0

សម្តេចក្រឡាហោ​ម ស ខេង ថ្លែងសារព្រមាន​ចាត់​វិ​ធានការ​ចំពោះមេឃុំណា​ដែ​លហ៊ាន​ធ្វើអំពើផ្តេ​ស​ផ្តា​ស​ ខណៈភាពមិនប្រក្រតីរបស់​លោក ភោគ វណ្ណថ​ន មេឃុំក្រោលគោ​កំ​ពុង​ធ្វើឲ្យបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ​?​

ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០​២​០ ក្រុមការងារ​ចម្រុះចុះមកធ្វើការវាស់វែង​ទំហំ​ដីផ្សារក្រោលគោ​ ស្ថិតនៅភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយ​ជ្រុំ ខេត្តស្វាយរៀង ដោយ​មានការអ​ញ្ជើញចូលរួម​៖ លោក ចិន សាធាន នាយករដ្ឋបា​​លសាលាខេត្ត​ស្វាយរៀង,លោក គឹម ពិសិដ្ឋ​ ប្រធា​នមន្ទីររៀបចំដែ​នដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វា​យរៀង,លោក ហែម សារិទ្ធ អភិ​បាលស្រុកស្វាយ​ជ្រុំ ,លោក អុីង បូរ៉ា នាយកទីចាត់​ការអន្តរវិស័យ​សាលាខេត្ត​,លោក​ មាស សេដ្ឋា នា​ យក​ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​, មន្ត្រីជំនាញ​, មេធាវី,លោកមេឃុំ, សមាជិក​នៃក្រុមប្រឹក្សា និងលោក សា លាង​ ព្រមទាំងប្រជាពលរដ្ឋ​ជាច្រើន​កុះ​ករផងដែរ​។​

គួរកត់សំគាល់ថា នេះជាលើកទី២​ហើយ​ដែលក្រុម​ការងារបាន​ចុះមកវាស់វែងនៅទីតាំង​ដីផ្សារក្រោល​​គោ​ ក្រោយពី​មានបណ្តឹងរបស់លោក ភោគ វណ្ណ​ថន​ មេឃុំក្រោលគោ ដែលទើបឡើងកាន់តំណែង​ក្នុងអាណត្តិ​នី​តិកាលទី៦​នេះ។​ ប៉ុន្តែប្រជាពលរដ្ឋ​នៅតែអះអាងថា ទោះបីជាមានការវាស់វែង​ប៉ុន្មាន​លើកទៀតក៏ដីផ្សារនៅតែជាដីផ្សារ ចំណែកដីកម្ម​សិទ្ធិរបស់ប្រជាពលរដ្ឋ​ក៏នៅតែជាដីរបស់ពួកគាត់​ដដែល​ៗ​ទេ​ ព្រោះដីពួកគាត់(ប្រជាពលរដ្ឋ) មិនពា​ក់ព័ន្ធ​ជាមួយនឹងដីផ្សារ​នោះឡើយ បើតាមការលើ​កឡើងរបស់ប្រជាពលរដ្ឋ​បានឲ្យដឹងថា ពួកគាត់ម្នាក់​ៗសុទ្ធ​តែជាអ្នករស់នៅ​កាន់កាប់​និងអាស្រ័យផល​លើដីរបស់ខ្លួន​អស់រយ:ពេលជាច្រើនឆ្នាំមកហើយ​ រហូតមកទល់នឹងពេលនេះ អ្នកខ្លះរស់នៅ​ជាង​៣៣​ឆ្នាំ ខ្លះទៀតក៏ជាង២៥ឆ្នាំឡើង​​ ហើយក៏មានប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​(ប្លង់ស្លាបមាន់)​ គឺនៅតែមានសុ​ពលភាពជាដរាប។​

យោងតាម ស.ជ.ណ លេខ ៤០​៨ របស់​ក្រសួងម​ហាផ្ទៃ ចុះថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ២០២០​ ជម្រាបជូន​ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀ​ង​ស្តីអំពីករណី​បណ្តឹងរបស់ឈ្មោះ សា លាង ភេទ​ប្រុស​ អាយុ៥៧ឆ្នាំ​ និងប្រពន្ធឈ្មោះ ហេង គឹម​ហឿ​ន អាយុ៥២ឆ្នាំ មានទីលំនៅភូមិ២​ សង្កាត់កំពង់​លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ប្តឹងលោក ភោគ វណ្ណថន មេឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វា​យរៀង​ លើករណី​មិនចុះហត្ថលេខា​តាមពាក្យស្នើ​សុំ​បំពេញបន្ថែម​ដែលឈ្មោះ សា លាង និងប្រពន្ធ​ឈ្មោះ​ ហេង គឹមហឿន បានកាន់កាប់​និងអាស្រ័យ​ផលរយៈពេលជាង២០ឆ្នាំ​មកហើយ​។​

ក្នុងខ្លឹមសារពាក្យបណ្តឹង​ចុះថ្ងៃទី០៧​ ខែតុលា ឆ្នាំ២​០១៩​ របស់ឈ្មោះ សា លាង និងប្រពន្ធឈ្មោះ ហេ​ង គឹមហឿន ដោយបានដាក់ជូនទៅក្រសួងមហា​ផ្ទៃ​ដើម្បី​ពិនិត្យ​ឲ្យបានត្រឹមត្រូវ​ពិតប្រាកដ​នឹងសម្រេ​ចដោះស្រាយ​តាមរបាយការណ៍​លទ្ធផល​ក្រុមការ​ងារ​ចុះវាស់វែង​ទីតាំងដី​របស់លោក សា លាង ស្នើ​សុំ​ចុះបញ្ជីដីធ្លីបំពេញបន្ថែម​ ដើម្បីចេញប័ណ្ណកម្ម​សិទ្ធិ​ស្ថិតនៅភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វា​យជ្រំ នៅថ្ងៃទី​៤​ ខែមីនា​ ឆ្នាំ២០១៩ បានបញ្ជាក់​ថា​ទីតាំងដីរបស់លោក សា លាង គឺមានចំនួន០​២​ប្លង់​ជាប់គ្នា​ ដែលប្លង់ទី១:​ប័ណ្ណ​សំគាល់​សិទ្ធិកាន់កាប់​ប្រើប្រាស់ដីធ្លីលេខ:​Bg0354​ ចុះថ្ងៃទី​០១​ ខែមេ​សា ឆ្នាំ​១៩៩៣​ ទំហំ០១​អា ៩៥​សង់ទីអា​ ដោយ​មា​ន​ព្រំប្រទល់​:ខាង​ជើងទល់នឹងដី​ផ្សារ​,ខាងត្បូងទល់​នឹងផ្លូវជាតិលេខ១​,ខាងកើតទល់នឹងដីផ្សារ​,ខាងលិ​ចទល់នឹងដីផ្សារ​ និងប្លង់ទី២:ប័ណ្ណសំគាល់​សិទ្ធិ​កា​ន់កាប់​អចលនវត្ថុលេខ:​សវ​0007​46​​ ចុះថ្ងៃទី​២​៨​ ខែតុលា ឆ្នាំ​១៩៩៧​ ទំហំ​៨១​សង់ទីអា ​ដែលមាន​ព្រំប្រទល់:​ខាងជើងទល់នឹងផ្លូវច្រក,ខាងត្បូងទល់​នឹងផ្លូវជាតិលេខ១,​ខាងកើតទល់នឹងសា លាង,ខា​ងលិចទល់នឹងផ្លូវច្រក​។​

ក្នុងនោះផងដែរ​ប្រជាពលរដ្ឋ​ជាច្រើននាក់​ ក៏បានទទួលស្កាល់ នឹង​ដឹងឮ​គ្រប់គ្នា​ថា ទីតាំដីរបស់លោ​ក សា លាង គឺពិត​ជាដីរបស់​គាត់​ប្រាកដមែន​តាំង​ពីមុនគាត់បើក​ការ៉ាស់​សាំង​ក្នុងអំឡុងទស្សវត្សន៍​ជា​ង៨០​មកម៉្លេះ​ ហើយទីតាំង​ផ្សារ​ក្រោលគោ​ចាស់​នៅ​ខាងក្រោយ​ដីលោក សា លាង ដែលទើប​ក​កើតក្រោយ​នេះទេ​ មានតូបលក់តិចតួចតែប៉ុណ្ណោះ ហើ​យ​ផ្ទះ​ប្រជាពលរដ្ឋក៏កើត​មុនផ្សារ​ផងដែរ​ ដោយ​បា​នរស់នៅ​កាន់កាប់និងអាស្រ័យផល​ជារៀងរហូតម​ក​មានការទទួលស្កាល់​ពីអាជ្ញា​ធរ​មូលដ្ឋាន​នឹងប្លង់​កម្មសិទ្ធិស្របច្បាប់​ត្រឹមត្រូវ​ ពុំដែល​មានបញ្ហាអ្វី​ជា​មួយ​លោកមេឃុំ​មុនៗ​ដែលជាអាណាព្យាបាល​នោះឡើយ​។​

ស្រាប់តែឥឡូវនេះ មេឃុំក្រោលគោ( ថ្មី )លោក​ ភោគ វណ្ណថន បែរជាប្តឹងប្រជាពលរដ្ឋ​រឿង​ដីផ្សារ​ក្រោលគោ​នេះទៅតុលាការ​ដោយមិនទទួលស្គាល់​ប័ណ្ណ​កម្មសិទ្ធិចាស់​(ប្លង់ស្លាបមាន់)​​ធ្វើឲ្យប្រជាពល​រដ្ឋមានការព្រួយបារម្ភ​ចំពោះ​បណ្តឹងលោកមេឃុំ​និងចំណាត់ការរបស់តុលាការ​ បើសិនជាតុលាកា​រ​ឯករាជ​គឺពិតជាផ្តល់ភាពយុត្តិធម៌​ដល់ប្រជាពលរដ្ឋ​។​ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋ​សង្ឃឹមជឿជាក់​ថាតុលាការនឹងរកយុត្តិធម៌​ឲ្យប្រពលរដ្ឋ​ ហើយ​ក៏​ដូ​ច​ជាការ​ស្នើសុំ​អង្វករ​យ៉ាងទទូចដល់​ថ្នាក់ដឹកនាំ​ ប្រ​មុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី មេត្តាជួយ​ដល់​ពួក​គាត់ជាប្រជាពលរដ្ឋ​ ដែលជាកូនចៅបានរស់នៅ​នឹ​ងអាស្រ័យផល​ជាបន្តទៀត​រហូតជីវិតចុងក្រោយ ព្រោះ​ពួកគាត់ខ្លះមានវ័យចំណាស់អាយុជាង៨០ឆ្នាំ​ទៅហើយ​។​

ជុំវិញរឿងរ៉ាវ​ភាពមិនប្រក្រតី​ចំពោះការផ្តល់សេវាសា​ធារណៈ​របស់លោក ភោគ វណ្ណថន មេឃុំ​ក្រោ​លគោ​ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង កំពុងទទួល​រងនូវការព្រមាន​យ៉ាងចាស់ដៃ​ពីសម្តេចក្រឡាហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ​ នឹងចាត់វិធានការ​ចំពោះមេឃុំ ស្មៀនឃុំណាដែ​លធ្វើអំពើផ្តេសផ្តាស​ហ៊ាន​ទារលុយពីប្រជាពលរដ្ឋ​បន្ថែម​ពេលពឹងពាក់​ធ្វើឯកសារផ្សេងៗ​ គឺត្រូវស្នើ​ដ​កតំណែងចោល​ព្រោះមិនបាន​បម្រើប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់​ដែលធ្វើសកម្មភាពមិនល្អ​ សម្តេច ស ខេង បញ្ជាក់ថា​មេឃុំ ស្មៀនឃុំ​គឺជាម​ន្ត្រីមុខងារ​សាធារណៈ​ ដូច្នេះ​ក្រសួងមហាផ្ទៃ​ជាអ្នក​ដោះដូរបាន​និងជាអ្នកតែងតាំង​ មិនមែនជាស្រុក​ ឬខេត្តជាអ្នកតែងតាំងនោះទេ។​

សូមប​ញ្ជាក់ផងដែរ​ថា កន្លងមកក្រុមការងារ​ថ្នាក់ខេ​ត្ត​ចុះ​សិក្សា​ទីតាំង​ដីនេះ​រួចរាល់អស់ហើយ​ តែពុំទា​ន់​មាន​វិធានការ​បន្តនៅឡើយ​ ដូច្នេះ​ក្រសួងមហាផ្ទៃ​សូម​ស្នើឯកឧត្តម​អភិបាលនៃគណៈអភិបាលខេត្តស្វា​យ​រៀង​សុំឲ្យពិនិត្យឡើងវិញ​នឹងជម្រុញ​ដោះស្រា​យករណីខាងលើនេះ ស្របតាមច្បាប់​និងលិខិ​តប​ទដ្ឋាន​ជាធរមាន​។​

ប្រជាពលរដ្ឋក៏​សូមជម្រាបបន្ថែមទៀត​ថា ក្រោយពីក្រុមការងារចម្រុះដែលបា​នចុះមកវាស់វែងដីនៅផ្សារក្រោលគោ​ជាលើកទី២​កាលពីពេលថ្មីៗនេះ ក៏​ពុំទាន់បានដឹងពីលទ្ធផល​ស​ម្រេចនៅឡើយទេ​ ប៉ុ​ន្តែលោក ភោគ វណ្ណថន មេ​ឃុំ​ក្រោលគោល​បាននិ​យាយថា រឿងនេះស្ថិតនៅលើ​តុលាការជាអ្នក​ស​ម្រេចក្តី​​។​ ស្រាប់តែរំលងបាន​ពីរ​បីថ្ងៃ​មក​នេះ មានករណីលួចដុតខ្ទមនិង​តូបចា​ស់​ៗ​ដែល​នៅជាប់​នឹង​ដីរបស់លោក សា លាង ពីខា​ង​ក្រោយក្បែរផ្សារ ប​ណ្តាលឲ្យឆេះអស់គ្មាន​សល់​ដោ​យពុំបានដឹងពីមូ​​លហេតុអ្វី​នោះឡើយ៕​

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com