0

ឯកឧត្តម ស សុខា ៖ អគ្គនាយកដ្ឋានកីឡា ជាសេនាធិការ និងជាប្រតិបត្តិករមួយក្នុងការពង្រឹងវិស័យកីឡានៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា “អគ្គនាយកដ្ឋានកីឡា ជាសេនាធិការ និងជាប្រតិបត្តិករមួយក្នុងការពង្រឹងវិស័យកីឡានៅកម្ពុជា”។ ការថ្លែងបែបនេះនៅក្នុងឱកាសដែលឯកឧត្តម ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្នុងអនុវិស័យអប់រំកាយ និងកីឡា និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន នៃក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរ និងដឹងគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់អគ្គនាយកដ្ឋានកីឡា ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតី ក្នុងការបំពេញភារកិច្ចរបស់ខ្លួន សម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះឯកឧត្តម ស សុខា ក៏បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស និងគ្រឿងញៀន របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព”។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា អគ្គនាយដ្ឋានកីឡា ជាសេនាធិការ និងជាប្រតិបត្តិករមួយយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យកីឡា ឲ្យមានភាពរីកចម្រើន ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។ ហើយដើម្បីលើកកម្ពស់កិត្យានុភាពជាតិ យើងត្រូវតែពង្រឹងអនុវិស័យអប់រំកាយ និងកីឡានេះ ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតឧត្តមសិក្សា តាមរយៈកិច្ចសហប្រតិបត្តិការ និងគម្រោងវិនិយោគជាច្រើន។

ឯកឧត្តម ស សុខា ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជាយើង និងការកសាងសន្តិសុខប្រកបដោយភាពសុខដុម ដោយផ្អែកលើការគោរពគ្នា យោគយល់គ្នា ជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក និងចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបាននៅក្នុងរយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ ព្រមទាំងបន្តការគាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី៕អត្ថបទ ៖ សេង បូលីន រូបភាព ៖ សាន់ ផានិត

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment
ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 10
អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net