0

កុំចេះតែហ៊ានអាងខ្នងអាងខ្សែ ធ្វើហួសតួនាទី កៀបគេស៊ីលែងឆ្ងាញ់ហើយ…មន្ត្រីនគរបាលខេត្តព្រៃវែង០៧នាក់ត្រូវបានដកបញ្ឈរជើង

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង០៧នាក់ ដែលបានប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ដោយផ្អាកការងារបណ្តោះអាសន្ន តាមសេចក្តីសម្រេចលេខ ៤៩០សសរ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ពាក់ព័ន្ធនឹងការសម្រេចដល់វិន័យចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដោយសារតែ៖

១,នៅរសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និងនាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារទាំង០៦ ស្ថិតនៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលពាក់ព័ន្ធនឹងករណីនគរបាលខេត្តព្រៃវែងបង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀន រួចដោះលែងត្រឡប់ទៅផ្ទះវិញជាថ្នូរនិងការទទួលប្រាក់។

២,កាលពីថ្ងៃទី២០ ខែកក្កដា វេលាម៉ោង ២០ និង ៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន០២នាក់ដោយអំពើហិង្សាកើតឡើងបង្កឲ្យមានរបួសស្នាម។ ហើយក្រោយមកបានប្រគល់ជនទាំង០២នាក់នោះឲ្យឱពុក-ម្តាយដើម្បីយកទៅគ្រប់គ្រង និងអប់រំបន្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់ទៀតផង៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com