0

ឧកញ៉ា គិត ធាង ត្រូវបានតុលាការសម្រេច​ចេ​ញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារPJ​ ពាក់ព័​ន្ធរឿងគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក​

រាជធានីភ្នំពេញ៖ ប្រភព​ព័ត៌មាន​ច្បាស់ការ​ពី​សាលាដំបូង​បាន​ឲ្យ​ដឹង​ថា ព្រះរាជអាជ្ញា​និង​ចៅក្រម​ស៊ើបសួរ​បានសម្រេច​ចោទប្រកាន់​ឧកញ៉ា គិត ធាង ពី​បទ​ផ្ដល់​ទីតាំង​ចាត់ចែង សម្រួល​ឲ្យ​មានការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន និង​បទ​សមគំនិត​តាម​មាត្រា ៤៤ ចំណុច​នៃ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ដែល​ប្រព្រឹត្ត​នៅ​មណ្ឌល​កម្សាន្ត ROCK ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​មាត្រា​៤២ និង​៤៤ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ​។ចំណុច​២ នៃ​មាត្រា​៤៤​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​បាន​កំណត់​ឲ្យ​ផ្ដន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំទៅ ១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ​២០​លានរៀល។ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង បានចេញ​ដីកា សម្រេច​ឃុំខ្លួន ឧកញ៉ា​គិត ធាង ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​សិន នារសៀ​​ល​ថ្ងៃទី ១២ ខែ​​មី​នា ឆ្នាំ២០១៩​នេះ ដើម្បី​រង់ចាំ​កាត់ទោស ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ច្រើន​សន្ធឹក​ដែល​ទើប​បង្ក្រាប​នៅ​ក្លឹប​រ៉ុ​ក។នៅ​ព្រឹក​ថ្ងៃទី​១២ មីនា សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​ប្រគល់​ឲ្យ​តុលាការ​សាកសួរ​ពេញ​មួយថ្ងៃ ដែល​សំណុំ​រឿងនេះ​ត្រូវ​បាន​សម្ដេច​នាយក​រដ្ឋមន្ត្រី​រំលឹក​ម្ដង​ហើយ​ម្ដងទៀត តុលាការ​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ម៉ត់ចត់ ត្រឹមត្រូវ​និង​ម៉ឺងម៉ាត់​ដល់ទី​ជម្រៅ​មិន​លើកលែង​ដាច់ខាត​។សូម​រំលឹក​ថា ឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិ​​ច្ច​ចាប់ខ្លួន​តាម​ដីកា​តុលាការ​កាលពី​ថ្ងៃទី ១១​មិនា ឆ្នាំ​២០១៩ ក្រោយពេល​សម្ដេច​តេ​ជោ ហ៊ុន សែន រំលឹក​ពី​បទ​ល្មើស​គ្រឿងញៀន​ដ៏​គួរ​ឲ្យស្អប់​​ខ្ពើម​នៅ​ជាប់​របង​សាលារៀន​ដល់​ទៅ ២​កន្លែង​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។ក្រោយ​ការបង្ក្រាប​ កាលពី​ថ្ងៃ ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ០១ និង​៣០ នាទី​រំលង អធ្រាត្រប្រតិ​ បត្តិ​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់ ឧ​ត្ត​ម​សេនីយ៍​ឯកអគ្គ​ស្នងការ​រង​និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ស ថេ ត និង​ដោយមាន​ការដឹកនាំ សម្របសម្រួល​ពី​លោក លី សុ​ផា​ណា ព្រះ​រាជអាជ្ញារង​នៃ​អយ្យការ​អមសាលាដំបូ​ង​រាជធានី​ភ្នំពេញ​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​និង​កម្លាំង​អន្តរាគមន៍​ពិសេស​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ក្រាប​បទល្មើស​ជាក់​សែ្តង​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ផ្លូវ​ព្រះមុន្នី​វង្ស​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ ករណី​ប្រើប្រាស់​សម្រួល​និង​ចាត់ចែង​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នោះ កម្លាំង​ចម្រុះ​បាន​ត្រួតពិនិត្យ​ទីតាំង​ខាងលើ​ចំនួន ១៥​បន្ទប់ រក ឃើញ និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣១១​នាក់ ( ប្រុស ២៥៦​នាក់ ស្រី ៥៥​នាក់ ) និង​ចាប់​យក​បាន​វត្ថុ តាង​ពាក់ព័ន្ធ​បទល្មើស​មួយចំនួន បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ។វត្ថុ​តាង​សារធាតុ​ញៀន​ចាប់​យក​សរុប​រួមមាន​ថ្នាំ​គ្រាប់​អិ​ច​ស្តា​ស៊ី គ្រវី ១២ គីឡូក្រាម ២១៩.២៦ ក្រាម កេ​តា​មីន (Ketamine) ៨​គីឡូក្រាម ៩៣៥.០៦​ក្រាម , ថ្នាំបន្សាប (Nimetazepam)៣០៥.១០​ក្រាម , មេ​តំ​ហ្វេ​តា​មីន​(ICE) ១.៦​ក្រាម , ហេ​រ៉ូ​អ៊ី​ន (Heroine) ០.៦១​ក្រាម , សរុប​សារធាតុ ញៀន​ទម្ងន់ ២១​គីឡូក្រាម ៤៦១,៦៣​ក្រាម , កញ្ឆា​ក្រៀម​ទម្ងន់ ៦៦,៤៣​ក្រាម , ធ្វើ​តេ​ស្តិ៍ បឋម​មិន​ច្បាស់លាស់​ទម្ងន់ ១៥,១៤​គីឡូក្រាម ( សង្ស័យ​ធាតុគីមី ) សំបក​វេច​ខ្ចប់ ( សំបក​កែវ​ចំនួន ២៤៧ , សំបក​កេស​និង​ថង់​ផ្លា​ស្ទីក​មួយចំនួន ) ទម្ងន់​ប្រហែល ១២​គីឡូក្រាម​សរុប រួម​ទម្ងន់ ៤៩,៤៤ គីឡូក្រាម។ប្រភព​ដែល​ជិតស្និទ្ធ​លោក​ឧកញ៉ា គិត ធាង បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​នេះ​លោក​ឧកញ៉ា​មិន​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ ចាប់តាំងពី​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក ដែល​ជា​កន្លែង​ប្រើប្រាស់​គ្រឿងញៀន​និង​ជា​កន្លែង​បំផ្លាញ​សង្គមជាតិ​ធ្វើ​ឲ្យ​ប្រទេសជាតិ​បាក់មុខ​មាត់​នោះ។ប៉ុន្តែ​មនុស្ស​ទាំង​៣១១​នាក់​ គឺ​មាន​តែ​១៧​នាក់​ប៉ុណ្ណោះ​ជា​ប្រភេទ​ក្មេង​ញៀន​ថ្នាំ​ត្រូវ​បាន​បញ្ជូន​មក​តុលាការ ។ ចំណែក​ជនជាតិ​ចិន​ចំនួន ១៣​នាក់​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កំណើត។ រីឯ​មនុស្ស​ជាង​២០០​នាក់​ផ្សេងទៀត​ត្រូវបាន​ដោះលែង​វិញ​ទាំងអស់ហើ​​យ​ដែរ​៕

Filed in: Uncategorized

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com