0

ពេទ្យចិត្តអប្រិយ៍ពាក់ព័ន្ធនឹងករណីចាក់ថ្នាំឲ្យស្រ្តីម្នាក់ស្លាប់និងយកក្មេងស្រីអាយុ៣ឆ្នាំទៅប្លុងចោលដែលម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុង ហាក់ម៉ារីណា ខ្វះការទទួលខុសត្រូវ ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន…! 

(តាកែវ)៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង៦:៤៥នាទី ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីមនុស្សឃាត ដោយអចេតនា (ចាក់ថ្នាំប្រតិកម្មស្លាប់) នៅចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ស្ថិតនៅភូមិបឹងបញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុកាលពីវេលាម៉ោង៦ល្ងាច ជនរងគ្រោះឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ រួមជាមួយនឹងក្មួយស្រី ឈ្មោះ ណូន សៀវហ្វាន អាយុ៣ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានប្រាប់ក្រុមគ្រួសារថា ទៅរកពេទ្យដើម្បីឲ្យចាក់ថ្នាំព្យាបាលជំងឺរបស់ខ្លួន។

បន្ទាប់មកដោយបាត់ជនរងគ្រោះមិនឃើញត្រឡប់មកផ្ទះវិញយូរពេកក្រុមគ្រួសារមានការភិតភ័យ ក៏បាននាំគ្នាទៅដើររកជនរងគ្រោះរហូតដល់ម៉ោង២យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះនៅក្នុងព្រៃខាងត្បូងភូមិ ឃ្លាតពីផ្ទះពេទ្យប្រហែល៣០០ម៉ែត្រ តែមិនបានឃើញជនរងគ្រោះឡើយ។ លុះដល់វេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះ និងក្មេងស្រីអង្គុយក្បែរសាកសពនៅចំណុចគុម្ភសង្កែ ក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

ក្រោយទទួលព័ត៌មាននេះ កម្លាំងអាវុធហត្ថស្រុកបាទី និងកម្លាំងប៉ូលីសស្រុក បានចុះដល់ទីតាំងកើតហេតុ ហើយកម្លាំងជំនាញបានពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពរួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារប្រតិកម្មនិងការចាក់ថ្នាំហើយសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងពីរនាក់នោះ ទី១៖ ឈ្មោះហៀង សុងហាក់ ភេទប្រុស អាយុ ៣៧ ឆ្នាំមុខរបរពេទ្យ និងទី២៖ ឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរពេទ្យបង្អែកស្រុកបាទី មានទីលំនៅភូមិបឹងពញាកគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។ បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកបាទីក៏បានធ្វើការឃាត់ខ្លួនម្ចាស់មន្ទីរសម្រាក  ព្យាបា លនិងសម្ភព សុងហាក់ម៉ារីណា ពីរនាក់ប្ដីប្រពន្ធ ដើម្បីចាត់ការទៅតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ, សង្គម, សន្តិសុខ

Leave a Reply

Submit Comment
ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 10 06
អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net