ខេត្តព្រះសីហនុ៖ នៅក្នុងប្រតិបត្តិការរុករកជួយសង្ក្រោះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ក៏មានវត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមត្រួតពិនិត្យនិងផ្ដល់កម្លាំងចិត្តក៏ដូចជាជួយឧបត្ថម្ភដល់ក្រុមគ្រួសារសពជនរងគ្រោះផងដែរ ចាប់តាំពីសម្តេចតេជោ នាយករដ្ឋមន្ត្ត្រីបានវិលត្រឡប់មកពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នៅទីក្រុងបាងកក ប្រទេសថៃរួចមក សម្តេចបានមកដល់គំនរបែកបាក់នៃអគារទាំងយប់ធ្វើឲ្យសម្តេចមានអារម្ភណ៍ក្តុកក្តួលរំជួលចិត្តពេកក្រៃ មិនគួរឲ្យមានរឿងនេះកើតឡើងសោះ។
សូមបញ្ជាក់ថា នៅក្នុងការជួយសង្គ្រោះស្វែងរកជនរងគ្រោះដែលស្ថិតនៅក្នុងគំនរបាក់បែកនៃបំណែកអាគាដែលរលំនោះ ត្រូវបានខាងអ្នករុករកបានរកឃើញមនុស្សជាបន្ដបន្ទាប់ អ្នកស្លាប់និងរបួសបានកើនឡើងរហូតដល់ជាង៥០នាក់ហើយ ។ខណៈសម្ដេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋស្ទេីរតែមួយប្រទេសកំពុងកេីតទុក្ខសោកនាដកម្មនៃការរលំអគារបាក់សង្កត់មនុស្សស្លាប់និងរបួសជាច្រើននាក់ បែរជាមន្ត្រីពីររូបដែលទៅឈរថតសែលហ្វ៊ី(Selfie) ក្បែរសម្តេចសេីចក្អាកក្អាយទៅវិញ ធ្វើឲ្យផ្ទុះការរិះគន់តាមបណ្តាញសង្គមFacebookយ៉ាងព្រោងព្រាត។
យោងតាមរូបថតសែលហ្វីរបស់មន្ដ្រីឡេមឡឺមទាំងនោះ បានធ្វើឲ្យមហាជននៅក្នុងបណ្ដាញសង្គមធ្វើការរិះគន់យ៉ាងចាស់ដៃ ដោយលើកឡើងថា ខណៈមនុស្សស្ទើរមួយនគររួមទាំងថ្នាក់ដឹកនាំក៏ដូចក្រុមគ្រួសារជនរងគ្រោះកំពុងកើតទុក្ខសោកសង្រេងបែរជាអស់លោកបង្ហាញភាពរីករាយញញឹមពព្រាយទៅវិញ ។
រូបថតសែហ្វីប៉ុន្មានសន្លឹកដែលគេបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក្នុងនោះគេស្គាល់ច្បាស់ជាងគេ គឺឯកឧត្តម លូ គឹមឈុន អតីតអគ្គនាយកកំពង់ផែស្វ័យត្នក្រុងព្រះសីហនុ និងឯកឧត្តម នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញទឹកមុខរីកដូចគ្រាប់ជីស្រស់ស្រាយសប្បាយចិត្តលើគំនរទុក្ខអ្នករងគ្រោះនោះទៅវិញ។
បើតាមការសង្កេតឃើញថា ហាក់មិនខ្វល់ពីភាពទុក្ខសោករបស់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់និងរបួសក្នុងឧប្បត្តិហេតុរលំបាក់អាគារកំពស់៧ជាន់នោះទេ។គ្រាដែល សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានចុះទៅដល់កន្លែង ដើម្បីលើកទឹកចិត្តដល់ក្រុមជួយសង្គ្រោះនិងគ្រួសាររងគ្រោះទាំងនោះ។
ទោះបីជាមានអនុស្សាវរីយ៍ជាមួយគ្នាយ៉ាងណាក៏យើងមិនត្រូវសម្ដែងឲ្យឃើញនូវកាយវិការសប្បាយរីករាយនោះទេ បើធ្វើបែបនេះគេពិតជាវាយតម្លៃថា មនុស្សខ្វះសីលធម៌ យ៉ាងណាមិញចំពោះករណីឯកឧត្តម លូ គឹមឈុន និងឯកឧត្តម ន្ទន សុខា ក៏ចាត់ទុកថា ជាការខ្វះសីលធម៌ផងដែរ ព្រោះខណៈពេលមនុស្សមួយនគរ រួមនិងថ្នាក់ដឹកនាំកំពុងសោកសង្រេងនូវទុក្ខដ៏ក្រៀមក្រំនេះ។
ហើយបើតាមសុភាវៈនៃអារិយ្យធម៌ខ្មែរក្នុងនាមយើងជាមនុស្សដែលមានសុភាវធម៌ខ្ពស់ ទោះជួបដោយចៃដន្យនូវគេហែរសពទោះពេលនោះយើងស្គាល់ក្រុមគ្រួសារសព ឬមិនស្គាល់ក៏ដោយក្នុងនាមមនុស្សមានសុភាវធម៌ត្រូវតែសម្ដែងនូវទឹកមុខក្រៀមក្រំដើម្បីជាការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពនោះផងដែរ។
ទង្វើនេះវាហាក់ដូចជាខ្វះសីលធម៌ ចំពោះព្រិត្តិការណ៍ដ៏សោកសៅមួយនេះ ជាពិសេសមិនគប្បីចំពោះក្រុមគ្រួសារជនរងគ្រោះដែលកំពុងទុក្ខសោករកទីបំផុតគ្មាន…!។
ប៉ុន្ដែក្រោយពីមានមហាជនក្នុងបណ្ដាញសង្គមបញ្ចេញមតិរិះគន់ច្រើនឡើងៗ គេឃើញឯកឧត្តម លូ គឹមឈុន បានចេញមកសុំទោសជាសាធារណៈ ហើយថា នេះជាកំហុសឆ្គងមួយពេលដែលឯកឧត្តមនឹកស្មានមិនដល់….។ ចំពោះមនុស្សដែលដឹងកំហុសដូចឯកឧត្តម លូ គឹមឈុន គឺពិតជាមនុស្សដែលចេះបត់បែនតាមកាលៈទេសៈទាន់ពេលវេលាមែន។
សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម លូ គឹមឈុន បានទទួលស្គាល់ថា នេះពិតជារូបថតឯកឧត្តមប្រាកដមែន ហើយពេលថតរូបនេះ ម៉ោងជាង៣ទៀបភ្លឺថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ ប៉ុន្ដែក្នុងរង្វង់ប្រតិបត្តិការនោះ ក៏បានជួបជាមួយមិត្តភក្តិហើយក៏ថតជាមួយគ្នាធម្មតា ស្រាប់តែកើតកំហុសឆ្គងដោយអចេតនាតែម្ដងដោយគេបានយកមកផុសបែបនេះ។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្តម លូ គឹមឈុន ក៏បានបង្ហាញអារម្មណ៍ក្ដុកក្ដួលជាទីបំផុត ក្រោយពីទទួលដំណឹងដ៏សោកសៅ អំពីការបាក់រលំអាគារ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានបណ្តាលឲ្យអ្នកស្លាប់ និងរបួសជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។
អង្គភាពគេហទំព័រMSKnewsយើងមិនអាចសុំការបំភ្លឺពីឯកឧត្តម នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទេដោយពុំមានលេខទូរស័ព្ទ៕