0

ត្រៀមខ្លួនឲ្យហើយទៅមន្ត្រីខិលខូច សម្តេចតេជោ ហ៊ុន សែន ប្រកាសវះកាត់កម្ចាត់ចោល ចំពោះអ្នកជាប់ពាក់ព័ន្ធពុករលួយធ្វើបាបរាស្ត្ររឿងដីធ្លី…

រាជធានីភ្នំពេញ៖ អនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាទៅគ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវកាត់តំបន់មានប្រជាពលរដ្ឋរស់នៅចេញឲ្យផុតពីផែនទីគម្របព្រៃឈើ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកាត់ឲ្យប្រជាពលរដ្ឋរស់នៅជារឿងមួយត្រឹមត្រូវ លើកលែងតែកាត់ដីទៅលក់ឲ្យឯកជន មិនអត់អោនឲ្យជាដាច់ខាត។

យោងតាមទំព័រ Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ បានចេញបទបញ្ជាទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី គឺត្រូវតែកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម…ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា កន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានប្រជាពលរដ្ឋ បានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។ សម្តេចតេជោ បន្តថា នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋឲ្យភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំឲ្យពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមន៍ខ្លះនៅជិតៗដើម្បីជាប្រយោជន៍សហគមន៍រស់នៅផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះស្រាយឲ្យដាច់ស្រេចក្នុងពេលតែប៉ុន្មានខែខាងមុខ ដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើឲ្យបានហ្មត់ចត់ និងត្រឹមត្រូវបំផុត ។ ចំពោះប្លង់រឹងដែលបានធ្វេីដោយអំពេីឃុបឃិតទុច្ចរិតនោះ គឺនឹងត្រូវរំលាយចោលវិញ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ៗថា មន្ត្រីខិលខូចឃុបឃិតគ្នាយកដីរដ្ឋ និងដីពលរដ្ឋ ត្រូវទ ទួលទោសធ្ងន់ធ្ងរបំផុត ហើយឈានដល់ការបណ្តេញចេញពីបក្សថែមទៀត។ ដូចសាធារណ:ជនបានឃើញស្រាប់កាលពីពេលថ្មីៗនេះ សម្តេចតេជោ បានដកគ្រវែងចោល អភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាគំរូស្រាប់ ហើយសំណុំរឿងនោះមិនទាន់ចប់នៅឡើយទេ តើអ្នកណាខ្លះដែលជាប់ពាក់ព័ន្ធនឹងរឿងមិនប្រក្រតីនោះ? យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម នឹងសូមមានចិត្តអាណិតអាសូរពលរដ្ឋយើងគ្រប់ទីកន្លែង។

សូមបញ្ជាក់ថា ករណីវិវាទដីធ្លីនៅស្រុកគាស់ក្រឡរវាងឧកញ៉ា សង ថន នឹងប្រជាពលរដ្ឋ បានក្លាយទៅជាព្រឹត្តិការណ៍កក្រើក និងចាប់អារម្មណ៍ខ្លាំងក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរក្នុងសប្តាហ៍កន្លងទៅនេះ។ បញ្ហាវិវាទដីធ្លីនេះ នាំឲ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់តំណែងអភិបាលស្រុកគាស់ក្រឡលោក ម៉ៅ សុចាន់។ ជាមួយគ្នានេះ លោកឧកញ៉ា សង ថន និងអភិបាលរងខេត្តបាត់ដំបងម្នាក់ គឺលោក ស៊ូ រ៉ាហ្វាត់ មានតួនាទីជាអភិបាលរងខេត្ត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅមកសួរនាំផងដែរ។

សូមជម្រាបថា មន្ត្រីខិលខូចដែលបានរិះរកកលល្បិចនិងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញ ដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់ គឺនឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ជាពិសេសអំពេីបាប​ នឹងទទួលផលកម្មធ្ងន់ធ្ងរពីកណ្តាប់ដៃនាយករដ្ឋមន្រ្តី យ៉ាងដូច្នេះថា «រឿងដីធ្លីត្រូវតែជំរះគ្នាម្តង… ពេលនេះជាពេលដែលត្រូវធ្វើការវះកាត់ហើយ»៕msk.

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com