0

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យ​ក្រុមហ៊ុនចិនសិក្សាផលិតថាមពលអគ្គិសនី ដើរដោយព្រះអា​ទិត្យនៅកម្ពុជាបន្ថែមទៀត

(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន នា​ យករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យ China Hauneng Group ដែលជាក្រុមហ៊ុនបានវិនិយោគផលិតវារីអគ្គិសនីនៅសេសានក្រោមពីរ ពិនិត្យលទ្ធផលបង្កើតស្ថានីយ៍ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជាបន្ថែមទៀត ដើម្បីទាញយកថាមពលអគ្គិសនីមកបំពេញសេចក្តីត្រូវការនៅកម្ពុជា។

ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ក្នុងពេលសម្តេចអនុញ្ញាឲ្យ​ថ្នាក់ដឹកនាំក្រុមហ៊ុនមួយនេះចូលជួបសម្តែងការគួរសម និងពិភាក្សាទៅ​លើការផលិតថាមពលអគ្គិសនីនៅកម្ពុជា។

បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ក្នុងជំនួបនេះក្រុមហ៊ុន China Hauneng Group បានជម្រាបសម្ដេចតេជោនាយករដ្ឋមន្ត្រីអំពីភាពជោគជ័យលើគម្រោងផលិតវារីអគ្គិសនីនៅសេ​សានក្រោម២ និងបានបញ្ជាក់ថា ក្រុមហ៊ុនកំ​ពុ​ងបន្តស្រាវជ្រាវអភិវឌ្ឍន៍វិស័យថាមពលអគ្គិស​នីបន្ថែមទៀតនៅកម្ពុជា ជាពិសេសទៅ​លើការ​អភិវឌ្ឍន៍ថាមពលដើរដោយពន្លឺព្រះអាទិត្យ។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំក្រុមហ៊ុនថា សម្រាប់វារីអគ្គិសនី គឺអាចដំណើរការបានពេញលេញក្នុងរដូវភ្លៀង តែនៅ​ពេលដែលរដូវប្រាំងវិញ គឺខ្វះខាតទឹកដូច្នេះមិនអាចឲ្យ​វារីអគ្គិសនីដំណើរការផលិតថាមពលបា​នពេញសមត្ថភាពនោះឡើយ។ ក្នុងន័យនេះ បានជំរុញហ៊ុន China hauneng group ដែលជាក្រុមហ៊ុនបានចាប់ដៃជាមួយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង សិក្សាស្រាវជ្រាវ និងបោះទុនទៅលើការវិនិ​យោ​គការបង្កើតស្ថានីយ៍​អគ្គិសនីដើរដោយពន្លឺព្រះ​អាទិត្យជំនួសវិញ។

ឆ្លើយតបនឹងអ្វីដែលសម្តេចតេជោ បានលើក​ឡើងនេះ តំណាងខាងក្រុមហ៊ុន បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រី​ថា កន្លងមកក្រុម​ហ៊ុនបានសិក្សានៅក្នុងប្រទេសកម្ពុជា គឺមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក្នុងការទាញយកថាម​ពលអគ្គិសនីយកមកប្រើប្រាស់។ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនគ្រោងនឹងវិនិយោគដើម្បីផលិតថាមពលអគ្គិសនីប្រមាណ ២០០មេហ្គាវ៉ាត់ ដោ​យថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជានាពេលខាងមុខនេះផងដែរ។

ភាគីក្រុមហ៊ុន បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ឲ្យគាំទ្រខ្លួនក្នុងការចូលរួមអភិវឌ្ឍន៍ថាម​ពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ឬហៅថាថាមពលស្អាតនេះ។ សម្ដេចតេជោនាយករដ្ឋម​ន្ត្រី ក៏បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជាក៏ដូច​ជាប្រទេសកម្ពុជាចង់បានថាមពលស្អាត ដែលថាមពលគាំទ្រដល់បរិស្ថាន ជាពិសេសថាមព​លដើរដោយពន្លឺព្រះអាទិត្យដែលជាបច្ចេកវិទ្យាចុងក្រោយនេះ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com