0

ករណីទំនាស់ដីធ្លី​រវាងលោកឧកញ៉ា ស៊ី គង់​ទ្រី​វ​ ជាមួយនឹងប្រជាពលរដ្ឋ៤៩គ្រួសារកំពុងដង្ហោយរកសម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយ​បញ្ចប់តាមដីកាបញ្ជូនរបស់នាយកខុទ្ទកាល័យ លោក ហូ សិទ្ធី ល្មមដល់ពេលលោកជា សុផារ៉ា គួរធ្វើការវះកាត់ហើយ​….!

ខេត្តព្រះសីហនុ៖ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ដាក់បទបញ្ជាដ៏តឹងរ៉ឹងស្នើឲ្យលោកឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ឲ្យ​​រួសរាន់យ៉ាង​ឆាប់​បំផុត គឺ​ត្រូវតែ​ដោះស្រាយ​បញ្ចប់​បញ្ហា​ទំនាស់​ដីធ្លី​ជា​បន្ទាន់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ជាប់​គាំង​នៅ​ស្ទើរតែ គ្រប់​ទីកន្លែង​ទាំងអស់ ហើយ​មិន​ព្រម​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​នោះទេ ។ ជាក់ស្តែង​ដី​ការបញ្ជូន​របស់នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​គោរព​ជូន​ទៅលោក​ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយ​ កម្ម និង​សំណង់ រហូតមកដល់​ពេលនេះ​បាន​អូសបន្លាយ​ពេល​ជាង​​មួយ​ឆ្នាំ​ហើយគឺនៅតែមិន​ទាន់​ដោះស្រាយ​បញ្ចប់​ទៀត ខណៈដែលសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានជ្រាបច្បាស់អំពីរឿងនេះហើយ​ ទើបធ្វើការ​ព្រមាន​ដកតំណែង​ចៅហ្វាយខេត្ត និង​បាន​ប្រកាស​ដាក់​បទបញ្ជា​ឲ្យលោក​ ជា​ សុផារ៉ា ត្រូវតែ​ដោះស្រាយ​បញ្ចប់ករណី​ទំនាស់​ដីធ្លី​នេះ​ជាបន្ទាន់ ។​

តំណាង​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ពួកគាត់​បាន​រស់នៅ​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩០​មកម្ល៉េះ ហើយ​ស្រាប់តែ​ដល់​ឆ្នាំ​២០០៧ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក សាយ ហាក់ អតីតអភិបាលខេត្តព្រះសីហនុបាននាំកម្លាំងចម្រុះ​មក​ដេញ ប្រជាពលរដ្ឋ​ឲ្យ​ចាកចេញ​ដោយ​បង្ខំ​ឲ្យ​រុះរើ​សំណង់​លំនៅដ្ឋាន និង​ដុត​បំផ្លាញ​ផ្ទះសម្បែង​ឈូសឆាយ​កម្ទេចចោល​នូវ​ដំណាំ​របស់ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ពិតប្រាកដ​ទៅវិញ ទើប​ប្រជាពលរដ្ឋ​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត ព្រះសីហនុ តែ​ពុំ​មាន​ចំណាត់ការ​អ្វី​បន្តិច​សោះ ហើយក៏​បាន​អូសបន្លាយ​ពេល​ពី​មួយ​ខែ​ទៅ​មួយ​ខែ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទុកឲ្យ​ប្រជាពលរដ្ឋ​រងទុក្ខវេទនា​ទឹកភ្នែក​រ៉ាំរ៉ៃ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។​

សូមបញ្ជាក់ថា​ លោក​ ហូ សិទ្ធី នាយក​ខុ​ទ្ទ​កា ល័យ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ដីកា​បញ្ជូន​លេខ ១០៦០ ខ​.​ន​/០១៧ ចុះ​ថ្ងៃ​ទី ០៥ ខែកក្កដា ឆ្នាំ​២០១៧ ដោយ​គោរព ជូនលោក​ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជា​សមត្ថកិច្ច​ជូនលោក​រដ្ឋមន្ត្រី មេត្តា​ពិនិត្យលើ​លិខិត​ចុះ​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ​២០១៧ របស់​ឈ្មោះ គង់ សាវុធ​, សឿង សាង​, យៀង រ៉េ​ន និង​ឈ្មោះ​មឿន កង ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៤៩​គ្រួសារ នៅ​ភូមិ​០៦ (​អតីត​ស្ពាន​ឆេះ​)​សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហ​ នុដោយបានស្នើសុំឲ្យជួយដោះស្រាយដីលំនៅដ្ឋាន​ទំហំ ៥៤.២០៤​ម៉ែត្រក្រឡា និង​ដីស្រែ​ទំហំ ៤០១.៦០០​ម៉ែត្រក្រឡា ដែលបាន​កាន់កាប់និង​​អាស្រ័យផល​តាំងពី​ឆ្នាំ​១៩៩០ រហូតមកដល់​បច្ចុប្បន្នហើយបែរជាមានភាពមិនប្រក្រតីដោយសារតែ​មាន​វិញ្ញាបនប័ត្រ​សម្គាល់ អចលនវត្ថុ​ឈ្មោះ ស៊ីវ គង់​ទ្រី​វ និង​ឈ្មោះ ហុង ស៊ួន នៅ​ឆ្នាំ​២០១១ នេះ​ទៅវិញ ។​

គួររំឭក​ថា ភាព​មិន​ប្រក្រតី​ក្នុង​ការចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​ទាំង១៩​ប័ណ្ណនិង​វិញ្ញាបនប័ត្រ​សម្គាល់ម្ចា​ស់​អចលនវត្ថុ​នេះ គឺ​នៅក្នុង​ដំណាក់​ការគ្រប់គ្រង​របស់​លោក សូ សុខ ធ្វើជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ ដោយសារតែ​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​មន្ត្រី​សុរិយោដី​ជាមួយ​អ្នកមាន​លុយ​មាន​អំណាច ដែល​លួច ចេញ​ប័ណ្ណ​ដោយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​នេះ​តាំងពី​ឆ្នាំ១៩៩០ បាន​ដឹង​ទាល់តែសោះ​ដូចនេះ​ដើម្បី​ផ្តល់​ភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋ​ទាំង៤៩​គ្រួសារ (ពួកគាត់)សង្ឃឹម​ជឿជាក់ទៅ​​លើ​បទ​បញ្ជា​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី ជា សុផារ៉ា ត្រូវតែដោះ​​ស្រាយ​បញ្ចប់​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្តព្រះសីហ​​​នុ​នេះ ឲ្យ​បាន​ឆាប់ៗ​នៅពេល​ខាងមុខ​នេះ ។​

ដោយឡែកប្រភព​បែកធ្លាយ​នៅក្នុង​ក្រសួង រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់កាល​ ពី​អំឡុង​ឆ្នាំ​២០១៧ លោកឧបនាយក​រដ្ឋមន្ត្រី​ ជា សុផារ៉ា បាន​មាន​ចំណាត់ការ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​នៅ​ទីតាំង​ដី​មាន​ទំនាស់​រវាង ប្រជាពលរដ្ឋ និង​លោក​ឧកញ៉ា ស៊ី គង់​ទ្រី​វ ប៉ុន្តែ​បែរជា​មន្ត្រី​ជំនាញ​ពុំបាន​ចុះទៅពិនិត្យ​នៅ​ចំណុច​ភូមិ​០៦ (​អតីត​ស្ពាន​ឆេះ​) សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នោះទេ ដែល​រហូត​មកដល់ពេលនេះ​ជាង​មួយ​ឆ្នាំ​ហើយ ក្រោយ​ពី​ដីកា​បញ្ជូនពីខុទ្ទកាល័យ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ធ្វើឲ្យ​​ប្រជាពលរដ្ឋ​ម្ចាស់​បណ្តឹង​លើកគ្នា​មក​តវ៉ា​ដល់​ក្រសួង​ជាថ្មីទៀត នា​ពេល​កន្លងមកនេះ ហើយ​ត្រូវបាន​មន្ត្រីរដ្ឋបាល​ផ្នែក​ទទួល​ពាក្យ​បណ្តឹង​ឆ្លើយថា មិនទាន់​មាន​មន្ត្រី​ចុះ​ទៅ​ទេ ព្រោះ​នៅ​ជាប់​ចុះ​ទៅ​ខេត្តផ្សេងៗ​ទៀត ចំណែក​មន្ត្រី​មួយចំនួន​ទៀត​ទំនង​ជា​បានដឹង​ច្បាស់​ហើយថាពិត​ជា​មាន​ការលាក់លៀមជាមួ​យ​មេៗ​ថ្នាក់លើ ទើប​ផ្តល់ឱកាស​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ កំពុងមាន​វិធានការ​រៀបចំ​ដី​ដោះដូរ ធ្វើ​ជា​ថ្នូរ​វិញ ដែល​ប្រជាពលរដ្ឋ​មិន​អាចទទួល​យកបានទេ ព្រោះ​ដី​នៅ​កន្លែង​ដែល​មាន​ទំនាស់​នោះ គឺជា​ដី​របស់​ពួក​គាត់​រស់នៅ​យូរហើយ ។​

ប្រជាពលរដ្ឋ​បានឲ្យ​ដឹងថា អាជ្ញាធរ​ខេត្តព្រះសី​​ហនុ​បាន​បញ្ជា​កម្លាំង​ឲ្យ​មក​ដេញ​ប្រជាពលរដ្ឋ​ទាំង៤៩​គ្រួសារ​ជា​ថ្មី​ម្តងទៀត កាលពី​ថ្ងៃ​ទី ០៧ ខែ​មេសា ឆ្នាំ​២០១៧ ដោយ​បាន​គម្រាមកំហែង​ប្រជាពលរដ្ឋ​មិន​ឲ្យ​តវ៉ា និង​បាន​ចាប់ខ្លួន​ដាក់គុក​ថែមទៀតផងព្រោះតែពួកមន្ត្រីពុករលួយទាំងនោះ​​សំអាង​លើ​វិញ្ញាបនប័ត្រ​សម្គាល់អ​ចលនវត្ថុ​ដែល​ម្ចាស់​ប័ណ្ណ​នោះ​មានឈ្មោះ ស៊ី គង់​ទ្រី​វ និង​ឈ្មោះ ហុង ស៊ួន មាន​ដី​រហូតដល់​ទៅ១០៦​ហិកតាជាន់​លើ​ដី​ប្រជាពលរដ្ឋ​រស់នៅ​តាំងពី​ឆ្នាំ​១៩៩០ជាប់លាប់​រហូតមក​មិនដែល​ឃើញ​មន្ត្រី​សុ​រិយោ​ដី​ចុះ​មក​វាស់វែង​ពី​ពេល​ណា​នោះ​ទេ ហើយក៏​មិន​ដែល​ឃើញ​បិទ​ប្រកាស​ផ្សាយ​ជា​សាធារណៈ​នោះដែរ​ ស្រាប់តែ​មាន​ប័ណ្ណ​សម្គាល់ សិទ្ធិ១៩​ប័ណ្ណ និង​មាន​វិញ្ញាបនប័ត្រ​សម្គាល់ម្ចា​ស់​អចលនវត្ថុ​ទៀត​នៅ​ឆ្នាំ​២០១១នេះ​ទៅវិញ ។​

​យោងតាម​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ប្រកាស​ជាសាធារ​ណៈ​ស្នើ​ឲ្យ​លោក​ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា គឺ​ត្រូវតែ​ដោះស្រាយ​បញ្ចប់​ជាបន្ទាន់​លើ​ករណី​ទំនាស់​ដីធ្លី​រវាងឧកញ៉ា ស៊ី គង់ទ្រីវ ជាមួយនឹង​ ប្រជាពលរដ្ឋ៤៩គ្រួសារ បើទោះបី​បញ្ហា​វិវាទ​នោះ​យូរ​ឆ្នាំ​ក៏​ដោយ ក៏​ក្រសួង​ត្រូវតែ​គាស់​រំលើង​យកមក​ដោះស្រាយ​ឲ្យ​ខាងតែបាន ព្រោះ​ជា​ការ​ថ្នាំងថ្នាក់​ដ៏​ធំ​មួយ​ដែល​អាច​ជា​ការខឹង​គោ​ទៅ​វាយរទេះ​ នេះហើយ​ក៏​ជា​ជម្រើស​របស់រដ្ឋមន្ត្រី ដែល​ប្រឈមមុខ​ទៅ​នឹង​ការដកហូត​តំណែង និងមិនអាចឲ្យមានឈ្មោះធ្វើជារដ្ឋមន្ត្រីតទៅទៀតបាន​នោះទេ ។​

ទន្ទឹមនឹងនេះផងដែរ ​ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ចំពោះ​រឿងរ៉ាវ​ទំនាស់​ដីធ្លី​រវាងលោកឧកញ៉ា ស៊ី គង់ទ្រីវ ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ទាំង៤៩​គ្រួសារ ដែល​បាន​ប្តឹង​ស្នើសុំ​ឲ្យ​មន្ត្រីជំនាញ​ក្រោមឱវាទទាំងអស់ត្រូវបង្ហាញពីភាពស្មោះត្រង់​យកចិត្តទុកដាក់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ សូមមេត្តា​ជួយ​ផ្តល់​ព័ត៌មានពិតៗ​ ជៀសវាង​ការ​មួលបង្កាច់​លាប​ពណ៌ គឺ​លុះត្រាតែ​មន្ត្រី​ក្រោម​ ឱវាទខិតខំធ្វើការងារឲ្យបានល្អជូនដល់ថ្នាក់ដឹកនាំក្រសួងសាមុី​ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បីងាយស្រួល​ដោះស្រាយ​បញ្ចប់​ករណី​ទំនាស់​ដីធ្លី​ខាងលើនេះ ឲ្យ​បាន​ជោគជ័យ​ជា​ស្ថាពរ ហើយ​ជា​ពិសេស​រឿងរ៉ាវ​ដែល​បង្ក​ឲ្យ​ មាន​ទំនាស់​ដីធ្លី កើតចេញពី​ភាព​មិន​ប្រក្រតី​របស់​អាជ្ញាធរខេត្តព្រះសីហនុ​និង​មន្ត្រី​ជំនាញ​ដែល​នៅ​ពេល​ដ៏​ខ្លី​នេះ លោក​​ ជា សុផារ៉ា ​ឧបនា​ យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដីនគរូប​​នីយកម្ម និង​សំណង់ ច្បាស់​ជា​មិន​ទុក​មុខមាត់​ឲ្យ​អស់លោកឃុបឃឹតគ្នាប្រព្រឹត្តអំពើពុករលួយ​តទៅ​ទៀត​នោះ​ទេ គឺ​ត្រូវតែ​ធ្វើការ​វះកាត់​ដំ​ប៉ៅ មហារីក​របស់​មន្ត្រី​ពុករលួយ​ទាំងអស់នោះហើ​យ ។​

ដូចនេះប្រជាពលរដ្ឋ​ មានក្តីសង្ឃឹមជឿជាក់​និងបានទទួលភាពកក់ក្តៅបំផុតចំពោះយន្តការរបស់រាជរដ្ខាភិបាល​សម្តេចតេជោហ៊ុន សែន ដែលបានបញ្ជាឲ្យ​ចៅហ្វាយ​ខេត្ត​ព្រះសីហនុ លោកយន្ត មីន ដែល​កំពុងមាន​ផែនការ​ជា​បន្តបន្ទាប់ ដោយសារ​តែ​ដី​ឡើងថ្លៃ​ក៏​ត្រូវ​បាន​បណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានរបស់ពួកគាត់​គឺដើម្បីយក​ដី​លក់ ទៅឲ្យ​ក្រុមហ៊ុន​ចិន។​ ហេតុដូច្នេះហើយទើបមានផែនការថ្មីៗបន្ថែមទៀត ស្របពេលដែលអាជ្ញាធរ​ជាមួយនឹង​មន្ត្រីជំនាញ​ នៅក្នុងខេត្តព្រះសីហនុ​ឃុបឃឹតគ្នា​ជាមួយលោកឧកញ៉ា ស៊ី គង់ទ្រីវ ធ្វើបាបប្រជាពលរដ្ឋទាំង៤៩គ្រួសារនោះគឺកាន់តែច្បាស់​ណាស់ហើយ​ថា អាជ្ញាធរខេត្ត​ព្រះសីហនុ​និង​មន្ត្រី​ជំនាញ​ ពិត​ជា” ទន្សោង​គោព្រៃ​ធំស៊ីតាមធំតូចស៊ីតាមតូច”​ មែន​​ប៉ុន្តែក៏កំពុងជាប់ឆ្អឹងទទឹងកហើយអស់លោកព្រោះ​ករណីដែលឧកញ៉ា ស៊ី គង់ទ្រីវ រំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋទាំង៤៩គ្រួសារនោះគឺស្ថិតនៅលើកណ្តាប់ដៃដែករបស់សម្តេចតេជោហ៊ុន សែន តែប៉ុណ្ណោះ​ ពីព្រោះគ្រាន់តែដីកាបញ្ជូនរបស់លោកហូ សិទ្ធី​រហូតមកទល់​នឹងពេលនេះហើយនៅ​​មិនទាន់​មានចំណាត់ការឲ្យមន្ត្រីចុះទៅពិនិត្យដោះស្រាយ ជូន​ដល់​ប្រជពលរដ្ឋ​ម្ចាស់​ដី​ពិតប្រាកដ​នៅឡើយ​ ហើយ​ថែមទាំង​ផ្អឹបសំណុំ​រឿង​ដែល​​អាជ្ញាធរ​និងមន្ត្រី​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា ស៊ី គង់ទ្រីវ​ និង​ក្រុមហ៊ុន​ចិននោះ ដោយមិនចាត់​កា​​រតាម​ផ្លូវច្បាប់​ ខណៈ​ពេល​នេះ​សម្តេចតេជោ​ហ៊ុន សែន​ បានស្នើឲ្យ​លោកជា សុផារ៉ា និងលោកយន្ត មីន ​ត្រូវតែ​ពិនិត្យ​ស្រាវជ្រាវ​​រក​ឃើញច្បាស់​ថា ពិតជា​ដី​របស់​ប្រជាពលរដ្ឋ​​មែន​​នោះគឺត្រូវតែដោះស្រាយប្រគល់ដីឲ្យប្រជាពលរដ្ឋ​ម្ចាស់​ដី​ដោយស្របច្បា​ប់​ឡើងវិញ ៕

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment
ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 10 06
អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net