0

ស្តេចក្រាញ់​ជំនួញឈើ សឹង សំអុល ជាប់ឈ្មោះក្នុងបញ្ជីខ្មៅ​ចាត់ទុក សៅ សុខា ខ្លាំងជាងសម្តេចតេជោហ៊ុន សែន​?

ខេត្តមណ្ឌលគិរី​៖ ​ថ្មីៗនេះតាមសេចក្តី​រាយការណ៍​ពីប្រជាពលរដ្ឋបានឲ្យដឹងថា​មេឈ្មូញឈើ សឹង សំអុល កំពុងសម្រុកដឹកជញ្ជូនឈើ​យកទៅលក់នៅវៀតណាម​ ដោយបានប្រើប្រាស់​រថយន្ត​យីឌុបវ៉េអងផ្លូវប្រាំ​រាប់សិបគ្រឿង​ដឹកជញ្ជូនចេញពីតំបន់​ដែនជម្រកសត្វព្រៃ​ភ្នំព្រេច​ យ៉ាងកក្រើកស្រុកកោះញែក​ដោយភាពរលូនបំផុត​ ព្រោះតែមន្ត្រីប្រចាំការ​នៅតំបន់​ដែនជម្រកសត្វព្រៃ​ដូចជាជំនាញបរិស្ថាន ជំនាញរដ្ឋបាលព្រៃឈើ​ក្នុងស្រុកកោះញែក​និងសមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បាននាំគ្នារក្សាភាពស្ងៀមស្ងាត់​ ទុកឲ្យមេឈ្មូញ សឹង សំអុល និងបក្ខពួករបស់ខ្លួន​ គឺមេឈ្មួញ ប៉ោ សំអឿន និងមេឈ្មួញ តុប វីដា កាប់ឈើ អារច្រៀក​ឈើ និងដឹកជញ្ជូនឈើ​ចេញទៅលក់នៅវៀតណាម​កាន់តែច្រើនឡើងថែមទៀត​ ចំណែកលោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន​ខេត្តមណ្ឌលគិរី​និងលោកអ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ក៏ត្រូវបានប្រជាពលរដ្ឋនិងមជ្ឈដ្ឋាន​ន​ានា​រិះគន់ថា​ ជាអ្នកឃុបឃឹតបើកដៃ​ឲ្យមេឈ្មួញ សឹង សំអុល ព្រមទាំងបក្ខពួក​បន្តបំផ្លាញព្រៃឈើ​ក្នុ​ងស្រុកកោះញែកយ៉ាង​មហន្តរាយ​នាពេលបច្ចុប្បន្ននេះ​។​
សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ សឹង សំអុល ប្រើប្រាស់​ រថយន្ត​យី​ឌុប​ធំៗ​រាប់សិបគ្រឿង​ដឹក​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរីនោះ​គឺ​នាំ​ចេញទៅប្រទេសវៀតណាម​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ មិនតែប៉ណ្ណោះ​​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​ក៏បាន​​ដឹកឈើ​តាម​រថយន្ត​យី​ឌុ​ប​ធំៗ​ចេញទៅ​វៀតណាម​​តាម​ច្រក​ម៉ឺន​ជ័យ និង​ច្រក​បន្ទាយ​ចក្រី ខេត្តព្រៃវែងផងដែរ​ ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ផ្ទុយទៅវិញ​មេ​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង ជាដើមគឺ​​សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ពី​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​ហើយ​ជួយ​សម្របសម្រួល​ឲ្យ​សកម្មភាព​ដឹកឈើ​របស់​ឈ្មួញ​ទាំងនេះ​ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​មេ​ឈ្មួញ សឹង សំអុល ដែលមាន​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់រដ្ឋាភិបាល​ដែល​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជា​ឲ្យគណៈកម្មការ​ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ​ស្រង់ឈ្មោះឧកញ៉ានិងមេឈ្មួញ​ឈើដាក់ចូលក្នុងបញ្ជីខ្មៅ​នាពេល​កន្លងមក​នោះ​កំពុង​បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី យ៉ាង​មហន្តរាយ​ហើយ​ដឹកជញ្ជូន​ឈើ​ទៅ​លក់នៅវៀតណាម​​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ សឹង សំអុល បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​ម្នាក់នេះ​និង​បក្ខពួក​ហ៊ាន​បន្ត​កាប់​ឈើ អារច្រៀក​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក យ៉ាង​ពេញបន្ទុក​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ក្នុងខណៈដែល​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ត្រឹម​ចេញ​បទបញ្ជា​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។ ការពិត​ក្រោយពេល​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បានធ្វើរបាយការណ៍​កុហកថ្នាក់លើថាគ្មានបទល្មើសព្រៃឈើនោះឡើយ​ ហើយក៏ត្រូវបាន​សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ចេញ​បទបញ្ជា​ទៅចៅហ្វាយខេត្ត​មណ្ឌលគិរី ដោយព្រមានខ្លាំងៗ​ឲ្យ​ធ្វើការ​បង្ក្រាប​បទល្មើស​ព្រៃឈើឲ្យខាងតែបាន​និង​​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់បំផុត​​នោះ គឺ​ព្រោះតែមេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​កាន់តែខ្លាំង​ក្លា​លើស​មុន​ ហើយមេឈ្មួញទុច្ចរិត​​សឹង សំអុល តាំង​ខ្លួនជាស្តេចក្រាញ់​មិនចុះចាញ់ជាមួយអ្នកណានោះទេ​ ដោយបានពោលពាក្យសម្តីថា​បើសៅ សុខា មិនចាប់អញ…! អាណាហ៊ានបញ្ជាឲ្យមកចាប់អញបាន​ វ៉ើយ​…បើអញ្ចឹងមែនច្បាស់ជា សៅ សុខា ខ្លាំងជាងសម្តេចតេជោហ៊ុន សែន ជាក់ជាមិនខានឡើយ​ ចាំមើលចុះ អ្នកណាខ្លាំងជាងអ្នកណាគង់តែដឹងទេ​?៕​

pabouch 

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com