0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃជាវិជ្ជមាន និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការចូលរួមលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមាររបស់អង្គការយូនីសេហ្វ

ពីវេទិកាអធិបតីនៃពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ សហការរៀបចំដោយក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូនីសេហ្វ ជាមួយស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមារឱ្យកាន់តែមានប្រសិទ្ធភាព។

អង្គការយូនីសេហ្វ បានចាប់ផ្តើមធ្វើការដោយផ្ទាល់ជាមួយក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារ ចាប់ពីឆ្នាំ២០១៨មក។ អង្គការអន្តរជាតិមួយនេះ បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិស័យសុខាភិបាល កម្មវិធីអាហារូបត្ថម្ភ វិស័យទឹកស្អាត និងអនាម័យ មានទំហំថវិកាសរុបជាមធ្យមក្នុងរង្វង់ ២០លានដុល្លារ ក្នុងមួយឆ្នាំ។  នេះបើតាមរបាយការណ៍ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងសិក្ខាសាលាដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលានាថ្ងៃនេះ គឺជាការបន្តបេសកកម្មរវាងយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធមានការយល់ដឹងកាន់តែច្បាស់ និងគ្រប់ជ្រុងជ្រោយអំពី អភិក្រមនៃរដ្ឋបាលថ្នាក់ក្រោមជាតិ លើភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២៤ ដល់២០២៨ និងដើម្បីធានាឱ្យការអនុវត្តផែនការរំកិលរយៈពេល ២ឆ្នាំ២០២៤-២០២៥ និងផែនការឆ្នាំបន្តបន្ទាប់ប្រព្រឹត្តទៅដោយរលូន ដោយផ្ដោតលើខេត្តគោលដៅចំនួន ៦ រួមមាន ៖ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។

លោកបណ្ឌិត វីល ផាកស៍ នាយកអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការបន្តកិច្ចសហប្រតិបត្តិការនេះ និងបានបង្ហាញការកត់សម្គាល់ថា កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកម្ពស់សិទ្ធិកុមារ និងទទួលបានការវាយតម្លៃជាវិជ្ជមានពីអង្គការសហប្រជាជាតិផងដែរ។ លោកក៏បង្ហាញការកត់សម្គាល់អំពីយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក៏បានដាក់បញ្ចូលនូវយន្តការធានាការអភិវឌ្ឍធនធានមនុស្ស រួមទាំងគោលនយោបាយគាំពារកុមារ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះការគាំទ្រ កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ល្អរបស់អង្គការយូនីសេហ្វ ជាមួយរាជរដ្ឋាភិបាលកម្ពុជា កន្លងមក ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ត្រីជាម្តាយ និងកុមារ ព្រមទាំងជនងាយរងគ្រោះផ្សេងៗទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចីរភាព និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment
ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 10
អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net