0

យុទ្ធនាការកម្ចាត់អំពើពុករលួយ លោក អន ស៊ី​នួន មេគយខេត្តកណ្តាលកំពុងត្រូវបានគេលាត​ត្រដាងពីការទទួលសំណូកមេឈ្មួញដឹកទំនិញ​មិនប្រក្រតីល្បីពេញខេត្តកណ្តាល…!

ខេត្តកណ្តាល៖ ការអនុវត្តអភិក្រមទី៥នេះ ដែលជាអភិក្រម “វះកាត់” គឺ​កម្ចាត់ និងបោសសំអាតអំពើពុករលួយត្រូវបានសម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រីបានប្រកាសជារឿយៗក្រោយ រាជរដ្ឋាភិបាលនីតិកាលទី៦ ត្រូវបានបង្កើតឡើ​ង។ប៉ុន្តែមន្ត្រីគ្រាប់ល្ពៅស្ងោរមួយចំនួនមិនយក​ត្រចៀកស្តាប់និងកែខ្លួនទាល់តែសោះ នៅតែប​ន្តទម្លាប់អាក្រក់ព្រោះផលប្រយោជន៍តាមរយ:​ការប្រព្រឹត្តអំពើពុករលួយយ៉ាង​ចាក់ស្រេះមិនចេះ​ស្កប់ស្កល់នោះឡើយ។​

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយ​ពី​លោក អន ស៊ីនួន ទទួលបាន​តំណែង​ជា​ប្រធា​ន​សាខាគយ​និងរដ្ឋាករ​ខេត្តកណ្ដាល គឺ​លោក អន ស៊ីនួន កំពុង​អនុវត្តន៍​សេដ្ឋកិច្ចហោប៉ៅខ្លួន​ដើរ​តាម​គន្លងចាស់​របស់លោក វ៉ូ វណ្ណា អតីត​ប្រធាន​សាខាគ​យ​ខេត្តកណ្ដាល ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត​ចូលមក​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំ​ណូល​របស់លោក អន ស៊ីនួន តែ​ម្តង​។ ជាក់ស្តែ​ង​ប្រធាន​សាខាគយ​ខេត្តកណ្តា​ល គឺ​លោក អន ស៊ីនួន មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួ​ញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំ​និញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​នោះទេ គេ​ឃើញ​មាន​តែការ​សម្របសម្រួល​ឲ្យ​ឈ្មួញ​ទាំ​ងនោះ​ដឹកទំ​និញ​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​ដូចជា​នៅ​ច្រក​ជ្រៃ​ធំ ក្នុងស្រុកកោះធំ ខេត្តកណ្តាល​និង​ច្រក​ផ្សេងៗទៀត ក្រុម​ឈ្មួញ​អាច​នាំចូល​ទំ​និញគេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិ​ន​គ្រប់យ៉ាង​រ​លូន​ដូច​កា​លជំនាន់​លោក វ៉ូ វណ្ណា នៅ​ធ្វើជា​ប្រ​ធាន​សាខាគយ​ខេត្តកណ្ដាលយ៉ាងដូច្នោះ​ផងដែរ​។

​ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ទំនិញគេចព​ន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​នានា​ចូលទៅ​រាជធានី​ភ្នំពេញ គឺ​សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក អន ស៊ីនួន ដើម្បី​សម្រួល​ដល់​អាជីវកម្ម​របស់​ពួ​កគេ​។ ជាង​នេះ​ទៅទៀត​លោក អន ស៊ីនួន បាន​បើកដៃ​ឲ្យ​ក្រុមមន្ត្រី​គយ​ចល័ត​ក្នុង​ខេត្តកណ្ដាល គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អា​ជីករ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​ជាច្រើន​ខ្សែ​ក្នុង​ខេ​ត្តកណ្ដាល ស្រេច​តែ​អំពើ​ចិត្ត​ បើទោះបី​ឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំ​ដែន​រួចហើយ​ក៏ដោយ​។

ប្រភពបន្តថា​ លោក អន ស៊ីនួន មិន​ចាត់វិធាន​ការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឆ្លងកាត់​ខេត្តកណ្តា​ល នោះទេ​។ ផ្ទុយទៅវិញ​លោក អន ស៊ីនួន ទំ​នងជា​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួ​លបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្តា​ល ទើប​ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពឲ្យដឹងទៀតថា​ លោក អន ស៊ីនួន កំពុង​ត្រូវប៉ាន់នឹងការប្រមូលលុយបង់ខែពី​មេ​ឈ្មួញ សុខ ថៃ ដឹកជ​ញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេសវៀតណាមតាម​ច្រក​ទ្វេរ​ភាគី​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ និង​ដឹកជញ្ជូន​ទំនិញ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ក្រុង​តាខ្មៅ យ៉ាង​រលូន​ ដែលគេដាក់កា​រសង្ស័យថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័​ន្ធ​ទេនោះ គឺ​មេ​ឈ្មួញ សុខ ថៃ មិនអាច​ដឹកជញ្ជូ​ន​ទំនិញគេចពន្ធ​ពី​ប្រទេសវៀតណាមចូលមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ជា​ច្រើន​កន្លែង​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​បានឡើយ​។

តាម​ការ​បង្ហើប​ពី​មន្ដ្រីគយកូចតាចមួយចំនួននៅ​ក្នុងខេត្តកណ្ដាល និងក្រុមឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា រាល់​ទំនិញគេចពន្ធ​គឺ​មេ​ឈ្មួញ សុខ ថៃ ទទួល​ដឹក​តែ​ទំនិញ​ដែល​ឆ្លងដែន​ចូល​ដី​ខ្មែរ​រួចហើយ ចំណែក​ទំនិញ​នៅក្នុង​ទឹកដី​ វៀតណា​មវិញ​ មាន​ជនជាតិ​វៀតណាមម្នាក់​ឈ្មោះ យ៉ាំង ជា​អ្នករត់​ការចាត់ចែង​ ហើយ​ឈ្មួញ​ដែល​ស្និទ្ធ​នឹ​ង​មេ​ឈ្មួញ សុខ ថៃ បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្តតាកែវ និង​ប្រធានសាខាគយខេត្តកណ្ដាល លោក អន ស៊ីនួន គឺសម្ងំ​ស្ងៀម​ស្ងាត់​ចាំតែ​ទទួលផល​ប្រយោជន៍​ពី​មេ​ឈ្មួញ សុខ ថៃ យ៉ាង​សុខ​ស្រួល​ហើយ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ សុខ ថៃ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បែបនេះបា​ន​ក៏ដោយសារ​លោក អន សុីនួន មានខ្នងបង្អែ​ករឹងមាំនៅក្នុងអគ្គនាយកដ្ឋា​នគយនិងរដ្ធាករក​ម្ពុជា ទើបមិនញញើតក្នុងការប្រព្រឹត្តអំពើពុករ​លួយ ហើយកំពុង​ធ្វើអ្វីៗស្រេចតែចិត្តរបស់ខ្លួនដោយភាព​រលូនបំផុត។​

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹងថា លោក អន សុីនួន មិនដែ​ល​មានការទប់ស្កាត់បានម្តងណា​ឡើយពី​ទំនិញ​ដែល​មេ​ឈ្មួញ សុខ ថៃ នាំចូល​ពី​ប្រទេសវៀត​ណាមត្រូវបាន​ដឹកជញ្ជូន​មក​ស្តុក​ទុក​នៅ​២​ទីតាំ​ង​ផ្សេងគ្នា គឺ​មួយកន្លែង​នៅផ្ទះ​លេខ​០៤៨ ផ្លូវ​លេខ​២១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ និងរាជ​ធា​នីភ្នំពេញ ហើយ​ឃ្លាំង​មួយកន្លែង​ទៀត​នៅតាម​ផ្លូវ​លេខ​២១​បេ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ គឺសុទ្ធតែជាឃ្លាំងដែលលោក អន ស៊ីនួន ឃុបឃិតជាមួយមេ​ឈ្មួញ សុខ ថៃ ទើប​មេឈ្មួញ​រូបនេះ​តែង​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ព្រំដែន​ខ្មែរ​-​វៀតណាម នៅ​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ និង​ច្រកទ្វារ​រ​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល​ ព្រោះ​តែមាន​ការប្រ​ព្រឹត្តអំពើពុករលួយ​ជា​ប្រព័ន្ធ​ពី​មន្ត្រី​គយយ៉ាងសុ​ខស្រួលដោយគ្មានការរំខានពីសមត្ថកិច្ចខាង​ណាទៀតឡើយ​។​

ករណីខាងលើ​នេះក៏មានការអំពាវនាវដល់​លោ​ក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយ​ក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និងលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោ​ក អន ស៊ីនួន ប្រធាន​សាខាគយ​ខេត្តកណ្ដាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បែបនេះតទៅទៀតនោះទេ​៕​msk​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com