0

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) តំណាងដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានទូលថ្វាយសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ខួប ៧០ យាងចូល ៧១ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ។

សារលិខិតថ្វាយព្រះពររបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានទូលថ្វាយយ៉ាងដូច្នេះថា ៖ ទូលព្រះបង្គំតាងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីបន្តគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍តរៀងទៅ។

សារលិខិតដដែលបានបន្តថា ទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាតសម្តែងនូវអភិវន្ទន៍កិច្ចប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងសព្វព្រះរាជហាឫទ័យ យកអស់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជបេសកកម្ម និងព្រះរាជបូជនកិច្ចក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តម នៃជាតិមាតុភូមិ ធានាបានយ៉ាងរឹងមាំនូវឯករាជ្យ ឯកភាពជាតិ កិត្យានុភាព អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

សារលិខិតថ្វាយព្រះពររបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានបន្តទៀតថា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះដែរ ទូលព្រះបង្គំសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី សូមជួយប្រោះព្រំ និងប្រសិទ្ធពរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment
ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 10
អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net