វៀតណាម៖ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២ ០១៩ បានបញ្ជាឱ្យមានការកាត់ទោសលើមេបញ្ជាការទ័ពជើងទឹកមួយចំនួន ដែលត្រូវបានរកឃើញថា មានជាប់ទាក់ទងការរំលោភបំពានច្បាប់ស្ដីពីការប្រើប្រាស់ដីរដ្ឋ សម្រាប់វិស័យការពារជាតិ បណ្ដាលឱ្យខាតបង់ថវិកាជាតិជាច្រើន និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបfស់បក្ស។
ក្នុងចំណោមមេបញ្ជាការទ័ពជើងទឹកទាំងនោះ ក៏មាន លោកឧត្តមនាវី Nguyen Van Hien អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧត្តមនាវីរង Nguyen Van Tinh នៃទ័ពជើងទឹកវៀតណាមផងដែរ។
គណៈកម្មាធិការដដែល ក៏បានរកឃើញថា មេបញ្ជាការ ២រូបទៀត ទទួលបន្ទុកកិច្ចការនៅភាគខាងត្បូងទន្លេមេគង្គ បានរំលោភលើច្បាប់ប្រើប្រាស់ដីដែលជាកម្មសិទ្ធិរបស់កងកម្លាំងការពារជាតិ ក្នុងនោះមានលោកឧត្តមសេនីយ៍ឯក Nguyen Hoang Thuy ដែលត្រូវបានព្រមានជាផ្លូវការ និងលោកអនុប្រធានបុគ្គលិក Tru ong Thanh Nam ដែលត្រូវបានដកហូតពីតំណែងទាំងអស់ក្នុងបក្ស។
ការកាត់ទោសនេះ គឺបន្ទាប់ពីលោកប្រធានាធិបតី Nguyen Phu Trong បានបញ្ជាកាលពីខែមករាកន្លងទៅ ឱ្យមេយោធាគ្រប់រូបនៅវៀតណាម ធ្វើការលុបបំបាត់អំពើពុករលួយ ក្នុងការប្រើប្រាស់ និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ។
គួររំឭកថា កាលពីខែមេសា ឆ្នាំ២០១៨ លោកវរសេនីយឯក Dinh Ngoc He បានក្លាយជាមន្ត្រីយោធាជាន់ខ្ពស់ទីមួយ ដែលត្រូវបានតុលាការកាត់ទោស ដោយឱ្យជាប់ពន្ធនាគារ ១២ឆ្នាំ ជុំវិញការបំពានអំណាច និងការប្រើប្រាស់ឯកសារក្លែងក្លាយ។ បន្ទាប់មកនៅខែកក្កដា មន្ត្រីជាន់ខ្ពស់នៃទ័ពអាកាសវៀតណាម ២រូបទៀត ត្រូវបានព្រមានជាលិខិតផ្លូវការ ក្នុងករណីគ្រប់គ្រងដីរដ្ឋមិនបានត្រឹមត្រូវ។ បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់មួយចំនួន នៅទីក្រុងហូជីមិញ និងទីក្រុងដាណាង ត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងករណីស្រដៀងគ្នានេះដែរ៕
0