0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យក្រុមប្រឹក្សាខេត្តព្រៃវែង សហការជាមួយគណៈអភិបាល ប្រែក្លាយខ្លួនជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល

ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានជំរុញឱ្យក្រុមប្រឹក្សាខេត្តព្រៃវែង សហការជាមួយគណៈអភិបាល ប្រែក្លាយជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល។ ក្នុងថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង។

យោងតាមព្រះក្រឹត្យព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមប្រឹក្សាខេត្តព្រៃវែង មានសមាសភាព ចំនួន ២៧រូប ក្នុងនោះឯកឧត្តម ស្បោង សារ៉ាត មានតំណែងជាប្រធានក្រុមប្រឹក្សា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលរួមអបអរសាទរឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តព្រៃវែង ជាមួយគណៈអភិបាលខេត្ត។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរម្លឹកអង្គពិធីថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណសំខាន់ ដូចជា ៖ ទី១. ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន ទី២. ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយបង្កើតឡើងនូវរដ្ឋបាលឯកភាព ដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរអោយទៅរដ្ឋបាលក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងទី៣. លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ដើម្បីឱ្យការបម្រើសេវាសាធារណៈ និងការអភិវឌ្ឍខេត្តព្រៃវែង ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ឆ្លើយតបទៅនឹងវត្ថុបំណងរបស់អង្គបោះឆ្នោតជាតំណាងប្រជាពលរដ្ឋ ដែលបានផ្តល់សេចក្តីទុកចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យក្រុមប្រឹក្សា និងគណៈអភិបាល ត្រូវពិគ្រោះយោបល់ និងពិភាក្សាអំពីការបែងចែកភារកិច្ចក្នុងការចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រកាសក្រុមប្រឹក្សាក្រុង ស្រុក ឱ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍ច្បាប់កំណត់ និងបន្តការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្មេងទំនើង ល្បែងស៊ីសង ការជួញដូរមនុស្ស អាវុធជាតិផ្ទុះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសគឺក្រុមប្រឹក្សា សហការជាមួយគណៈអភិបាល ត្រូវប្រែក្លាយខ្លួនជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល ពោលគឺលឿនរហ័ស មានប្រសិទ្ធភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាជនក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ បានចាប់ផ្ដើមជាប្រវត្តិសាស្ត្រនៅឆ្នាំ២០០៩ បន្ទាប់ពីកម្ពុជាបង្កើតនិងចាប់ផ្ដើមអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីឆ្នាំ២០០៨។ ក្រុមប្រឹក្សាទាំងនេះ ទទួលបានអំណាចក្នុងអាណត្តិ តាមរយៈការបោះឆ្នោតដោយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងនាមជាតំណាងពលរដ្ឋ។ ផ្អែកតាមលទ្ធផលជាផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានចំនួនសរុប ៤២០០រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៥៥៩រូប និងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មានចំនួន ៣ ៦៤១រូប៕

Filed in: ព័ត៌មានជាតិ, សង្គម, សន្តិសុខ

Leave a Reply

Submit Comment
ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 10
អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net