ ស្រាប់តែរហូតមកដល់ពេលនេះក្រុមហ៊ុនធីង៉ាង អភិវឌ្ឍន៍ កំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងកក្រើកឡើងវិញទៀតហើយ ក្រោមលេសវិនិយោគដោយប្រើរថយន្តយីឌុបនិងរថយន្ត បាកុង ដឹកជញ្ជូនអនុផលព្រៃឈើ”ឈើមូល”យ៉ាងគគ្រឹកគគ្រេងចេញពីព្រៃឡង់ ព្រៃអង្គតែនដែលស្ថិតក្នុងចំណុចអូរឡង់តំបន់៤និងតំបន់៥ ភូមិស្រែវាល ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ហើយដែលក្រុមហ៊ុននេះអះអាងថា មានច្បាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីធ្វើការដាំដុះលើផ្ទៃដីសម្បទានដីសេដ្ឋកិច្ច ទើបធ្វើការឈូសឆាយដីក្នុងអនុតំបន់៤ និងអនុតំបន់៥ ស្ថិតនៅក្នុងខេត្តព្រះវិហារ តាមរយៈលិខិត១សន្លឹក ដែលពុំបានកំណត់ទំហំដីនិងចំណុចទីតាំងព្រំប្រទល់ច្បាស់លាស់នោះទេ។
ប្រភពបញ្ជាក់ថា ព្រៃឡង់ដែលស្ថិតនៅក្នុងស្រុករវៀង បើទោះបីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់បញ្ចូលជាព្រៃអង្គតែននោះ ក៏បាននឹងកំពុងតែទទួលរងការកាប់បំផ្លាញយ៉ាងអាណាធិបតេយ្យក្រោមស្នាដៃក្រុមហ៊ុន ធីង៉ាង យកទៅកែឆ្នៃ ដោយគ្មានការទប់ស្កាត់ពីមន្ត្រី អាជ្ញាធរ សមត្ថកិច្ច ឬស្ថាប័នដែលពាក់ព័ន្ធណាមួយឡើយ។ ហេតុដូច្នេះក្រុមហ៊ុនមួយនេះ បានដាក់ម៉ាស៊ីនកែច្នៃឈើដោយពឹងទៅលើដីសម្បទាន តែធាតុពិតប្រមូលកាប់ឈើពីតំបន់ព្រៃឡង់មកធ្វើអាជីវកម្មយ៉ាងរលូន ដែលទំនងជាអាងលើមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តជាអ្នកនៅពីក្រោយខ្នង។
ប្រភពបន្តឲ្យដឹងថា មេការក្រុមហ៊ុន ធីង៉ាង អភិវឌ្ឍន៍នេះ ឈ្មោះ ស៊ុង បានរក្សាភាពស្ងៀមស្ងាត់មិនបានបង្ហើបពីសកម្មភាពដាំដុះជាដំណាំអ្វីទាំងនោះឡើយ ហើយម៉្យាងវិញទៀត ព្រៃឡង់ ព្រៃព្រះរកា និងព្រៃអង់តែននេះ ក៏មិនត្រូវបានអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ទេ គឺកំពុងតែរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ និងដឹកជញ្ជូនឈើហ៊ុបតាមរថយន្តបាកុង រថយន្តយីឌុប ទាំងយប់ទាំងថ្ងៃ ចូលទៅក្នុងរោងសិប្បកម្មកែច្នៃ ដោយដាក់ម៉ាស៊ីនរ៉ៃ អារ ច្រៀក យ៉ាងកងរំពង ហើយក៏មិនរំខានដល់មន្ត្រី អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ ជាពិសេស លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏គ្មានវិធានការទប់ស្កាត់បង្ក្រាបបានដែរ បើវិធានការទប់ស្កាត់របស់គាត់បានត្រឹមលំៗតែប៉ុណ្ណោះ។ ផ្ទុយទៅវិញក្រុមហ៊ុនធីង៉ាង អភិវឌ្ឍន៍ និងវិនិយោគមួយនេះ កំពុងជិះសេះលែងដៃប្រើប្រាស់រថយន្ដបាកុង ដែលរដ្ឋត្រូវបានហាមឃាត់ក្នុងការដឹកជញ្ជូនអនុផលព្រៃឈើ “ឈើមូល” ប៉ុន្តែបែរជានៅក្នុងទឹកដីខេត្តព្រះវិហារគេឃើញរថយន្តបាកុងដឹកជញ្ជូនឈើបានយ៉ាងរលូនដោយគ្មានខ្លាចអ្វីទាំងអស់។
គួររំឭកថា កន្លងមកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងនៃកងយោធពលខេរភូមិន្ទ មេបញ្ជា ការកងរាជវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីបង្កាទប់ស្កាត់និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះបង្ក្រាប រឹបអូសយកមធ្យោបាយ យកមកដុតបំផ្លាញចោលជាបន្ដបន្ទាប់ផងដែរ មិនតែប៉ុណ្ណោះក៏បានចាប់ឃាត់ខ្លួនជនល្មើស មេឈ្មួញ និងឧកញ៉ាមួយចំនួនយកទៅដាក់គុកទៀតផង។
មជ្ឍដ្ឋានប្រជាពលរដ្ឋទូទៅនៅតែចង់ឃើញដាវអាជ្ញាសឹកដ៏មុតស្រួចរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងយុទ្ធនាការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើឲ្យដូចភ្លៀងរលឹមតាមអនុសាសន៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋគោរព ស្រឡាញ់ ខណៈដែលសម្តេច លោកខិតខំប្រឹងប្រែងខ្លាំងណាស់ តែបែរជាមន្ត្រីថ្នាក់ក្រោមមួយចំនួនមិនយកចិត្តទុកដាក់អនុវត្តន៍តាមបទញ្ជារបស់សម្តេច ទើបធ្វើឲ្យមានបទល្មើសកើតឡើងដដែលៗ ចំណែកធនធានធម្មជាតិព្រៃឈើនៅតែបន្តមហន្តរាយដោយការកាប់បំផ្លាញពីសំណាក់ឈ្មួញនិងក្រុមហ៊ុនដែលធ្វើការវិនិយោគមិនច្បាស់លាស់។
ជុំវិញករណីក្រុមហ៊ុន ធីង៉ាង អភិវឌ្ឍន៍ ដែលកំពុងធ្វើសកម្មភាពដូចខាងលើនេះ អង្គភាពគេហទំព័រ MSKnews យើងបានព្យាយាមធ្វើការទំនាក់ទំនងរកការបំភ្លឺពីខាងភាគីក្រុមហ៊ុនផងដែរ តែមិនបានសម្រេចកាលពីម្សិលមិញនេះ និងពុំមានអ្នកដឹងលេខទូរស័ព្ទ អង្គភាពយើងរង់ចាំទទួលនិងរួមកិច្ចសហការជានិច្ចរៀងរាល់ម៉ោងធ្វើការ៕