0

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឲ្យបន្សុទ្ធកងកម្លាំងប្រដាប់អាវុធ កុំឱ្យមានគ្រឿងញៀន,បើរកឃើញកងកម្លាំងពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌ 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយប្រសិនបើរកឃើញថាកងកម្លាំងណាមានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។

សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងប្រដាប់អាវុធ ដែលជាមន្ត្រីអនុវត្តច្បាប់ ត្រូវតែធ្វើឱ្យល្អស្អាតស្អំ គ្មានពាក់ព័ន្ធនឹងគ្រឿងញៀន។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ​បិទ​សន្និ​បាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវទិសដៅមួយដែលយើងត្រូវធ្វើ ហើយខ្ញុំចេញថ្ងៃនេះ ខ្ញុំបានជជែកជាមួយឯកឧត្តម ស សុខា និងឯកឧត្តម ទៀ សីហា ដែរ គឺត្រូវបន្សុទ្ធកម្លាំងរបស់យើង ត្រូវបោសសំអាតគ្រឿងញៀន ចេញពីកងកម្លាំងប្រដាប់អាវុធត្រូវតែធ្វើមុនគេ ព្រោះអ្នកអនុវត្តច្បាប់ ត្រូវតែស្អាតមុនគេ»។

សម្តេចធិបតីបានថ្លែងថា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសរួចហើយថា មន្ត្រីនគរបាលណា ដែលធ្វើតេស្តរកឃើញគ្រឿងញៀន គឺត្រូវតែបណ្តេញចេញពីក្របខណ្ឌ។ ដោយឡែកសម្រាប់ក្នុងក្របខណ្ឌកងទ័ព ក៏មានការអនុវត្តបណ្តេញទាហានណា ដែលរកឃើញសារធាតុផងដែរ ចាប់តាំងពីឆ្នាំ​ ២០១៩មកម្ល៉េះ។

សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា ចំពោះកងកម្លាំងប្រដាប់អាវុធណា ដែលជួញដូរគ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌ និងប្រឈមចំពោះមុខច្បាប់៕

Filed in: គ្រឿងញៀន, ព័ត៌មានជាតិ, សង្គម, សន្តិសុខ

Leave a Reply

Submit Comment
ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 10
អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net