0

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយសមាជិកគណៈអចិន្ត្រៃយ៍ នៃការរិយាល័យនយោបាយ និងជាលេខាធិការនៃលេខា​ធិការដ្ឋានបក្សកុម្មុយនីស្តចិន

(ប៉េកាំង)៖ នៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩ ម្សិលមិញនេះ​ ក្នុងឱកាសស្នាក់នៅទី​ក្រុងប៉េកាំងប្រទេសចិន សម្ដេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រា​ជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការ​ងារជាមួយ លោក វ៉ាន់ ហូនីង សមាជិកគណៈអចិន្ត្រៃយ៍ នៃការរិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាន់ ហូនីង បានពិភាក្សាគ្នាច្រើនទៅលើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៃប្រទេសទាំងពីរ។ លោកលេខាបក្សកុម្មុយនីស្តចិន ក៏បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាមានសន្តិភាព និងស្ថិរភាព ជាពិសេសការធ្វើឲ្យ​កម្ពុជាមានការអភិវឌ្ឍ និងមានកំណើនសេដ្ឋកិ​ច្ចលឿន។ លោក វ៉ាន់ ហូនីង ក៏បានកត់សម្គាល់ពីភាពល្អប្រសើរនៃការវិនិយោគនៅតំបន់សេដ្ឋ​កិច្ចខេត្តព្រះសីហនុ ហើយលោកសន្យាជំរុញឲ្យ​មានការវិនិយោគបន្ថែមនៅតំបន់នោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមាន​ប្រ​សា​ស​ន៍លើកឡើងពីស្ថានភាពវិវឌ្ឍន៍ផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងការវិនិយោគនៅកម្ពុជា ដោយសម្តេចចង់ឃើញក្រុមហ៊ុនចិនដែលកំពុងរកស៊ីនៅកម្ពុជានៅតែបន្តមានវត្តមាននៅកម្ពុជា ហើយក៏បានស្នើឲ្យ​រដ្ឋាភិបាលចិនលើកទឹកចិត្តឲ្យ​អ្នកវិនិយោគ និងក្រុមហ៊ុនចិនថ្មីផ្សេងទៀតទៅបណ្តាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបង្ហាញពីធ្វើកំណែទម្រង់មួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈនយោបាយអនុគ្រោះពន្ធ ការបន្ថយតម្លៃដើមសេវា ការសម្រួលមិនឱ្យភាពសាំញាំលើការផ្តល់សេវា សម្រួលការដឹកជញ្ជូន បញ្ចុះតម្លៃផ្ទុក លើកដាក់កុងតឺន័រ និងការបញ្ចុះ​តម្លៃអគ្គិសនីជាដើម។ សម្តេចតេជោ ហ៊ុន​ សែន គូសបញ្ជាក់ថា ការធ្វើកំណែទម្រង់ទាំងនេះដើ​ ម្បីជួយសម្រួលដល់ក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនចិនដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសកាត់បន្ថយតម្លៃផ្សេងៗធ្វើយ៉ាងណាឲ្យ​ក្រុមហ៊ុនទាំងនោះមានលទ្ធភាពប្រកួតប្រជែង ហើយអាចបន្តធ្វើពាណិជ្ជកម្មនៅកម្ពុជា។

លោក វ៉ាន់ ហូនីង សមាជិកគណៈអចិន្ត្រៃយ៍ នៃការរិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន បានបង្ហា​ញជំហរយ៉ាងមុងមាំរបស់រដ្ឋាភិបាលចិនក្នុងការជួយដោះស្រាយគ្រប់បញ្ហារបស់កម្ពុជាដែលជួយប្រទះ ដែលក្នុងនោះរួមមានទាំងបញ្ហាប្រ​ព័ន្ធអនុគ្រោះពន្ធ (EBA) ដែលសហភាពអឺរ៉ុបគ្រោងនឹងព្យួរផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាដោ​យ​សារបច្ចុប្បន្នក្រុមហ៊ុនចិន ដែលកំពុងមានវត្តមា​ននៅកម្ពុជា មានរោងចក្រជាង៧០០​ក្នុង​ចំណោ​មជាង ១ពាន់រោងចក្រ ដែលជាក្រុមហ៊ុនរបស់ចិន ហើយការដែលក្រុមហ៊ុនចិនបន្តធ្វើពាណិជ្ជ​កម្មនៅកម្ពុជានេះមានសារៈសំខាន់ណាស់ស​ម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ ហើយការដែលធ្វើឲ្យ​ក្រុមហ៊ុនចិននៅកម្ពុជា និងក្រុមហ៊ុនថ្មីទៅរកស៊ីនៅកម្ពុជា គឺស្របទៅតាមទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើចិនបើកទីផ្សារថែមទៀត ដើម្បីឲ្យ​ផ​លិតផល និងកសិផលមកកម្ពុជាកាន់តែច្រើន ដែលជាការជួយជម្រុ​ញដល់ការនាំចេញរបស់កម្ពុជាមកប្រទេសចិន។

ជាការឆ្លើយតបទៅនឹងអ្វីដែលសម្តេចប្រមុខរា​ជរដ្ឋាភិបាលកម្ពុជា បានស្នើឡើងនេះ លោក វ៉ាន់ ហូនីង បានគូសបញ្ជាក់តបដោយបង្ហាញពីគោ​លជំហរយ៉ាងមុតមាំ និងច្បាស់លាស់របស់រដ្ឋា​ភិបាលចិនថា សម្តេចតេជោ ហ៊ុន សែន និងប្រទេសកម្ពុជា គឺជាមិត្តពិត ជាមិត្តដែកថែបរបស់ប្រទេស និងប្រជាជនចិន ដូច្នេះបើកម្ពុជាជួបបញ្ហាអ្វីចិននឹងជួយដល់ប្រទេសកម្ពុជា។ លោកលេខាបក្សកុម្មុយនីស្តចិន បានបញ្ជាក់ថា ភាគីចិនបានសិក្សាពីផលប៉ះពាល់នៃការដក EBA របស់សហភាពអឺរ៉ុបពីប្រទេសកម្ពុជា តែមិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ ហើយចិននឹងរិះរកវិធីផ្សេងៗជួយដល់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរ​សើរផងដែរពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង។ សម្តេចបានគូសបញ្ជាក់ថា វេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២នេះ ទទួលបានជោគជ័យ ហើយតាមការសង្កេតរបស់សម្តេចការផ្តួចផ្តើមនេះ បានក្លាយទៅជាគោលដៅរួមរបស់ប្រទេសទាំងឡាយដែលបានចូលរួមក្នុងវេទិកា «ខ្សែក្រវាត់ និងផ្លូវ» នេះ។ សម្តេចបន្តថា ប្រ​ទេ​សកម្ពុជាចាប់តាំងពីដើមទីមកបានផ្តល់ការគាំ​ទ្រយ៉ាងខ្លាំងក្លា និងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»នេះ ហើយកម្ពុជាបានទទួលនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់កា​រកសាង និងអភិវឌ្ឍន៍ប្រទេសពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»នេះ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com