0

អាមេរិក៖ លោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការពារជាតិជជែកតឹងសរសៃកដាក់គ្នារឿងបញ្ជូនទាហានមកបង្ក្រាបបាតុករ

(សេតវិមាន):ប្រមុខមន្ទីរបញ្ចកោណរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ បានទាត់ចោលគំនិត ក្នុងការប្រើប្រាស់កងទ័ពដើម្បីបង្ក្រាបការតវ៉ានៅទូទាំងសហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធទី៣មិថុនា បន្ទាប់មកបានប្តូរចិត្តវិញលើការដកផ្នែកខ្លះនៃកងអនុសេនាធំទ័ព អាកាសលេខ៨២ ចេញពីការប្រុងជើងការ នៅក្នុងការប៉ះទង្គិចគ្នាមិនធម្មតារវាង យោធាអាម៉េរិកនិងអគ្គមេបញ្ជាការរបស់ខ្លួន។

ទាំងលោកត្រាំនិងរដ្ឋមន្ត្រីការពារជាតិ លោក ម៉ាក អេស្ពើ ក៏បានរងការរិះគន់ ជាសាធារណៈដ៏កម្រពីសំណាក់លោក ជីម ម៉ាតទីស ជារដ្ឋមន្រ្តីក្រសួងការពារជាតិ ដំបូងបង្អស់របស់លោកត្រាំផងដែរ នៅក្នុងប្រតិកម្មអវិជ្ជមានជាសាធារណៈបំផុតលើ តំណែងប្រធានាធិបតីរបស់លោកត្រាំពីសំណាក់បុរស ដែលលោកបានតែងតាំង ឱ្យកាន់ការងារយោធាដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក។

ការរិះគន់របស់លោកម៉ាតទីស ធ្វើឡើងបន្ទាប់ពីលោកត្រាំគំរាមប្រើយោធា “ត្រួតត្រា” តាមផ្លូវនានា ដែលពលរដ្ឋអាម៉េរិកកំពុងធ្វើបាតុកម្ម បន្ទាប់ពីមរណភាពរបស់លោកចច ផ្លយ ជាបុរសស្បែកខ្មៅ ដែលស្លាប់នៅពេលមន្រ្តីប៉ូលិសស្បែកសម្នាក់យកជង្គង់ សង្កត់ករបស់គាត់អស់ជាច្រើននាទី។ ប្រធានាធិបតីបានជំរុញឱ្យអភិបាលនានា កោះហៅឆ្មាំជាតិមករារាំងការតវ៉ាដែលបានប្រែទៅជាអំពើហិង្សា ហើយបានព្រមានថា គាត់អាចបញ្ជូនកងកម្លាំងយោធាសកម្ម ប្រសិនបើពួកគេមិនធ្វើតាម។

លោកអេស្ពើបានធ្វើឱ្យលោកត្រាំខឹងកាលពីព្រឹកថ្ងៃពុធ នៅពេលលោកនិយាយថា លោកជំទាស់នឹងការប្រើកម្លាំងយោធាសម្រាប់ការអនុវត្តន៍ច្បាប់ ដែលហាក់ដកចង្កូម​ចេញពីការគំរាមកំហែងរបស់ប្រធានាធិបតីក្នុងការប្រើប្រាស់ច្បាប់ស្តីពីការបះបោរ។ លោកអេស្ពើនិយាយថា ច្បាប់ឆ្នាំ ១៨០៧ គួរតែត្រូវបានដកមកប្រើនៅក្នុងសហរដ្ឋ​អាម៉េរិក “នៅក្នុងស្ថានភាពបន្ទាន់និងធ្ងន់ធ្ងរបំផុត”។ លោកបានបន្ថែមថា “យើងមិនបានស្ថិតក្នុងស្ថានភាពមួយក្នុងចំណោមស្ថានភាពទាំងនោះទេឥឡូវនេះ”។

បន្ទាប់ពីលោកអេស្ពើបានមកកាន់សេតវិមាន មន្ទីរបញ្ចកោណបានបដិសេធភ្លាមៗ​នូវសេចក្តីសម្រេចចិត្តមុននេះដើម្បីបញ្ជូនទាហានសកម្មពីររយនាក់ពីទីក្រុងវ៉ាស៊ីនតោនឌីស៊ីត្រឡប់ទៅមូលដ្ឋានវិញ ដែលជាសញ្ញានៃភាពតានតឹងខ្លាំងឡើងជាសាធារណៈ​ជាមួយសេតវិមានចំពេលមានការរិះគន់កាន់តែខ្លាំងឡើងថា មន្ទីរបញ្ចកោណ​កំពុងត្រូវបានគេយកមកធ្វើនយោបាយដើម្បីឆ្លើយតបទៅនឹងការតវ៉ា។

អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិលោកម៉ាតទីស បាននិយាយរិះគន់​ទាំងលោកត្រាំនិងលោកអេស្ពើនៅក្នុងអត្ថបទមួយនៅក្នុងកាសែត The Atlantic កាលពីថ្ងៃពុធសម្រាប់ការពិចារណារបស់ពួកគេអំពីការប្រើប្រាស់យោធាសកម្មក្នុងការអនុវត្តន៍ច្បាប់និងសម្រាប់ការប្រើប្រាស់ឆ្មាំជាតិក្នុងការបោសសម្អាតការតវ៉ាដោយ​សន្តិវិធី​នៅជិតសេតវិមានកាលពីល្ងាចថ្ងៃចន្ទទី១មិថុនាកន្លងទៅ។

ដោយសំដៅលើសម្រង់សម្តីរបស់លោកអេស្ពើនិងលោកត្រាំ លោកម៉ាតទីស​បានសរសេរថា «យើងត្រូវតែបដិសេធរាល់ការគិតយកទីក្រុងរបស់យើងធ្វើជា “សមរភូមិ” ដែលយោធាក្នុងឯកសណ្ឋានរបស់យើងត្រូវបានកោះហៅឱ្យមកត្រួតត្រា។ ការធ្វើយោធូបនីយកម្មលើការឆ្លើយតបរបស់យើង ដូចដែលយើងបាន​ឃើញជាក់ស្តែងនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានបង្កើតជម្លោះលើជម្លោះមិនពិត​រវាងសង្គមយោធានិងសង្គមស៊ីវិល”។

ប៉ុន្មានថ្ងៃមុន លោកអេស្ពើបានបញ្ជាឱ្យកងទ័ពប្រហែល ១៣០០ នាក់ត្រឡប់​ទៅកាន់មូលដ្ឋានយោធានៅក្រៅរដ្ឋធានីរបស់ប្រទេសនេះវិញ ខណៈលោកត្រាំ​បានថ្លឹងថ្លែងថាតើត្រូវដកមកប្រើនូវច្បាប់ស្តីពីការបះបោរឬយ៉ាងណា និង បានបញ្ជូនកងទ័ពសកម្មចូលទៅក្នុងរដ្ឋធានី កន្លែងដែលឈុតឆាកតវ៉ាដ៏ធំបានប្រែ​ទៅជាអំពើហិង្សានិងការលួចប្លន់កាលពីចុងសប្តាហ៍។ ប៉ុន្តែបន្ទាប់ពីភាពស្ងប់ស្ងាត់​មួយរាត្រីក្រោយការដាក់ពង្រាយកងទ័ពឆ្មាំជាតិយ៉ាងច្រើននិងភ្នាក់ងារអនុវត្តច្បាប់​​ ប្រ​ដាប់អាវុធគ្រប់ដៃ ពួកមន្ត្រីការពារជាតិបាននិយាយថាកងទ័ពនឹងចាប់ផ្តើម​ត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ។

លោក រ៉ាយអែន ម៉ាកខាធី អ្នកនាំពាក្យយោធាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា​ការសម្រេចចិត្តបញ្ជូនទ័ពត្រឡប់ទៅមូលដ្ឋានវិញ​ត្រូវបានលុបចោលវិញ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកអេស្ពើទៅកាន់​សេតវិមាន។ សេតវិមានមិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺថាតើលោកត្រាំបានបញ្ជាឱ្យផ្លាស់ប្តូរការសម្រេចចិត្តនេះឬយ៉ាងណានោះទេ៕

Filed in: សន្តិសុខ, អន្តរជាតិ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com