ខេត្តបាត់ដំបង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេ ចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្នុងជំនួបអ្នកសារព័ត៌មាននៅមជ្ឈបណ្ឌលសន្និសីទកោះពេជ្រ រាជធានីភ្នំពេញថា បើមន្ត្រី រដ្ឋមន្ត្រី ចៅហ្វាយខេត្ត-ក្រុង ស្នងការណាក៏ដោយឲ្យតែមិនចេះតាមដានមើលរឿងរ៉ាវដែលទាក់ទងនឹងស្ថាប័ន ឬស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងបំពេញតួនាទីរបស់ខ្លួន ហើយដែលប្រជាពលរដ្ឋរាយការណ៍ ប្រជាពលរដ្ឋស្នើសុំ ប្រជាពលរដ្ឋគាត់ចង់បានអ្វី? ក៏ដូចជាសារព័ត៌មានបានចុះផ្សាយគិះគន់ក្នុងន័យស្ថាបនា ដាស់តឿនជារឿយៗ នៅតែមិនចេះមើល មិនចាប់អារម្មណ៍នោះ សម្តេចនឹងកូពីអត្ថបទរបស់សារព័ត៌មានដែលគេបានផ្សាយរឿងហ្នឹង រួចបាញ់តាមតេឡេក្រាមនិងវ៉តអាប់ចូលទៅកាន់លេខអស់លោកនោះតែម្តង។ ដើម្បីបន្តអនុវត្តន៍នូវអភិក្រមទី៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបញ្ជាក់ថា “ខ្ញុំគិតថា រឿងយើងល្មមដល់ពេលហើយ ប្រសិនបើស្អីក៏អនុសាសន៍ ចុះបើអត់អនុសាសន៍ហ្នឹង!វាងាប់អី។ តំណែងគេឲ្យទៅធ្វើហើយ ធ្វើតាមបទបញ្ជា ឬធ្វើតាមច្បាប់ ដូចជាតួនាទីអភិបាលខេត្ដ តួនាទីអភិបា លស្រុក តួនាទីរដ្ឋមន្រ្ដី ត្រូវបានចែងក្នុងអនុក្រឹត្យ ឬព្រះរាជក្រឹត្យ ឬក៏ក្នុងច្បាប់ ជាពិសេសក្នុងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្ដទៅអស់ហើយ”។ ក៏ដូចជាសមត្ថកិច្ចនគរបាលជាតិដែលមានតួនាទីជាអ្នកប្រតិបត្តិច្បាប់ ជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។ បើធ្វើមិនបានទេ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រកាសចាត់វិធានការផ្លូវច្បាប់នឹងត្រូវតែដកតំណែង មន្ត្រីរដ្ឋ ឬអភិបាលខេត្តរូបនោះចោលតែម្តង។
ប្រជាពលរដ្ឋរាយការណ៍ថាទីតាំងបនល្បែងភ្នាល់ទឹកភ្លៀង បង្កប់ដោយ បៀរ អាប៉ោង ជល់មាន់ នឹងគ្រឿងញៀនចំនួនពីរកន្លែង កំពុងបើកដំណើរការលេងបានដោយរលូន ដែលគ្មានសមត្ថកិច្ចណាចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាតាមអនុសាសន៍និងបទបញ្ជារបស់ថ្នាក់ដឹកនាំនោះឡើយ ហើយបែរជាមន្ត្រីក្រោមឱវាទ ហាក់ព្រងើយកន្តើយមិនយកចិត្តទុកដាក់ចំពោះការអនុវត្តច្បាប់ក៏ដូចជាការអនុវត្តតាមបទបញ្ជាទាំងនោះទេ ទើបប្រជាពលរដ្ឋរិះគន់ចំៗថា លោក ងួន រតន: អភិបាលខេត្តបាត់ដំបង អាចទំនងជាអ្នកបើកដៃឲ្យមានបនល្បែងភ្នាល់ទឹកភ្លៀងដាក់លុយ និងលេងបៀរ អាប៉ោង និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលលួចបើកលេងនៅភូមិសំរោង២ សង្កាត់អូរចារ ចុះណុចវាលស្រែ១០០ និងនៅក្បែរវត្តដូនប៉ុក ក្រោយផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយគ្មានសមត្ថកិច្ចណាចុះទៅបង្រ្កាបសំបុកបនល្បែងទាំងពីរកន្លែងដែលជារបស់លោក តាល់ នេះទេ។
កាលពីពេលថ្មីៗកន្លងមកនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដល់លោកអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ឈប់ឲ្យកើតមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទ បើនៅមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យនិងដើម្បីធ្វើការបង្រ្កាបឲ្យខាងតែបាន។ សម្តេច ស ខេង ថ្លែង ព្រមានថា មន្ត្រីមួយចំនួនគឺជាមន្ត្រីឱកាសនិយម បើឡើងធ្វើធំដើម្បីតែអំណាចខ្លួន និងការពារផលប្រយោជន៍ខ្លួនឯងមិនបាច់ឡើងក៏បានដែរ បើអ្នកខ្លាចនិងមិនទទួលយកការរិះគន់មានវិធីមួយ ដើម្បីចៀសសវាងការរិះគន់ គឺកុំនិយាយអ្វីទាំងអស់ កុំធ្វើអ្វីទាំងអស់ និងឈប់ក្លាយជាអ្វីទាំងអស់ ព្រោះមន្ត្រីល្អគេស្មោះសរនឹងការងារគឺជាអម្រែកបន្ទុក ឯមន្ត្រីអាក្រក់មិនស្មោះត្រង់នឹងការងារគឺជាការត្រេកត្រអាលពីលាភសក្ការ:។
មេខ្លោងម៉ាស់ហ្វីយ៉ាបនល្បែងភ្នាល់ទឹកភ្លៀងជាន់ផ្អៀងខេត្តបាត់ដំបងដល់ថ្នាក់ហ្នឹងហើយ មើលទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាមួយនឹងលោក អួន តាល់ ម្ចាស់ទីតាំងបើកល្បែងសុីសងភ្នាល់ទឹក ភ្លៀង អាប៉ោង បៀរ ជល់មាន់ និងអបាយមុខគ្រឿ ងញៀនទាំងពីរកន្លែងនេះបានបើកដំណើរការយ៉ាងរលូន ប្រហែលជាអាចបានឃុបឃិតត្រូវដងត្រូវផ្លែគ្នាអស់ហើយ ទើបបានជាមិនហ៊ានធ្វើការបង្ក្រាប? បើទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋយ៉ាងណាក្តី ក៏ដូចជាអង្គភាពសារព័ត៌មានគេហទំព័រMSKnewsយើងបានធ្វើការផ្សព្វផ្សាយជាច្រើនលេខមកហើយក៏នៅតែគ្មានចំណាត់ការតាមផ្លូវច្បាប់ទាល់តែសោះ ធ្វើឲ្យមហាជនឆ្ងល់ៗៗៗៗៗ…អត់ខ្លាចឆ្លងជំងឺកូវីដ១៩អីទេគិតតែមកជួបជុំគ្នាលេងល្បែងស៊ីសងខុសច្បាប់បែបនេះបានយ៉ាងរលូនទៀតផង ឬមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធពិតជាបានទទួលសំណែនសំណូកពីថៅកែបនល្បែងទឹកភ្លៀងរបស់លោក តាល់ រូចរាល់គ្រប់គ្នាអស់ទៅហើយមែនទេ? ។
អ្នកដឹងហេតុការណ៍ខ្លះនិយាយថា ក្នុងរដូវកាលចា ក់លុយភ្នាល់មេឃនេះ ជារៀងរាល់ឆ្នាំ គេបានសង្កេតឃើញថា ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងរបស់លោក តាល់ ដែលកំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងរដូវវស្សានេះធ្វើឲ្យអ្នកញៀននឹងល្បែងទឹកភ្លៀងនៅក្នុងខេត្តបាត់ដំបង ក៏កំពុងត្រូវប៉ាន់យ៉ាងពេញបន្ទុកតែម្តង ដែលការលេងល្បែងនេះបានធ្វើឲ្យជះឥទ្ទិពលអាក្រក់ដល់សង្គមជាតិ ដូចជាករណីលួច ឆក់ ប្លន់ ឃាតកម្ម អំពើហឹង្សា កើតឡើងពីល្បែងស៊ីសង ព្រោះទីតាំងបនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងរបស់លោក តាល់ នេះគឺជាប្រភពបង្កើតឲ្យមានបទល្មើសនៅក្នុងខេត្តបាត់ដំបង ដែលបានធ្វើឲ្យរំខានសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅ ដោយសារការបើកលេងល្បែងភ្នាល់ទឹកភ្លៀងនេះជារៀងរាល់ឆ្នាំមកហើយ គឺលេងយ៉ាងចំហរគ្មានអ្វីលាក់បាំងនោះឡើយ ហើយមិនដែលមានការបង្ក្រាបរបស់អាជ្ញាធរនិងកំលាំងសមត្ថកិច្ចខេត្តបាត់ដំបងបានម្តងណាទេ។
គួរកត់សំគាល់ថា ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនេះគេសង្កេតឃើញ មានការដាក់សៃយ៉ឺន ដែលភាសាអ្នកលេងល្បែង គេហៅថា ជញ្ជីងស៊ីសងភ្នាល់ទឹកភ្លៀង ហើយគេប្រើប្រាស់វិទ្យុទាក់ទង ប្រកាសភ្នាល់គ្នាដូចធ្លាប់បានអនុវត្តរាប់ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋរស់នៅក្បែរទីតាំងបនល្បែងទឹកភ្លៀងរបស់លោក (តាល់) នេះនិយាយថា អ្នកលេងទឹកភ្លៀងគេភ្នាល់គ្នាចាក់ធំៗណាស់ គឺរាប់រយ រាប់ពាន់ដុល្លារឯណោះ មានអ្នកលេងខ្លះដល់ថ្នាក់លក់ផ្ទះលេងក៏មានដែរ ដោយសារតែចាញ់នឹងការភ្នាល់នេះ ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវភ្លៀង អ្នកដែលញៀនល្បែងភ្នាល់ទឹកភ្លៀងគេតែងមកជួបជុំនៅតាមហាងកាហ្វេ និងកន្លែងទីតាំងផ្ទាល់ ដើម្បីដេញថ្លៃគ្នាពីអ្នកទិញដុំ(ជាគីឡូ) គិតតម្លៃអាចស្មើ ១០០០$ សន្មត់ស៊ីសងគ្នា ១កៅស៊ូ ឬ ១ម៉ឺនដុល្លារ និងលក់រាយ(ជាខាំ) ស្មើ១០០$ ស៊ីមួយសង១០ បាន១០០០$ គឺទៅតាមចំនួនទឹកលុយអ្នកចាក់ជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះនៅទីតាំងទរទឹកភ្លៀងរបស់លោក តាល់ នោះក៏មានការលេងល្បែងជាច្រើនប្រភេទទៀតដូចជាបៀរ អាប៉ោង ជល់មាន់ នឹងគ្រឿងញៀន ជាដើម ។ល។
ប្រភពបែកធ្លាយបានឲ្យដឹងថា ម្ចាស់ទីតាំងល្បែង ស៊ីសងភ្នាល់ទឹកភ្លៀងដែលគេមិនហ៊ានចាត់ការបង្ក្រាបនោះ ព្រោះមានមេធំម្នាក់ឈ្មោះ(តាល់ )ចាំបង់លុយឲ្យមេៗថ្នាក់លើអស់ហើយ គឺគេបង់ម្តងមួយរដូវកាលតែម្តង ហេតុនេះប្រជាពលរដ្ឋបាននិយាយចំៗថា លោក ងួន រតន: ចៅហ្វាយបាត់ដំបង បើគិតថាល្បែងមួយនេះ ជាល្បែងប្រឆាំងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលហើយ ហេតុដូចម្តេចបានជាមិនចេញបទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបអញ្ចឹង ? ឬមួយទុកសម្រាប់ឆ្នាំងបាយសេដ្ឋកិច្ចរៀងៗខ្លួនអស់ហើយ?។ បើយ៉ាងដូច្នេះមែ នច្បាស់ជាគេសង្ស័យថា លោក ងួន រតន: បានត្រូវថ្នាំសណ្តំរបស់មេបនល្បែងទឹកភ្លៀង(លោក តាល់)នេះកំពុងធ្វើឲ្យមានការលើកឡើងថា”ទន្សោងគោព្រៃតូចស៊ីតាមតូចធំស៊ីតាមធំ” ដែលអាចជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។
មជ្ឈដ្ឋានប្រជាពលរដ្ឋ បានអំពាវនាវស្នើសុំដល់អគ្គស្នងការនគរបាលជាតិ ឯកឧត្តមសន្តិបណ្ឌិត នេត សារឿន ,បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា រួមនឹងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បើសិនជាលោកមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ មេត្តាជួយពិនិត្យនិងចាត់វិធានការបង្រាបជាបន្ទាន់ផង…! ដើម្បីពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពជូនដល់ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល
ដោយត្រូវតែអនុវត្តន៍តាមកណ្តាប់ដៃដែកដើម្បីមានវិធានការចាត់កម្លាំងជំនាញចុះមកត្រួតពិនិត្យនៅកន្លែងទីតាំងលេងល្បែងរបស់លោក អួន តាល់ នេះតែម្តង ដើម្បីជាការឆ្លើយតបចំពោះបទបញ្ជាដ៏ស្រួចស្រាល់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដល់លោកអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវបញ្ឈប់មិនឲ្យកើតមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទ បើនៅមានកន្លែងណាទៀត អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យនិងដើម្បីធ្វើការបង្រ្កាបឲ្យខាងតែបាន។
អង្គភាពគេហទំព័រ MSKnews យើងពុំអាចទំនាក់ ទំនងជាមួយភាគីពាក់ព័ន្ធណាមួយបានទេខណ: ពេលនេះ អង្គភាពយើងនឹងរង់ចាំទទួលព័ត៌មានបន្ថែមទៀតពីគ្រប់មជ្ឈដ្ឋាននានារៀងរាល់ម៉ោងធ្វើការ៕