ខេត្តបាត់ដំបង៖ ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់រាជធានី-ខេត្តទាំងអស់គឺហាមដាច់ខាតកុំឲ្យពលរដ្ឋជួបជុំផ្តុំគ្នាទាំងហ្វូង ដើម្បីទប់ស្កាត់ការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ ( COVID.19) ដល់ពលរដ្ឋទូទៅនៅតាមសហគមន៍។ ផ្ទុយទៅវិញគេបានសង្កេតឃើញថា យ៉ាងហោចណាស់មានមនុស្សរាប់ពាន់នាក់ បានចូលលេងយ៉ាងសប្បាយ ដោយសេរី ក្នុងមួយថ្ងៃៗ មិនដែលឃើញសមត្ថកិច្ចចុះទៅបង្ក្រាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងរបស់លោក តាល់ នេះបានម្តងណាឡើយ ដែលបញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋមាន ការងឿងឆ្ងល់ថា ចុះហេតុអ្វីបានជាចៅហ្វាយខេត្តបាត់ដំបង លោក ងួន រតន: និងជាប្រធានគណ: បញ្ជាការឯកភាពខេត្តទាំងមូល បែរជាព្រងើយកកន្តើយចំពោះបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីយ៉ាងដូច្នេះអញ្ចឹង? ធ្វើឲ្យម ហាជនមានការងឿងឆ្ងល់និងដាក់ជាសំណួរថាតើអាជ្ញាធរនិងសមត្ថកិច្ចខេត្តបាត់ដំបង អនុវត្តន៍តាមកណ្តាប់ដៃដែក ឬអនុវត្តន៍កណ្តាប់ដៃជ័រ….! ចំពោះមេខ្លោងបនល្បែងទឹកភ្លៀងរបស់លោក តាល់?។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបញ្ជាក់ថា “ខ្ញុំគិតថា រឿងយើងល្មមដល់ពេលហើយ ប្រសិនបើស្អីក៏អនុសាសន៍ ចុះបើអត់អនុសាសន៍ហ្នឹង!វាងាប់អី។ តំណែងគេឲ្យទៅធ្វើហើយ ធ្វើតាមបទបញ្ជា ឬធ្វើតាមច្បាប់ ដូចជាតួនាទីអភិបាលខេត្ដ តួនាទីអភិបាលស្រុក តួនាទីរដ្ឋមន្រ្ដី ត្រូវបានចែងក្នុងអនុក្រឹត្យ ឬព្រះរាជក្រឹត្យ ឬក៏ក្នុងច្បាប់ ជាពិសេសក្នុងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្ដទៅអស់ហើយ”។ ក៏ដូចជាសមត្ថកិច្ចនគរបាលជាតិដែលមានតួនាទីជាអ្នកប្រតិបត្តិច្បាប់ ជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។
តាមសេចក្តីរាយការណ៍ឲ្យដឹងថា បនល្បែងភ្នាល់ទឹកភ្លៀង និងបៀរ អាប៉ោង ដ៏ធំបំផុតមួយដែលគេស្គាល់ថា ចាក់ស្តើងស៊ីក្រាស់ប្រវាស់នឹងមេឃនៅក្រោមការចាត់ចែងរបស់ឈ្មោះ តាល់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននឹងកំពុងតែបើកលេងយ៉ាងគឃ្លើន ក្រោមក្រសែភ្នែក អាជ្ញាធរសង្កាត់ ក្រុង និងសមត្ថកិច្ចខេត្តបាត់ដំបង បានមើលរំលង… តើមកពីមូលហេតុអ្វីទៅ ? ហើយគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពត្រូវបានជាន់ពន្លិចដល់កម្រិតណា? បើបនល្បែងមួយនេះនៅតែបន្តវត្តមានលើទឹកដីខេត្តបាត់ដំបងនោះ ។
ប្រភពបានឲ្យដឹងថា បច្ចុប្បន្ន បនល្បែងភ្នាល់ទឹក ភ្លៀងនេះគឺមានពីរទីតាំង ១-ស្ថិតនៅចំណុចវាល ស្រែ១០០ ក្នុងភូមិសំរោង២ សង្កាត់អូរចារ ក្រុងបាត់ដំបង ២- ស្ថិតនៅចំណុចក្រោយផ្សារភូពុយ ក្បែរវត្តទួលដូនប៉ុក ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងបើកលេងយ៉ាងរលូន ក៏ព្រោះតែអ្នកម៉ៅការកាងល្បែងភ្នាល់ទឹកភ្លៀង បានចំណាយប្រាក់ក្នុងមួយរដូវៗ រាប់សិបម៉ឺនដុល្លារ សម្រាប់បង់សេវាឲ្យសមត្ថកិច្ច អាជ្ញាធរ និងស្ថាប័នមួយចំនួននោះ ដោយបានឮគេហៅល្បែងភ្នាល់ទឹកភ្លៀងនេះថា ជាល្បែងភ្នាល់ប្រវត្តិសាស្ត្រ ចាក់លុយភ្នាល់មេឃ ដែលកំពុងតែប្រឆាំងនឹងបទ បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម ន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកដឹងហេតុការណ៍ខ្លះនិយាយថា ក្នុងរដូវកាលចាក់លុយភ្នាល់មេឃនេះ ជារៀងរាល់ឆ្នាំ គេបានសង្កេតឃើញថា ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងរបស់លោក តាល់ ដែលកំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងរដូវវស្សានេះធ្វើឲ្យអ្នកញៀននឹងល្បែងទឹកភ្លៀង នៅក្នុងខេត្តបាត់ដំបង ក៏កំពុងត្រូវប៉ាន់យ៉ាងពេញបន្ទុកតែម្តង ដែលការលេងល្បែងនេះបានធ្វើឲ្យជះឥទ្ទិពលអាក្រក់ដល់សង្គមជាតិ ដូចជាករណីលួច ឆក់ ប្លន់ ឃាតកម្ម អំពើហឹង្សាកើតឡើងពីល្បែងស៊ីសង ព្រោះទីតាំងបនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងរបស់លោក តាល់ នេះគឺជាប្រភពបង្កើតឲ្យមានបទល្មើសនៅក្នុងខេត្តបាត់ដំបង ដែលបានធ្វើឲ្យរំខានសេចក្តីសុខសាន្តរបស់ប្រជា ពលរដ្ឋទូទៅ ដោយសារការបើកលេងល្បែងភ្នាល់ទឹកភ្លៀងនេះជារៀងរាល់ឆ្នាំមកហើយ គឺលេងយ៉ាងចំហរគ្មានអ្វីលាក់បាំងនោះឡើយ ហើយមិនដែលមានការបង្ក្រាបរបស់អាជ្ញាធរនិងកំលាំងសមត្ថកិច្ចខេត្តបាត់ដំបងបានម្តងណាទេ។
គួរកត់សំគាល់ថា ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនេះគេសង្កេតឃើញមានការដាក់សៃយ៉ឺន ដែលភាសាអ្នកលេងល្បែងគេហៅថា ជញ្ជីងស៊ីសងភ្នាល់ទឹកភ្លៀង ហើយគេប្រើប្រាស់វិទ្យុទាក់ទង ប្រកាសភ្នាល់គ្នាដូចធ្លាប់បានអនុវត្តរាប់ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋរស់នៅក្បែរទីតាំងបនល្បែងទឹកភ្លៀងរបស់លោក (តាល់) នេះនិយាយថា អ្នកលេងទឹកភ្លៀងគេភ្នាល់គ្នាចាក់ធំៗណាស់ គឺរាប់រយ រាប់ពាន់ដុល្លារឯណោះ មានអ្នកលេងខ្លះដល់ថ្នាក់លក់ផ្ទះលេងក៏មានដែរ ដោយសារតែចាញ់នឹងការភ្នាល់នេះ ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវភ្លៀង អ្នកដែលញៀនល្បែងភ្នាល់ទឹកភ្លៀងគេតែងមកជួបជុំនៅតាមហាងកាហ្វេ និងកន្លែងទីតាំងផ្ទាល់ ដើម្បីដេញថ្លៃគ្នាពីអ្នកទិញដុំ(ជាគីឡូ) គិតតម្លៃអាចស្មើ ១០០០$ សន្មត់ស៊ីសងគ្នា ១កៅស៊ូ ឬ ១ម៉ឺនដុល្លារ និងលក់រាយ(ជាខាំ) ស្មើ១០០$ ស៊ីមួយសង១០ បាន១០០០$ គឺទៅតាមចំនួនទឹកលុយអ្នកចាក់ជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះនៅទីតាំងទរទឹកភ្លៀងរបស់លោក តាល់ នោះក៏មានការលេងល្បែងជាច្រើនប្រភេទទៀតដូចជាបៀរ អាប៉ោង ជល់មាន់ នឹងគ្រឿងញៀន ជាដើម ។ល។
ប្រភពបែកធ្លាយបានឲ្យដឹងថា ម្ចាស់ទីតាំងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងដែលគេមិនហ៊ានចាត់ការបង្ក្រាបនោះ ព្រោះមានមេធំម្នាក់ឈ្មោះ(តាល់ )ចាំបង់លុយឲ្យមេៗថ្នាក់លើអស់ហើយ គឺគេបង់ម្តងមួយរដូវកាលតែម្តង ហេតុនេះប្រជាពលរដ្ឋបាននិយាយចំៗថា លោក ងួន រតន: ចៅហ្វាយខេត្ត បាត់ដំបង បើគិតថា ល្បែងមួយនេះ ជាល្បែងប្រឆាំងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលហើយ ហេតុដូចម្តេចបានជាមិនចេញបទបញ្ជា ឲ្យកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបអញ្ចឹង ? ឬមួយទុកសម្រាប់ឆ្នាំងបាយសេដ្ឋកិច្ចរៀងៗខ្លួនអស់ហើយ?។ បើ
យ៉ាងដូច្នេះមែនច្បាស់ជាគេសង្ស័យថា លោក ងួន រតន: បានត្រូវថ្នាំសណ្តំរបស់មេបនល្បែងទឹកភ្លៀង (លោក តាល់ )នេះកំពុងធ្វើឲ្យមានការលើកឡើងថា”ទន្សោងគោព្រៃតូចស៊ីតាមតូចធំស៊ីតាមធំ” ដែលអាចជាប់ពាក់ព័ន្ធ នឹងការប្រព្រឹត្តអំពើពុករលួយ។
មជ្ឈដ្ឋានមហាជនដែលកំពុងតាមដានសកម្មភាពបនល្បែងខុសច្បាប់នៅទីតាំងខាងលើនេះ នឹងរង់ចាំមើលថាតើអាជ្ញាធរមានសមត្ថកិច្ចខេត្តបាត់ដំបង អនុវត្តន៍កណ្តាប់ដៃដែក ឬអនុវត្តន៍កណ្តាប់ដៃជ័រ? ហេតុអ្វីបានជាលោកមើលមិនឃើញទីតាំងបនល្បែងទឹកភ្លៀងនោះ ឬក៏អាចនាំគ្នាមើលរំលង ហាក់ឆ្ងាយពីក្រសែភ្នែកពួកគាត់អស់ហើយ ខណ: ប្រជាពលរដ្ឋដាក់ការមន្ទិលសង្ស័យថា ប្រហែលជាបានផលប្រយោជន៍ពីបនល្បែងស៊ីសងរបស់លោក តាល់ មេទឹកភ្លៀងដុះស្លែរូបនេះ ដោយពុំមែនមិនឃើញ មិនដឹង មិនស្គាល់នោះទេ គ្រាន់តែធាតុពិតពួកគាត់មិនទាន់ចាត់ការបង្ក្រាបប៉ុណ្ណោះ ទើបធ្វើឲ្យអ្នកលេងល្បែងទឹកភ្លៀងប្រមូលផ្តុំគ្នាយ៉ាងកកកុញ ពពាក់ពពួនគ្នា ប្រសេកប្រសាច មិនខ្លាច ឆ្លងកូវីដ១៩ ដែលម្នាក់ៗប្រើប្រាស់វិទ្យុទាក់ទង មានចំនួនច្រើនលើសលុបជាងអាជ្ញាធរមានសមត្ថកិច្ច សង្កាត់ ក្រុង ខេត្តបាត់ដំបងនោះទៅទៀត។
ថ្វីត្បិតតែប្រមុខថ្នាក់ដឹកនាំបានព្រមានខ្លាំងៗក្នុងការដកតំណែងជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយសម្រាប់លោក ងួន រតន: វិញត្រូវបានមហាជនមើលឃើញថា ហាក់ដូចជាមិនខ្វល់ខ្វាយនឹងរឿងអស់តំណែងនោះឡើយ ជាពិសេសគឺផ្គើននឹងការជិះសេះលែងដៃយ៉ាងរំភើយ ដែលសាធារណ: ជនទាំងនោះដាក់ការសង្ស័យថា បានអោបក្រសោបមេបនល្បែងទឹកភ្លៀងម៉ាខេត្តបាត់ដំបងនោះទុកជាដំឡូងដុតធ្វើជាអាហារសម្រន់ គ្រាន់បានសើមមាត់សើមកខ្លះហើយ ទើបមិនហ៊ានចាត់វិធានការបង្ក្រាបឲ្យបានទាន់ពេលវេលាមែនទេ?។
ករណីបនល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងដ៏ធំបំផុតរបស់ឈ្មោះ (តាល់)កំពុងល្បីល្បាញនៅកណ្តាលក្រុងបាត់ដំបង ចំពេលដែលប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីការខ្លាចឆ្លងជម្ងឺកូវីដ១៩ នៅតាមសហគមន៍ផងនោះ ក៏មានការអំពាវនាវស្នើសុំដល់អគ្គស្នងការនគរបាលជាតិ ឯកឧត្តមសន្តិបណ្ឌិត នេត សារឿន ,បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា រួមនឹងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បើសិនជាលោកមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ មេត្តាជួយពិនិត្យនិងចាត់វិធានការបង្រាបជាបន្ទាន់ផង…! ដើម្បីពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពជូនដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ។
អង្គភាពគេហទំព័រ MSKnews យើងពុំអាចទំនាក់ ទំនងជាមួយភាគីពាក់ព័ន្ធណាមួយបានទេ ខណ: ពេលនេះ អង្គភាពយើងនឹងរង់ចាំទទួលព័ត៌មានបន្ថែមទៀតពីគ្រប់មជ្ឈដ្ឋាននានារៀងរាល់ម៉ោងធ្វើការ៕