(វ៉ាសុីនតោន)៖បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០នេះ គឺចំនួនអ្នកស្លាប់ដោយសារជម្ងឺឆ្លង COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់១១នាក់ហើយ ចំពេលដែលសភាតំណាងរាស្រ្តបានសម្រេចអនុម័តកញ្ចប់ថវិកាជាង ៨ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតដ៏កាចសាហាវមួយនេះ។
អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក ហ្គាវីន ញូសុម (Gavin Newsom) បានប្រកាសអាសន្ន ខណៈដែលលោកបានរាយការណ៍ពីករណីស្លាប់ដំបូង ដោយសារជម្ងឺ COVID-19 ក្នុងរដ្ឋរបស់ខ្លួន។ ចំណែកឯអាជ្ញាធរសុខាភិបាលនៅរដ្ឋវ៉ាស៊ីនតោនស្ទេត បានរាយការណ៍ឲ្យដឹងថា មានមនុស្សស្លាប់ចំនួន១០នាក់ហើយ នៅក្នុងរដ្ឋភាគខាងលិចសហរដ្ឋអាមេរិកនៃប្រទេសមហាអំណាចមួយនេះ។
សូមជម្រាបថា ក្នុងចំណោមអ្នកឆ្លងបានកើនឡើង១៣០នាក់ហើយ ខណៈមនុស្ស៤៨នាក់ក្នុងនោះមាន៤៥នាក់មកពីកប៉ាល់ដឹកអ្នកដំណើរ (Diamond Princess) និងមាន៣នាក់ មកពីទីក្រុង វ៉ូហាន ប្រទេសចិន។ ចំណែកឯ ៧៨ករណីផ្សេងទៀត ត្រូវបានរាយការណ៍នៅក្នុងរដ្ឋចំនួន១៣ ដោយរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋកាលីហ្វ័រញ៉ា មានចំនួនអ្នកឆ្លងច្រើនជាងគេ ហើយអ្នកស្លាប់ទាំង៩នាក់ សុទ្ធតែជាអ្នករស់នៅក្នុងរដ្ឋវ៉ាស៊ីនតោន។
ដោយឡែកលោក Newsom បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “រដ្ឋកាលីហ្វ័រញ៉ាកំពុងដាក់ពង្រាយកម្លាំងរបស់រដ្ឋាភិបាលគ្រប់កម្រិត ដើម្បីជួយកំណត់ករណី និងកាត់បន្ថយការរីករាលដាលនៃវីរុសនេះ”។ ជាមួយគ្នានេះលោកក៏បានបន្ថែមទៀតថា សេចក្តីប្រកាសអាសន្ននេះ នឹងជួយរដ្ឋរៀបចំសហគមន៍ និងប្រព័ន្ធថែទាំសុខភាពបន្ថែមទៀតក្នុងករណីដែលវា រីករាលដាលកាន់តែខ្លាំង។
គួរំឭកថា នៅព្រឹកថ្ងៃនេះដដែល អាជ្ញាធរទីក្រុងឡូសអាន់ជឺឡេស (Los Angeles) បានរាយការណ៍ពីការរកឃើញករណីឆ្លងមេរោគ COVID-19 ថ្មីៗចំនួន០៦ បន្ថែមទៀត ស្របពេលចំនួនករណីដែលបានបញ្ជាក់ នៅក្នុងរដ្ឋញូយ៉កបានកើនឡើងដល់១១នាក់។
លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi)ដែលជាប្រធានសភាបាននិយាយថា ក្រុមសមាជិកសភានៃគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យបានឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្តល់មូលនិធិចំនួន ៨.៣ ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងជម្ងឺរាតត្បាតសកលមួយនេះ។ សភាតំណាងរាស្រ្តបានអនុម័តវិធានកានេះហើយ នៅឡើយតែព្រឹទ្ធសភាប៉ុណ្ណោះ ដែលនឹងត្រូវបោះឆ្នោតអនុម័ត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន)៕