0

ពាក់កណ្តាល​ឆ្នាំ២០១៩​នេះ អគ្គនាយកដ្ឋានគ​យនិងរដ្ឋាករកម្ពុជា​ បង្ហាញលទ្ធផល​នៃការប្រមូ​លពន្ធសរុប​ប្រមាណជាង៣០០​លានដុល្លារ​អាមេ​រិក​ កើនឡើងជាង​១​លានដុល្លារ​បើធៀបនឹង​រយៈ​ពេលដូចគ្នាឆ្នាំ២០១៨​

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ០៨រោច ខែអា​សាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆ​មាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ព​ស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរ​ញ្ញវត្ថុ និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ។

ក្នុងរបាយការណ៍បូកសរុបការងារគយនិងរដ្ឋាក​រកម្ពុជា​ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរា​ជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនា​យដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា ស​ម្រាប់ឆមាសទី១ ឆ្នាំ២០១៩ ចំណូលសរុបមានប្រមាណជាង ៥.៩ ទ្រីលានរៀល (ប្រមាណ ១,​៤៧៥ លានដុល្លារអាមេរិក) កើនឡើង ២៥.​៥​%​ (ប្រមាណ ៣០០លានដុល្លារអាមេរិក)ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ លទ្ធផលចំណូ​លនេះត្រូវប្រមាណជា ៦៥% នៃផែនការឆ្នាំ ដែ​លកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ​គ្រប់គ្រងប្រចាំឆ្នាំ២០១៩។ បើប្រៀបធៀបនឹងរ​យៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ លទ្ធផលចំណូ​លតាមប្រភេទពន្ធនិងអាករសំខាន់ៗ ដែលប្រមូ​លដោយគយមានកំណើនគួរឲ្យកត់សម្គាល់ ក្នុ​ងនោះ ពន្ធគយ (ពន្ធនាំចូល)មានកំណើនជាង ៣៣.៨%, អាករពិសេសកើន ៣១.១% និងអា​ករលើតម្លៃបន្ថែម (VAT)កើន ២៨.៦%។ គួរប​ញ្ជាក់ថា មុខទំនិញជាប្រភពចំណូលសំខាន់ៗរួ​មមាន៖ (១).យានយន្តនិងគ្រឿងចក្រគ្របដ​ណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប, (២).ប្រេងឥន្ធនៈ និងថាមពលប្រមាណ ១៧.​១% នៃចំណូលសរុប និង (៣).ទំនិញចម្រុះនិ​ងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំ​ណូលសរុប។ លទ្ធផលដ៏ល្អប្រសើរនេះ គឺបានមកដោយសារកម្ពុជាមានស្ថិរភាពនយោបាយ, ការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល, ការពង្រឹងអភិបាលកិច្ចផ្ទៃក្នុងរបស់អង្គភាពគយ និ​ងការរីកចម្រើនផ្នែកសមត្ថភាពធនធានមនុស្ស​។ ទន្ទឹមនឹងការងារប្រមូលចំណូលចូលថវិកាជា​តិបានលើសផែនការ អគរ ក៏បានសម្រេចនូវស​មិទ្ធផលនានាផ្សេងទៀត ដូចជាការចូលរួមក​សាងបទប្បញ្ញ្តត្តិនិងគោលនយោបាយពាក់ព័ន្ធនឹងគយ, ការធ្វើវិចារណកម្មអត្រាពន្ធគយលើទំនិញមួយចំនួន, ការពង្រឹងការងារបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ, ការចូលរួមទប់ស្កាត់ការលាងសម្អាតប្រាក់ និងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការចូលរួមអនុវត្តវិធានការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងគយ ដូចជាការអនុវត្តកម្រៃផ្លូវការនៃការផ្តល់សេវាសាធារណៈរបស់ អគរ , ការកា​ត់បន្ថយកម្រៃស្កែន និងបរិមាណកុងតឺ​ន័រដែល​ត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយម៉ាស៊ីនស្កែន, ការផ្សព្វផ្សាយគោលនយោបាយលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) និងការជំរុញយ៉ាងសកម្មការអភិវឌ្ឍន៍ប្រព័ន្ធប​ញ្ជរតែមួយជាតិ និងប្រព័ន្ធបញ្ជរតែមួយអាស៊ាន ហើយបានដាក់ឲ្យអនុវត្តជំហានដំបូងនៃប្រព័ន្ធទាំងពីរនេះ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ជាដើម។

ក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសំដែងការកោតសរសើ​រនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រ​កបដោយមនសិកា និងស្មារតីទទួលខុសត្រូវខ្ព​ស់របស់មន្ត្រីគយនិងរដ្ឋាករគ្រប់រូប ចំពោះល​ទ្ធ​​ផលប្រកបដោយសុទិដ្ឋិនិយម និងក្ដីរំពឹងខ្ពស់ និងបានណែនាំសម្រាប់ជាទិសដៅអនុវត្តបន្តស​ម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ដោយសង្កត់ធ្ងន់លើការងារមួយចំនួនរួមមាន៖ (១)ត្រូវបន្តពង្រឹងនូវអភិបាលកិច្ចល្អក្នុងអង្គភាព និងក្រមសីលធ​ធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ និងត្រូវប្រ​កាន់ខ្ជាប់អភិក្រម ៤ប្រការ របស់ក្រសួងសេដ្ឋកិ​ច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអភិក្រម ៥ ប្រការរប​ស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះ​កាត់ និង (២) ត្រូវបន្តអនុវត្តវិធានការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាលឱ្យសកម្ម ក្នុងនោះត្រូវអនុវត្តខ្លឹមសារប្រកាសស្តីពីការផ្តល់សេវាសាធារណៈរបស់ អគរ ប្រកបដោ​យតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព, ត្រូវបញ្ចប់ឲ្យបានឆាប់ការកែសម្រួលអនុត្រឹត្យ ២០៩, ជំរុញអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិឲ្យគ្របដណ្តប់ក្រសួងស្ថាប័នពាក់ព័ន្ធតាមការគ្រោងទុក, តាមដាននិងវាយតម្លៃអំពីប្រសុទ្ធភា​ពនៃការកែសម្រួលគោលការណ៍ និងនិតិវិធីនៃការស្កែនកុងតឺ​ន័រ, យកចិត្តទុកដាក់អនុវត្ត និងបង្កើនការផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងប្រ​កាសរបស់ កសហវ ពាក់ព័ន្ធនឹងការលើកទឹកចិ​ត្តផ្នែកគយ សម្រាប់ SMEs ជាដើម។ លើសពី​នេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវចំណុចសំខាន់ៗមួយចំនួ​នដែល អគរ ត្រូវអនុវត្ត រួមមាន (១).ត្រូវបន្តជំ​រុញផ្ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងបន្តលើកក​ម្ពស់អនុលោមភាពវិស័យឯកជន, (២).បន្តព​ង្រឹងយន្ដការពិគ្រោះយោបល់ជាមួយវិស័យឯក​ជន ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋា​​ភិបាល, (៣).ត្រូវរក្សាតុល្យភាពនៃការគ្រប់គ្រងរបស់គយ ក្នុងខណៈកិច្ចសម្រួលពាណិជ្ជកម្មកា​ន់តែទូលំទូលាយ, (៤).បន្តពង្រឹងការងារបច្ចេក​ទេស ដូចជាការកំណត់តម្លៃគិតពន្ធគយ, លេខកូដទំនិញ, វិធានដើមកំណើតទំនិញ, (៥).ជំ​រុ​បញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រការអនុវត្តច្បាប់ និងយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន (៦).អនុវត្តនូវយន្តការបំពេញបែបបទមុនពេលទំនិញមក​ដល់ (Pre-Arrival Processing) ដែលនឹងជួយសម្រួលបន្ថែមទៀតដល់ធុរជនពាក់ព័ន្ធ សំ​ដៅកាត់បន្ថយការកកស្ទះនៅមាត់ច្រកដើមទី ជាដើម, (៧)បន្តការចូលរួមការកសាងច្បាប់ស្តីពីវិនិយោគនិងតំបន់សេដ្ឋកិច្ចពិសេស, (៨)​​.រៀ​បចំកសាងផែនការសកម្មភាពសម្រាប់ឆ្នាំ២០​២​០ នៃការងារគយនិងរដ្ឋាករ ដោយឈរលើយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ ឱ្យបា​នមុនដំណាច់ឆ្នាំ២០១៩, (៩).ពង្រឹងកិច្ចសហ​ប្រ​តិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើយន្តការចែក​រំលែកគ្នាទៅវិញទៅមកនូវទិន្នន័យស្ថិតិដោយស្វ័យប្រវត្តិតាមមធ្យោបាយអេឡិចត្រូនិច (១០)​.បង្កើនការយកចិត្តទុកដាក់ការគ្រប់គ្រងចរា​ចរ​ណ៍រូបិយបណ្ណ ស្របតាមផែនការយុទ្ធសាស្ត្រដើម្បីដកកម្ពុជាចេញពីបញ្ជីប្រផេះ និង (១១). សហការជាមួយអគ្គនាយកដ្ឋានគោលនយោបា​យ ដើម្បីធ្វើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើការឈានទៅកាត់បន្ថយការនាំចូលរថយន្តដែលមានអាយុកាលប្រើប្រាស់ច្រើនឆ្នាំ។

ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានបំពាក់គ្រឿងឥស្ស​រិយយសនិងបណ្ណសរសើរ ជូនដល់មន្ត្រីគយនិ​ងរដ្ឋាករមានស្នាដៃមួយចំនួន៕​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com