0

ចាំមើលៗ…ថាតើមន្ត្រីឃុំ-សង្កាត់ណាខ្លះដែលធ្វើប័ណ្ណសមធម៌គ្មានតម្លាភាពជូនពលរដ្ឋក្រីក្រក្រោយរកឃើញជាង៤,៤០០ប័ណ្ណត្រូវបានដកហូតរួចនឹងអាចទទួលរងនូវចំណាត់ការធ្ងន់ធ្ងរពីកណ្តាប់ដៃនាយករដ្ឋមន្រ្តី…?

(ភ្នំពេញ)៖ ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន តែងតែក្រើនរំឭកដាស់តឿនជារឿយៗ ប្រាប់ទៅដល់មេឃុំ-ចៅសង្កាត់មួយចំនួនឲ្យបានជ្រាបថា ការធ្វើប័ណ្ណសមធម៌គឺត្រូវឲ្យមានតម្លាភាព និង​សុច្ចរិត​ភាព ក្នុង​ការ​ផ្តល់​សេវា​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ពីរដ្ឋាភិបាលឲ្យបានទៅដល់ពលរដ្ឋក្រីក្រពិតប្រាកដ ដែលមន្ត្រី អាជ្ញាធរមូលដ្ឋានត្រូវធ្វើឲ្យបានច្បាស់លាស់និងហ្មត់ចត់បំផុត កុំចែកតែបក្ខពួក ឬដាក់បញ្ចូល​សាច់ញាត្តិ បងប្អូន កូនក្មួយ​ខ្លួនឯង ដែល​មិនមែន​ជា​គ្រួសារ​ក្រីក្រ នឹង​ងាយ​រង​គ្រោះ​ពិតប្រាកដ ដើម្បី​ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​នេះ។

បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងផែនការ បានមាន ប្រសាសន៍​ថា ប័ណ្ណ​ក្រីក្រ​ចំនួន​ជាង​៤,៤០០​ប័ណ្ណ​នេះ យើង​រក​ឃើញ​ជាង​៩០០​ប័ណ្ណ​ទៀត ខណៈ​កាលពី​ស​ប្តា​ហ៍​មុន រក​ឃើញ​ចំនួន​ជាង ៣,៥០០​ប័ណ្ណតែ​ប៉ុណ្ណោះ ។ ហើយមានជាង​៤,៤០០ គ្រួសារដែល​បន្លំ​ធ្វើ​គ្រួសារ​ក្រីក្រ​នេះ គឺ​មន្ត្រី​ក្រសួងផែនការ​រក​ឃើញ​នៅ​ពេល​ចុះ​ទៅ​ផ្ទាល់​ធ្វើ​បច្ចុប្បន្នភាព​តាម​គ្រួសារ​ក្រីក្រ​ទាំងអស់​នោះ នា​កំឡុង​ពេល​ជំងឺ​កូ​វី​ដ​-១៩ ទាំង​ជុំ​ទី​១ និង​ទី​២ ក្នុង​ចំណោម​គ្រួសារ​សរុប​ប្រមាណ​ជាង​៦១​ម៉ឺន​គ្រួសារ ស្មើនឹង​ប្រមាណ ២, ៤៨០,០០០​នាក់ នៅ​ទូ​ទាំង​ប្រទេស។គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ក្រសួងផែនការបានធ្វើការ​ដក​ប័ណ្ណ​សម​ធ​ម៌ (​ប័ណ្ណ​ក្រីក្រ​) ពី​គ្រួសារ​ដែ ល​មាន​ជីវភាព​ប្រសើរ​បាន​ចំនួន​ជាង ៤,៤០០​ប័ណ្ណ​មក​វិញដែល​បាន​បន្លំ​ធ្វើ​ជា​គ្រួសារ​ក្រីក្រ ដើម្បី​ទទួល​បាន​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល។

ពាក់ព័ន្ធ​ករណី​បន្លំ​ធ្វើ​ជា​គ្រួសារ​ក្រីក្រ​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្លាប់​បាន​ថ្លែង​ព្រមាន​ចាត់វិធានការ​ក្ដៅ ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន គឺ​មេ​ភូមិ និង​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ ប្រសិនបើ​រក​ឃើញ​ថា នៅ​ក្នុងភូមិ និង​ឃុំ​/​សង្កាត់​មួយ​ណា មាន​ករណី​មិន​ប្រក្រតីក្នុង​ការ​ផ្ដល់​សាច់ប្រាក់ជូន​ពលរដ្ឋ​ក្រីក្រ​នោះ។

គួររំឭកថា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញសង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​៣០ មិថុនា​ឆ្នាំ២០២០ នេះ​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ខ្ញុំ​បាន​ប្រកាស​ដាក់​ឲ្យប្រើ​ជា​ផ្លូវការ​នូវ “​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩”​។ ដើម្បី​ធានា​ថា បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​ជួប​បញ្ហា​លំបាក​ពិតប្រាកដ ទទួល​បាន​នូវ​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល គឺ​ការងារ​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ នេះ​មាន​សារ:សំ ខាន់​ខ្លាំង​ណាស់។

សម្ដេច​តេ​ជោ បន្ត​ថា ការងារ​នេះ គឺ​ត្រូវ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​អាជ្ញាធរ​មូលដ្ឋាន គឺ​មេ​ភូមិនិងក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ដែល​ត្រូវ​តែ​ធ្វើ​ឲ្យបាន​ច្បាស់លាស់ និង​ហ្មត់ចត់​បំផុត។ ដូច្នេះ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​តម្លាភាព និង​សុច្ចរិត​ភាព ក្នុង​ការ​ផ្តល់​សេវា​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ខ្ញុំ​សូម​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ពិសេស​ចំពោះ​អ្នក​អនុវត្ត​ផ្ទាល់​នៅ​តាម​ឃុំ​- សង្កាត់​ទាំងអស់ គឺ​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​បំពេញការងារ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ខ្ជាប់ខ្ជួន​បំ ផុត គឺ​ត្រូវ​ចៀសវាង​ដាច់ខាត នូវ​ការ​ឃុបឃិ​ត​គ្នា​ដាក់​បញ្ចូល​សាច់ញាត្តិ បងប្អូន កូនក្មួយ​ខ្លួនឯង ដែល​មិនមែន​ជា​គ្រួសារ​ក្រីក្រ នឹង​ងាយ​រង​គ្រោះ​ពិតប្រាកដ ដើម្បី​ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​នេះ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បញ្ជាក់​ច្បាស់​ៗថា”ខ្ញុំ​នឹង​ចាត់វិធានការ​ណ៍​ក្តៅ ហើយនឹង​មិន​មានការ​លើកលែង​ឡើយ ប្រសិនបើ​រក​ឃើញ​ថា នៅ​ក្នុងភូមិនិង​ឃុំ​/​សង្កាត់​មួយ​ណា មាន​ករណី​មិន​ប្រក្រតី​នេះ​កើត​មាន​ឡើង​”។ ស្រាប់តែឥឡូវ​រក​ឃើញ​ភាពមិនប្រក្រតីជាង​៤,៤០០​គ្រួសារ​បន្លំ​ធ្វើ​ជា​ក្រីក្រ ចាំមើលៗ…ថាតើមន្ត្រីឃុំ-សង្កាត់ណាខ្លះដែលធ្វើប័ណ្ណសមធម៌គ្មានតម្លាភាពជូនពលរដ្ឋក្រីក្រក្រោយរកឃើញជាង៤,៤០០ប័ណ្ណនេះត្រូវបានដកហូតរួចមកនឹងអាចទទួលរងនូវចំណាត់ការធ្ងន់ធ្ងរពីកណ្តាប់ដៃនាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយជៀសមិនផុតឡើយ៕

 

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com