រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរិះគន់យ៉ាងខ្លាំងទៅលើអំពើពុករលួយរបស់មន្ត្រីគយ។ សម្តេចបានមានប្រសាសន៍ថាលោកបានដឹងទាំងអស់នូវអំពើពុករលួយក្នុងអគ្គនាយកដ្ឋានគយនិងមានឯកសារនៅក្នុងដៃទាំងអស់ផងដែរ។ សម្តេចបានបញ្ជាក់ថា ក្រុមហ៊ុន១០ ដែលត្រូវរ៉ូវជាមួយគយគឺបាននាំចូលទំនិញមកដោយស្រួល ឯក្រុមហ៊ុន៤០ទៀត ខ្លះមិនត្រូវជាមួយគយគឺនាំចូលមកលំបាកណាស់។ ទីបំផុតក្រុមហ៊ុនទាំង៤០នោះក៏រត់ទៅជ្រកក្នុងក្រុមហ៊ុន១០ឲ្យជួយនាំចូល។ បន្ថែមលើនេះសម្តេចក៏បានព្រមានដែរថា សម្តេចបានដើរចូលទៅក្នុងគយហើយ…គយស៊ីល្មមឆ្អែតហើយ..ត្រូវចេះស្រឡាញ់ជាតិផង..!។ ជាបញ្ចប់សម្តេចតេជោ ហ៊ុន សែន បានទុកពេលឲ្យចំនួន៦០ថ្ងៃឬ២ខែឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយត្រូវលុបបំបាត់ចោលនូវអំពើពុករលួយ ពោលគឺទុកពេលឲ្យ៦០ថ្ងៃដើម្បី”កែខ្លួ ន”គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារកៀងគរកចំណូលចូលរដ្ឋពង្រឹងការបង្រា្កប អំពើរត់ពន្ធ និងពង្រឹងអភិបាលកិច្ចល្អរបស់អង្គភាពគយឡើងវិញ។
តាមប្រភពពីមន្ត្រីគយប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងអ្នករត់ឯកសារបានទម្លាយប្រាប់សារពត៌មានថា មន្ត្រីអ្នកកាន់ការ នៅការិយាល័យឃ្លាំងទំនិញរបស់គយនៅច្រកព្រលានអន្តរជាតិភ្នំពេញដែលគ្រប់គ្រងដោយប្រធានថ្មី គឺលោក លឹម សម្បត្តិ ជាមេគយច្រកទ្វារខាងលើនេះ បានឃុបខិតគ្នាជាចង្កោមប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំងនិងមានសកម្មភាពនេះជាយូរមកហើយ មិនដែលឃើញមន្ត្រីនៃអង្គភាពប្រឆាំអំពើពុករលួយចុះអង្កេតនោះទេ ហើ យជាពិសេសទៀតមិនដឹងថាតើលោកប្រធានទីចាត់ការគយនិងរដ្ឋាករកម្ពុជា គឺលោកបណ្ឌិតអគ្គនាយក គុណ ញឹម បានជ្រាបដែរឬអត់ទេ?ហើយវារឹតតែធ្វើឲ្យមន្ត្រីគយនៅទីនោះ នៅតែប្រកាន់ទម្លាប់មិនប្រក្រតី ដែលកំពុងជះឥទ្ធិពលដ៏អាក្រក់ទៅលើអ្នកវិនិយោគទុន ព្រោះតែមន្ត្រីគយកាន់ការនៅការិយាល័យឃ្លាំងទំនិញរបស់គយច្រកព្រលានភ្នំពេញនេះ បានបង្កប់ដោយអំពើពុករលួយខ្លាំងទៅលើការនាំទំនិញចេញចូល ជាពិសេសខាងក្រុមហ៊ុនដឹកជញ្ជូន រោងចក្រវាយនភ័ណ្ឌនោះជាដើម។
ប្រភពដដែលបានប្រាប់ទៀតថា ក្រុមមន្ត្រីខាងលើនេះ ពូកែស៊ីគ្រប់ជុំពូកតែម្តង ដោយពួកមន្ត្រីទាំងនោះ តម្រូវឲ្យមានការបង់ប្រាក់ក្រោមតុទៅវិញគឺវាផ្ទុយពីអ្វីដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើកំណែទម្រង់លុបបំបាត់អំពើពុករលួយ ជាពិសេសការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែបានផ្តល់កម្លាំងចិត្តដល់អ្នកវិនិយោគទុន ដើម្បីជាអត្ថប្រយោជន៍ សម្រាប់សេដ្ឋកិច្ចជាតិ និងជាទុនដ៏មានសារសំខាន់បំផុត សម្រាប់ស្រូបកម្លាំងពលកម្មក្នុងស្រុកឲ្យពលរដ្ឋមានការងារធ្វើទទួលបានប្រាក់កម្រៃសម្រាប់លើកស្ទួយ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ប៉ុន្តែមន្ត្រីការិយាល័យគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយអំពើពុករលួយ ជាលក្ខណ:ប្រព័ន្ធតាមគ្រប់រូបភាព ដែលតម្រូវឲ្យមានការបង់ប្រាក់ សម្រាប់ឯកសារប្រតិវេទន៍គយ ក្នុងមួយឯកសារៗ ចាប់ពី ៣៥ដុល្លារ ទៅ ៧៥ដុល្លារ នេះគិតសម្រាប់តែឯកសារដែលគ្មានកំហុសប៉ុណ្ណោះ ចុះទម្រាំឯកសារមានកំហុសតិចតួច តើមន្ត្រីគយនៅទីនោះស៊ីខ្លាំងប៉ុនណា…?។
ក្រុមអ្នករត់ការបានលើកឡើងពីការិយាល័យគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានលោក លឹម សម្បត្តិ ជាប្រធាននិងមានទម្លាប់មិនប្រក្រតី ដែលគាត់ធ្លាប់ឆ្លងកាត់នូវអំពើពុករលួយយ៉ាងឆ្អឹនឆ្អៅ តាំងពីនៅច្រកព្រំនិងច្រកដូងក៏បន្តប្រព្រឹត្តកំហុសបែបនេះដដែលៗ ដោយគ្មានញញើតកោតខ្លាចអ្វីទាំងអស់ ដែលក្នុងនោះ លោក លឹម សម្បត្តិ បានកំណត់យ៉ាងតិចក្នុងមួយឯកសារ សម្រាប់ទំនិញវិនិយោគនាំចូល ត្រូវបង់ប្រាក់ចំនួន ៧៥ដុល្លារ ក្នុងនោះដែរ អ្នករត់ការត្រូវបង្ខំចិត្តបង់ប្រាក់ទៅឲ្យកូនចៅលោក លឹម សម្បត្តិ ជាមន្ត្រីគយទទួលផ្នែកនីមួយៗ ដូចខាងក្រោម៖ ទី១- ត្រូវបង់ចំនួន ៥ដុល្លារ សម្រាប់មន្ត្រីគយទទួលផែនផ្នែកចុះលេខ, ទី២- បង់ប្រាក់ចំនួន ២០ដុល្លារ សម្រាប់គណនេយ្យ, ទី៣- បង់ប្រាក់ចំនួន ១០ដុល្លារ សម្រាប់ប្រធានផ្នែកត្រួតពិនិត្យនិងចំនួន ១០ដុល្លារទៀត ផ្នែកកូនចៅមន្ត្រីគយខាងពិនិត្យ, ទី៤- បង់ប្រាក់ចំនួន ២០ដុល្លារ សម្រាប់មន្ត្រីគយផ្នែកកាត់ស្តុក បញ្ចុះឯកសារ, និងទី៥- ត្រូវបង់ឲ្យអនុប្រធានការិយាល័យ ជាកិច្ចបង្ហើយឯកសារ ចំនួន ៥ដុល្លារ ។
ភាពមិនប្រក្រតីទាំងអស់នេះ កំពុងតែជះឥទ្ធិពលអាក្រក់ ប៉ះពាល់ដល់ថ្នាក់លើ ក៏ដូចជាសង្គមជាតិទាំងមូល ជាពិសេសប៉ះពាល់ទៅនឹងអារម្មណ៍យ៉ាងធ្ងន់ធ្ងរចំពោះអ្នកវិនិយោគទុន។ទង្វើបែបនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅលើរឿងអាស្រូវពុករលួយរបស់លោក លឹម សម្បត្តិ មេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាបន្ទាន់។
សូមជម្រាបថា រាល់ទំនិញវិនិយោគនាំចេញ ក្នុងមួយឯកសារចំនួន ៣៥ដុល្លារ ក៏អាចឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីអំពើពុករលួយនេះផងដែរ តាមរយ:ការគាបសង្កត់ទាំងឯកសារស្របច្បាប់របស់ផ្នែកទំនិញវិនិយោគ ឧស្សាហកម្មវេយនភ័ណ្ឌ រោងច្រកកាត់ដេរ ដោយករណីខ្លះ លោក លឹម សម្បត្តិ បានតម្រូវឲ្យមន្ត្រីរបស់ខ្លួន កេងប្រវ័ញ្ចក្នុងផលប្រយោជន៍ទៅលើឯកសារខុសបច្ចេកទេសតិចតួច ឬកិច្ចការងារប្រញាប់ ត្រូវទាញយកប្រយោជន៍លក្ខណ:ក្រោមតុ កាន់តែច្រើនឡើង និងចង់ទៅស៊ីញ៉េកន្លែងណា ក៏បានទៀតផង។
ហេតុដូចនេះលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្ដោយឲ្យលោក លឹម សម្បត្តិ មេគយច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតនោះទេ ព្រោះសកម្មភាពនៃអំពើពុករលួយដ៏ខ្លាំងក្លានេះត្រូវបានបើកកកាយជាបន្តបន្ទាប់រួចទៅហើយ។
ពាក់ព័ន្ធនឹងករណីគយច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រព្រឹត្តអំពើពុករលួយនេះអង្គភាពគេហទំព័រMSKយើងមិនអាចទំនាក់ទំនងជាមួយលោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃនេះបានទេ អង្គភាពយើងនឹងរង់ចាំទទួលព័ត៌មានគ្រប់ទិសទីនៅរៀងរាល់ម៉ោងធ្វើការ៕