ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងថា ៖ “រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា បាននិងកំពុងដឹកនាំប្រទេសជាតិ បន្តអភិវឌ្ឍន៍រីកចម្រើនរឹងមាំលើគ្រប់វិស័យ”។ ឯកឧត្តម ស សុខា ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣ ៥១៤នាក់ ក្នុងស្រុកកំពង់ត្របែក នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់រាជរដ្ឋាភិបាល ដូចជា ៖ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ និងសំណង់សាធារណៈ បាននិងកំពុងអនុវត្តតាមគម្រោងផែនការដែលបានកំណត់ មិនមានការរាំងស្ទះ ដែលធ្វើឱ្យប្រទេសជាតិ បន្តអភិវឌ្ឍន៍រីកចម្រើនរឹងមាំលើគ្រប់វិស័យ។
ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា បន្ទាប់ពីសម្រេចបានជោគជ័យលើគម្រោងអភិវឌ្ឍន៍ផ្លូវគមនាគមន៍សំខាន់ៗតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ក្នុងនោះមានទាំងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅពេលបន្តបន្ទាប់ខាងមុខនេះ កម្ពុជាក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ក្នុងខេត្តស្វាយរៀង ជាប់ព្រំប្រទល់កម្ពុជា-វៀតណាម ដែលនឹងត្រូវឆ្លងកាត់ស្រុកកំពង់ត្របែក រួមទាំងគម្រោងដ៏មហិមាមួយទៀត គឺគម្រោងជីកព្រែកតភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្រ ដើម្បីបើកច្រកដឹកជញ្ជូនតាមផ្លូវទឹកជាប្រវត្តិសាស្រ្ត ក្រោមគម្រោងដែលមានឈ្មោះថា “គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់” ដើម្បីពង្រីកនូវវិសាលភាពប្រើប្រាស់ សក្ដានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈានទៅមួយកម្រិតថែមទៀត។ ឯកឧត្តម បានបន្តថា គម្រោងដ៏ធំអស្ចារ្យជាប្រវត្តិសាស្ត្រនេះ ប្រើពេល ៤ឆ្នាំ ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ។ ហើយគម្រោងនេះនឹងអាចលេចចេញជារូបរាងឡើងបាន លុះត្រាតែស្រុកទេស បន្តមានសុខសន្តិភាពដូចជាពេលបច្ចុប្បន្ននេះ ដែលយើងមិនអាចមើលរំលងបានឡើយនូវស្មារតីចូលរួមរបស់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ពិសេសការគាំទ្រពីប្រជាពលរដ្ឋក្នុងការថែរក្សាសុខសន្តិភាពនេះ។
ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់ថា សមិទ្ធផលខាងលើនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាពដ៏ពិតប្រាកដរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា នៅក្នុងការគ្រប់គ្រង ដឹកនាំប្រទេស ដោយមានគោលនយោបាយ យុទ្ធសាស្ត្រ ទស្សនៈវិស័យត្រឹមត្រូវច្បាស់លាស់ និងមានការដឹកនាំអនុវត្តយ៉ាងហ្មត់ចត់ ទើបប្រទេសយើង មានថវិកាគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ជាមួយគ្នាដែរនេះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង និងការសម្រេចបាននូវសមិទ្ធផលសង្គមលើគ្រប់វិស័យ បានធ្វើឲ្យប្រទេសយើង មានការប្រែប្រួលផ្លាស់ប្តូរមុខមាត់ថ្មីជាប្រវត្តិសាស្ត្រ ដោយបានប្រែក្លាយឋានៈកម្ពុជាពីប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុត មកកាន់ឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។
ជាមួយនឹងសមិទ្ធផលជាច្រើននេះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា សមិទ្ធផលទាំងនេះមិនមែនជាទីបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នោះឡើយ ពោលគឺរាជរដ្ឋាភិបាល បានត្រៀមខ្លួននិងបានដាក់ចេញនូវផែនទីបង្ហាញផ្លូវទៅលើវិស័យនានារួចហើយ ដើម្បីអោយនៅឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕អត្ថបទ ៖ សេង បូលីន រូបភាព៖សែត លីណា