ខេត្តត្បូងឃ្មុំ៖ តាមច្បាប់កាស៊ីណូគឺអនុញ្ញាតឲ្យតែជនបរទេសទេទើបអាចចូលលេងបាន ហើយដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីយកពន្ធប្រមូលថវិកាចូលរដ្ឋ ប៉ុន្តែអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមួយចំនួននៅមិនទាន់អនុវត្តន៍បាននៅឡើយ មិនតែប៉ុណ្ណោះបានបណ្ដែតបណ្ដោយឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូបានដោយសេរី ជាក់ស្តែងគឺទីតាំងកាស៊ីណូ”ភូមិយើង” អន្លុងជ្រៃនេះតែម្តង ហាក់ដូចជាកំពុងផ្គើននឹងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅវិញ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កាស៊ីណូភូមិយើងមួយនេះ បានបើកយ៉ាងចំហរឲ្យប្រជាពលរដ្ឋខ្មែរចូលទៅលេងយ៉ាងសប្បាយ កំពុងប្រឆាំងយ៉ាងខ្លាំងក្លាទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការយ៉ាងហ្មឺងម៉ាត់គឺតម្រូវឲ្យម្ចាស់កាស៊ីណូធ្វើការរារាំងមិនឲ្យប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងក្នុងនោះទេ ដើម្បីលើកកម្ពស់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើកាស៊ីណូភូមិយើងមានច្បាប់ទម្លាប់ត្រឹមត្រូវក៏ដោយហើយការបើកចំហរឲ្យប្រជាពលរដ្ឋខ្មែរចូលទៅលេងនោះ គឺជាសកម្មភាពមួយដែលកំពុងប្រព្រឹត្តផ្ទុយពីច្បាប់ ព្រោះតែបានអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងទាំងខុសច្បាប់នេះ ដើម្បីបន្លំភ្នែកថ្នាក់លើ គឹមានរយៈពេលជិត ៥ខែមកហើយនៅកាស៊ីណូភូមិយើងដែលមានទីតាំងស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង ដែលបានអនុម័តដោយរដ្ឋសភានៅក្នុងអំឡុងឆ្នាំ១៩៩៦បានចែងថា ការលេងល្បែងស៊ីសងទោះក្នុងទម្រង់ណាក៏ដោយសម្រាប់ប្រជាជនគឺជាអំពើខុសច្បាប់នៅកម្ពុជា។កាស៊ីណូទី១ត្រូវបានផ្តល់ឲ្យណាហ្គាវើលស្ថិតនៅកោះពេជ្រក្នុងរាជធានីភ្នំពេញ ដែលបានផ្តល់អាជ្ញាប័ណ្ណក្នុងឆ្នាំ១៩៩៤។ចាប់តាំងពីពេលនោះមកអាជ្ញាប័ណ្ណកាស៊ីណូត្រូវបានផ្តល់ដោយរដ្ឋាភិបាលមានល័ក្ខណ្ឌមួយចំនួននឹងប្រតិបតិ្តករកាស៊ីណូបានអនុវត្តគោលនយោបាយគ្មានប្រជាជនក្នុងស្រុកចូលលេងល្បែងក្នុងកាស៊ីណូដោយភា ពធូររលុងនោះទេ។
ប្រភពឲ្យដឹងថា កាស៊ីណូយីហោភូមិយើងនេះ មានលេងល្បែងច្រើនប្រភេទ ដូចជាល្បែងភ្នាល់ជល់មាន់ បៀរ អាប៉ោង យូគី បើកលេងយ៉ាងគគ្រឹកគគ្រេង ដែលគេសង្កេតឃើញមានពលរដ្ឋខ្មែរមកពីក្នុង ភូមិ ស្រុក ខេត្ត ក្រៅខេត្ត និងរាជធានី សម្រុកចូលមកលេងដូចហែរកឋិន ចាក់ភ្នាល់គ្នាដាក់លុយធំៗយ៉ាងសប្បាយអឺងកង ដោយគ្មានការត្រួតពិនិត្យពីសមត្ថកិច្ចមូលដ្ឋាននិងមន្ត្រី អាជ្ញាធរខេត្តឡើយ។
ក្រុមអ្នកញៀនល្បែងខ្លះ បានអះអាងថា ពួកគាត់មកលេងតាមកាលវិភាគគឺចាប់លេងរាល់ថៃ្ងជាពិ សេសថៃ្ងសៅរ៍និងថ្ងៃអាទិត្យមានអ្នកយកមាន់មកជល់សុទ្ធតែខ្មែរ ដោយជិះម៉ូតូ រថយន្តមកលេងល្បែងចាក់លុយភ្នាល់រាប់រយរាប់ពាន់និងរាប់ម៉ឺនដុល្លារ ឮតែសម្លេងហ៊ោកញ្ជ្រៀវលាន់ទ្រហឹងអឺងកង ដោយសំអាងថា កន្លែងបើកល្បែងនេះមានសុវត្ថិភាព គឺម្ចាស់កាស៊ីណូភូមិយើងមានខ្សែអ្នកធំ អ្នកមានអំណាចនៅពីក្រោយខ្នងដ៏រឹងមាំទៀតផង បើអញ្ចឹងមែននោះ តើគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនិងគម្លាតសង្គមការពារជំងឺឆ្លង កូវីដ១៩នៅត្រង់ណា?។
បើយ៉ាងដូច្នេះសួរថា តើមន្ត្រីជំនាញ ឬសមត្ថកិច្ច ថ្នាក់ណាទៅទើបអាចមានវិធានការត្រួតពិនិត្យ និងបង្ក្រាបបាន?បើត្រឹមថ្នាក់ខេត្តដែលជាអាជ្ញាធរ ជា អាណាព្យាបាលផ្ទាល់របស់ពលរដ្ឋមិនហ៊ានផងនោះ?ប្រជាពលរដ្ឋចោទប្រកាន់ថា អ្នកបើកទីតាំងល្បែងស៊ីសងខាងលើមិនត្រឹមតែមានខ្សែធំទេ និងម្យ៉ាងទៀតពួកគេបានរត់ការបិទមាត់មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំអស់ហើយ ទើបបានជាមិនហ៊ានចាត់វិធានការឬបង្ក្រាបបែបនេះ។
ករណីភាពមិនប្រក្រតីនៅទីតាំងកាស៊ីណូភូមិយើងពិតមិនធម្មតាមែន មានសន្តិសុខសុវត្ថិភាពល្អណាស់ ធ្វើឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ អធិការ ស្នងការ កងរាជអាវុធហត្ថ មិនហ៊ានមកសួរនាំអ្វីនោះឡើយ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសជាសាធារណៈហាមប្រាមមិនឲ្យប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងនៅក្នុងកាស៊ីណូនានាក៏ដោយក៏មានអ្នកញៀនល្បែងនិងម្ចាស់បនល្បែងបាននាំគ្នាបើកទ្វារចំហរស្វាគមន៍ឲ្យចូលទៅលេងជារៀងរាល់ថ្ងៃ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារនឹងអាចប៉ះពាល់ដល់សន្តិសុខសង្គមទាំងមូល ដោយសារតែក្រុមអ្នកចាញ់ល្បែងកើតគំនិតប្រព្រឹត្តបទល្មើសផ្សេងៗផងដែរ ដូចជាចោរលួច ឆក់ប្លន់ ឃាតកម្ម អំពើហឹង្សាជាដើម។ល។
អង្គភាពសារព័ត៌មានគេហទំព័រMSKnewsយើងសូមគាំទ្រជំហរដឹកនាំការងារបង្ក្រាបរបស់សមត្ថកិច្ច នឹងចូលរួមកិច្ចសហប្រតិបត្តិការណ៍ជានិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធ និងមជ្ឈដ្ឋាននានាផ្តល់ព័ត៌មានដើម្បីផ្សព្វផ្សាយបន្តនៅពេលក្រោយទៀត៕