ខេត្តកំពត៖ អង្គភាពគេហទំព័រMSKnewsចេញផ្សាយថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៨ ÷ សារព្រមានរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាគឺនៅតែមានសុពលភាពជាដរាបទៅលើមន្ត្រីក្រោមឱវាទដែលមិនត្រូវអាងប្រើអំណាចយកតួនាទីខ្លួនទៅធ្វើបាបប្រជាពលរដ្ឋក្រីក្រ ស្លូតត្រង់ ទន់ខ្សោយឬយកអំណាចទៅរំលោភយកដីកម្មសិទ្ធអ្នកដទៃនិងដីរបស់រដ្ឋដោយខុសច្បាប់នោះឡើយ ឆ្លើយតបទៅនឹងសកម្មភាពកើតមានឡើងនាពេលថ្មីៗកន្លងទៅនេះ ឧកញ៉ា តឹក ង៉ូយ អតីតជា(ប្រធានគណបក្ស)មួយកាលពីឆ្នាំ១៩៩៣ដែលបោះឆ្នោតចាញ់គេនិងជាអនុប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញដែលគេបោះឆ្នោតទម្លាក់ចោល ក្រោយពីការបរាជ័យផ្ទួនៗគ្នាបែបនេះរួចមក លោក តឹក ង៉ូយ ក៏បានបាត់ឈ្មោះបោះសម្លេងពីឆាកនយោបាយនិងក្រុមហ៊ុនផ្នែកពាណិជ្ជកម្មពុំមានអ្វីសេសសល់ទៀតនោះឡើយក្រៅតែពីនៅសល់គោរម្យងារជាឧកញ៉ាប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះក៏បានចូលខ្លួនមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ស្របពេលថ្នាក់ដឹកនាំមន្ត្រីរាជការនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងចុះយុទ្ធនាការឃោសនារកសម្លេងឆ្នោតផងនោះ លោកឧកញ៉ាដ៏មហិមារូបនេះបានឆ្លៀតឱកាសចំណាយលុយតិចយកផលចំណេញច្រើន ដោយបានយកថវិកាចំនួន១០០០ដុល្លារជួយដល់គណបក្សប្រជាជនកម្ពុជានៅឃុំព្រែកត្នោតធ្វើជាខែលក្នុងគោលបំណងមិនល្អ ដើម្បីស្រង់ដើមមកវិញយកផលចំណេញកប់ពពកប៉ុណ្ណោះ ព្រោះលោកឧកញ៉ាតឹក ង៉ូយ កំពុងប្រើយុទ្ធសាស្ត្របោះទុនតិចទទួលបានផលចំណេញច្រើនលើសលប់ហួសពីការស្មានដែលបានជួលកម្មករឲ្យកាប់បំផ្លាញព្រៃឈើធនធានធម្មជាតិរបស់រដ្ឋអស់រាប់រយហិកតាដើម្បីយកដីមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន?។
តាមសេចក្តីរាយការណ៍ពិសេសមួយបានឲ្យដឹងថាដីព្រៃដែលគ្រប់គ្រងដោយរដ្ឋមួយកន្លែងត្រង់ចំណុចហៅថាព្រែកច្ហូតស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត កំពុងត្រូវបានគេកាប់បំផ្លាញគ្មានសល់ទៀតទេនៅពេលខាងមុខនេះ ខណ:ដីព្រៃដែលគេបានកាប់ហើយនោះអស់រាប់រយហិកតាយកមកធ្វើជាកម្មសិទ្ធដោយខុសច្បាប់របស់ឧកញ៉ា តឹក ង៉ូយ ជាអ្នកមានឥទ្ធិពលម្នាក់អាងអំណាចទឹកប្រាក់រំលោកភបំពានកាត់យកដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនយ៉ាងងងើល តាមរយ:ការលះបង់ធនធានរបស់ខ្លួនបន្តិចបន្ទួចជួយជាតិដោយឆ្លៀតលួចយកផលប្រយោជន៍ជាធំផងនោះបានធ្វើឲ្យខូចឈ្មោះដល់បក្សព្រោះគ្រាន់តែលុយ១០០០ដុល្លារសោះបែរជាហ៊ានទៅទន្ទ្រានយកដីរដ្ឋអស់ជាច្រើនរយហិកតានៅចំណុចព្រែកច្ហូត ដែលការកាប់រានដោយល្មើសច្បាប់នេះកំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើនាក់រស់នៅតំបន់នោះបានសំដែងនូវការសោកស្តាយនិងហួសចិត្តនឹកស្មានមិនដល់ថាលោកឧកញ៉ាតឹក ង៉ូយ ដែលធ្លាប់ឮថាបានយកលុយមកជួយឧបត្ថម្ភដល់ក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជាឃុំព្រែកត្នោតចំនួន១០០០ដុល្លារនោះមានចរិកថោកទាបអញ្ចឹងសោះ..ទាន..!។
ប្រភពបានឲ្យដឹងថាដីព្រៃឈើរាប់រយហិកតាកំពុងរងនូវការវិនាសហិនហោចតែមួយប្រព្រិចភ្នែកក្រោមស្នារដៃអ្នកមានលុយមានអំណាចដែលបានធ្វើខ្លួនជាសប្បុរសជនឲ្យគេស្ញែងសរសើរដោយការបរិចាកប្រាក់កាសមួយចំនួនជួយដល់សង្គមតាមរយ:ការធ្វើអំណោយទានក្នុងផ្លូវមនុស្សធម៌ ផ្ទុយទៅវិញបង្កប់ដោយភាពពឹសពុលមហិច្ឆតាលោភលន់បន្លំលួចយកដីរដ្ឋអស់រាប់រយហិកតានៅចំណុចព្រែកច្ហូត ភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។
អ្វីគួរឲ្យអស់សំណើចដែលបានធ្វើឲ្យប្រជាជនភ្ញាក់ផ្អើលនោះ ដោយសាររកឃើញនូវអំពើរបស់ឧកញ៉ាដែលល្បីខាងរកស៊ីទិញដីលក់ដីម្នាក់នេះគឺអតីតៈមេគណបក្សនយោបាយបរាជ័យឈ្មោះ តឹក ង៉ូយ បានយកថវិកាចំនួន$១០០០(មួយពាន់ដុល្លារ)ជួយឧបត្ថម្ភដល់លោកប្រធានបក្សគណបក្សឃុំ ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មិនបានប៉ុន្មានថ្ងៃផងស្រាប់តែគេឃើញលោកឧកញ៉ារូបនោះបានឲ្យដៃស្ដាំឈ្មោះ ថា ង៉ន់, ឌី ,និងឡន បានហៅកម្មកររាប់សិបនាក់ឲ្យទៅកាប់ព្រៃដីរដ្ឋនៅចំណុចព្រែកច្ហូត ភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ដើម្បីលក់និងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានសំដែងនូវការិះគន់យ៉ាងខ្លាំងទៅលើទង្វើរបស់លោកឧកញ៉ាតឹក ង៉ូយ ជាមេឈ្មួញរកស៊ីទិញដីលក់ដីដោយមិនសុច្ចរិតយកលុយជួយបក្សបង្កប់គំនិតមហិច្ឆតាថែមទាំងប្រើអំណាចបំពានច្បាប់រំលោភយកដីរដ្ឋ សកម្មភាពនេះហើយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសដ៏ថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺប៉ះពាល់ដល់កិត្តិយសក្រុមការងារចុះជួយខេត្តកំពតហើយ ដែលលះបង់កម្លាំងកាយកម្លាំងចិត្តរួមទាំងថវិកា សម្ភារៈខិតខំចូលរួមចំណែកដើម្បីប្រជាជននិងប្រទេសជាតិបែរជាមានឧកញ៉ាតឹក ង៉ូយ បុគ្គលម្នាក់នេះយកលុយត្រឹមតែ១០០០ដុល្លារ(មួយពាន់ដុល្លារ)ជួយបក្ស(គណបក្សប្រជាជន)ធ្វើឲ្យខូចខាតដល់កិត្តិយសថ្នាក់ដឹកនាំក្នុងខេត្តកំពតដូចជាឯកឧត្តម នៃ ប៉េណា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត ឯកឧត្តម ប៉ែន ស៊ីម៉ន អនុប្រធាន ឯកឧត្តម ជាវ តាយ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពតនិងជាអភិបាលនៃគណ:អភិបាលខេត្តកំពតយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសកម្មភាពខាងលើនេះ ដែលមតិសារធារណជនក៏ដូចជាមន្ត្រីរាជការ និងប្រជាពលរដ្ឋសំណូមពរឲ្យឯកឧត្តមអភិបាលខេត្តកំពត មេត្តាមានវិធានការជាបន្ទាន់ចំពោះអ្នកបំពានច្បាប់រំលោភយកដីព្រៃរដ្ឋតាមច្បាប់ជាធរមាន។
ពាក់ព័ន្ធនឹងករណីកាប់បំផ្លាញព្រៃដីរដ្ឋយកមកធ្វើជាកម្មសិទ្ធរបស់លោកឧកញ៉ាតឹក ង៉ូយ កំពុងមានភាពរំជើបរំជួលដល់ថ្នាក់ដឹកនាំស្ថាប័នរដ្ឋមួយចំនួនដែលអាចជាប់វ័ន្តក ជាមួយនឹងមន្ត្រីគ្រាប់ល្ពៅស្ងោរក្នុងការឃុបឃឹតលាក់បាំងរបាយការណ៍បង្កប់ដោយអំពើពុករលួយ ខណ:ដីព្រៃរដ្ឋរាប់រយហិកតាត្រូវបានគេកាប់ក្លាយជាវាលរហោស្ថានអស់ទៅហើយបែរជាអាជ្ញាធរនិងមន្ត្រីជំនាញមួយចំនួននោះ អាងឆ្លើយថាពុំបានដឹងមែនទេ?
បញ្ហាទាំងអស់នេះគឺជាបន្ទុកទទួលខុសត្រូវដោះស្រាយរបស់អាជ្ញធរខេត្តកំពត ដែលមិនគួរបណ្តែតបណ្តោយទុកឱកាសឲ្យជនខិលខូចរួមដៃគ្នាបំផ្លិចបំផ្លាញព្រៃដីរដ្ឋពីសំណាក់ឧកញ៉ាតឹក ង៉ូយ ដែលបានយកលុយតិចតួចជួយបក្សមកស្ទូចយកផលប្រយោជន៍ដ៏មហាសាលបែបនេះឡើយ ព្រោះប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជាភាគច្រើនគឺមិនត្រូវការដាច់ខាតជាមួយបុគ្គលមិនស្មោះត្រង់នឹងបក្សធ្វើឲ្យខូចឈ្មោះដល់បក្ស បំផ្លាញបក្សនោះបានឡើយ។
ប៉ុន្តែប្រភពដាច់ដោយឡែកមួយបានឲ្យដឹងផងដែរថាករណីរំលោភយកដីរដ្ឋខាងលើនេះពុំបានជាប់ពាក់ព័ន្ធជាមួយលោកឧកញ៉ាតឹក ង៉ូយនិងក្រុមការងារបក្ស(គណបក្សប្រជាជន)នោះទេ គេគ្រាន់តែបង្ហើបថាលោកឧកញ៉ាតឹក ង៉ូយ និងលោកលី ង៉ាន់ដែលជាប្រធានក្រុមការងារជួយបម្រើនិងទិញដីជូនក្រុមហ៊ុនវិនិយោគចិនមកពីខេត្តសាន់ទុងដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
ទោះជាយ៉ាងណាអង្គភាពគេហទំព័រMSKnewsយើងនឹងព្យាយាមស្វែងរកនូវព័ត៌មានថ្មីៗបន្ថែមទៀតមកធ្វើការចេញផ្សាយនៅពេលក្រោយ៕បឋម.