រាជធានីភ្នំពេញ៖ បើតាមសេចក្តីប្រកាសរបស់នាំពាក្យសាលាឧទ្ធរណ៍នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំឆ្នាំ២០១៩នេះ អ្នកដែលត្រូវដោះលែងឲ្យក្រៅឃុំជាបណ្តោះអាសន្នចំនួន៤នាក់នោះរួមមាន៖ ទី១- ថោង សារ៉ាត់, ទី២- កុូយ ចាន់ថុល, ទី៣- មាស សម្បត្តិ ហៅ ទូច និង ទី៤- ឈ្មោះ ឃុន ចិត្រា ដោយតុលាការបានដាក់លក្ខខណ្ឌ៤ចំណុចដូចជា៖
១/- ជនជាប់ចោទមិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការអនុញ្ញាតពីតុលាការ។២/-ហាមផ្លាស់ប្តូរលំនៅដ្ឋាន។៣/-ត្រូវបង្ហាញខ្លួននៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញរៀងរាល់សប្តាហ៍ទី១ រៀងរាល់ខែ ។៤/- ចូលបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចដែលចាត់តាំងដោយតុលាការ ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ បានពន្យល់ថា ក្រុមប្រឹក្សាជំនុំជម្រះបានជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៣ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ អស់រយៈពេល ០៥លើក ដែលមានជនជាប់ចោទឈ្មោះ ១- ថោង សារ៉ាត់ ២-សៀ ង វាសនា ៣- កូយ ចាន់ថុល ៤- មាស សម្បត្តិ ហៅ ទូច និង ៥-ឈ្មោះ ឃុន ចិត្រា ដែលត្រូវបានជាប់ចោទពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨, មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ អំពើឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
ឆ្លងតាមរយៈសវនាការនេះ ក្រោយពីបានពិនិត្យសំណុំរឿង និងលទ្ធផលនៃការសួរតទល់នាពេលសវនាការ និងភស្តុតាង ក្រុមប្រឹក្សាជំនុំជម្រះយល់ថា មានភាពចាំបាច់ត្រូវធ្វើការអង្កេតបន្ថែម ដើម្បីជាប្រយោជន៍យុត្តិធម៌នៃសំណុំរឿង និងបានសម្រេចចាត់របៀបស៊ើបអង្កេត ហើយក្នុងអំឡុងពេលនៃកិច្ចស៊ើបអង្កេតនេះ មេធាវីការពារក្តីរបស់ជនជាប់ចោទ០៤រូប បានដាក់ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ន និងមានការបញ្ជាក់ពីមូលហេតុជាអំណះអំណាង។
គួរកត់សម្គាល់ថា លោកឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួកចំនួន៤នាក់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ឧកញ៉ា អ៉ឹង ម៉េងជឺ។ ពិរុទ្ធជនទាំង៥នាក់នេះមាន ទី១- លោក ថោង សារ៉ាត់ ដែលត្រូងបានចោទថាជាមេក្លោង, ទី២-ឈ្មោះ សៀង វាសនា ដែលជាជនដៃដល់, ទី៣-ឈ្មោះ មាស សម្បត្តិ, ទី៤-ឈ្មោះ កូយ ចាន់ថុល និងទី៥-ឈ្មោះ ឈុំ ចិត្រា។
សូមបញ្ជាក់ថាហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េង ជឺ ដ៏កក្រើករាជធានីភ្នំពេញនេះ បានកើតឡើងកាលវេលាម៉ោង៧៖១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ាចុះពីរថយន្ត ឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងចំណោមជនជាប់ចោទទាំង០៤នាក់នេះក៏មានជនជាប់ចោទដែលមានសុខភាពទ្រុឌទ្រោម គប្បីមានភាពងាយស្រួលក្នុងការថែទាំព្យាបាល ដោយពេទ្យជំនាញឯកទេសផងដែរ។ ការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ត្រូវបានជំនួសដោយការដាក់ឲ្យជនជាប់ចោទស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តាមលក្ខខណ្ឌចំពោះជនជាប់ចោទឈ្មោះ ១- ថោង សារ៉ាត់ ២- កូយ ចាន់ថុល ៣- មាស សម្បត្តិ ហៅ ទូច និង ៤- ឈ្មោះ ឃុន ចិត្រា។
ការសម្រេចរបស់សាលាឧទ្ធរណ៍បែបនេះ ដោយផ្អែកទៅលើមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញ មាត្រា ២០០៣ មាត្រា ២០៥ មាត្រា ២២០ មាត្រា ២២៣ មាត្រា ២២៦ មាត្រា ៣០៧ មាត្រា ៣៨៧ មាត្រា ៣៩៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
អ្នកនាំពាក្យបានពន្យល់បន្តថា ការបើកការស៊ើបសួរបន្ថែម អាចត្រូវការរយៈពេលយូរបន្ថែមទៀត ដោយសារសំណុំរឿងនេះមានលក្ខណៈស្មុគ្រស្មាញ ព្រមជាមួយគ្នានេះកម្រិតនៃភ័ស្តុតាងទាក់ទងនឹងជនជាប់ចោទ ដែលបានដាក់ពាក្យសុំ នៅមានកម្រិត ហើយក្រុមប្រឹក្សាយល់ថា ការឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារពុំមានតម្រុយភ័ស្តុតាងណាមួយ ដែលបញ្ជាក់ពីមូលហេតុចាំបាច់នៃការឃុំខ្លួនបណ្តោះអាសន្នតាមមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌទេ៕