0

ការផ្តល់​សិទ្ធ​ឲ្យ​ក្រុមហ៊ុន​ភីភី​.​ភី​ធី (PP.PT)​ដែល​ធ្លាប់​ល្បី​បាញ់សម្លាប់​ពលរដ្ឋ​រឿង​ទន្ទ្រាន​យក​ដី​កំពុង​ញាក់សាច់​រឿង​កាប់​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា​ដែល​អ្នកស្រុក​និយាយថា​ដូច​កាប់​ក្បាល​ចៅហ្វាយខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់​ដា​?

ខេត្ត​ព្រះវិហារ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​សារ​ព្រមាន​យ៉ាង​ដូច្នេះ​ថា​”​បញ្ហា​ព្រៃឈើ​គឺ​ត្រូវតែ​ការពារ​ឲ្យបាន សៅ សុខា ឡើង​ឧទ្ធម្ភាគចក្រ​ល្បាត​មើល​វា​ដឹក​ចេញពី​ណា​…​អា​កាប់ៗ​ហ្នឹង​វា​កាប់​នៅ​កន្លែង​ណា​…​បើ​ឃើញ​ហើយ​ខ្ញុំ​បញ្ជា​ឲ្យ​បាញ់ បាញ់​ពីលើ​យន្តហោះ​កំទេច​វា​ចោល​តែ​ម្តង​ទៅ​ព្រោះ​វា​ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដ៏​ធ្ងន់ធ្ងរ​..! ហើយ​អាជ្ញាធរ​ដែនដី មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ​ត្រូវ​មើល​ព្រៃឈើ​ទាំងមូល មិនមែនឲ្យ​មើល​ដើមឈើ​មួយ​ដើម​ប៉ុណ្ណោះ​ទេ ឬ​ក៏​ដើរ​រាប់​ដើមឈើ​ធំៗ​នៅក្នុង​ព្រៃ​ដើម្បីឲ្យ​គេ​ចូល​ទៅ​កាប់​នោះ​ជា​ដាច់ខាត​”​។​

​ជាក់ស្តែង​ថ្មីៗ​នេះ ក្រុមហ៊ុន​ភីភី​.​ភី​ធី​(PP.PT)​ដែល​ធ្លាប់​ល្បីល្បាញ​ជើង​ខ្លាំង​ខាង​បាញ់បោះ​រហូត​បាញ់សម្លាប់​ពលរដ្ឋ​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង​កន្លងមក​ហើយ​ក្រុម​ហ៊​ន​មួយ​នេះ​គឺ​តែងតែ​ចេញមុខ​កាង​រាល់​ការកាប់បំផ្លាញ​ព្រៃឈើ​ដើម្បី​ធ្វើការ​ឈូសឆាយ​យក​ដី​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ដាំ​កៅស៊ូ​នៅ​ស្ទើរ​គ្រប់​ទី​កន្លែង​នៃ​ខេត្ត​មួយចំនួន​របស់​ប្រទេស​កម្ពុជា ឥឡូវនេះ​ស្រាប់តែ​ក្រុមហ៊ុន​ភីភី​.​ភី​ធី​(PP.PT)​ទទួលបាន​សិទ្ធ​កាប់បំផ្លាញ​និង​ប្រមូល​ទិញ​ឈើ​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ការពារ​និង​អភិរក្ស​សត្វព្រៃ​ព្រះ​រកា​ដែល​ជាប់​ព្រំប្រទល់​ពីរ​ស្រុក​គឺ​ស្រុក​ឆែប​និង​ស្រុក​ជ័យ​សែន​ខេត្ត​ព្រះវិហារ ដែល​មាន​មេការ​ឈ្មោះ ហូ​ឡា សោភ័ណ្ឌ ជា​អ្នកមើលការខុសត្រូវ​និង​ជា​អ្នករៀបចំ​កញ្ចប់​សេដ្ឋកិច្ច​ហោប៉ៅ​ឯកជន​របស់​លោក​ចៅហ្វាយ​ខេត្ត​ព្រះវិហារ​និង​មន្ត្រី​ពាក់ព័ន្ធ នានា​នៅក្នុង​ខេត្ត​ព្រះវិហារ​នេះ​ទាំងអស់​។​

តាម​សេចក្ដីរាយការណ៍​ពី​ខេត្ត​ព្រះវិហារ​បានឲ្យដឹងថា សព្វថ្ងៃ​នេះ​ក្រុមហ៊ុន​ភីភី​.​ភី​ធី​(PP.PT)​បាន​នឹង​កំពុង​មាន​មុខមាត់​ក្នុង​ការទទួលបាន​សិទ្ធ​សំអាត​ដី​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​លើ​ផ្ទៃដី​ទំហំ​ជាង​៥​ម៉ឺន​ហិកតា​សម្រាប់​ធ្វើ​កសិកម្ម ហើយ​មិន​ត្រឹម​តែ​កាប់​ឈើ​ក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចិន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស កាប់​ឈើ​នៅ​តំបន់​ព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡង់​ក្នុង​ដែន​ឧទ្យាន​ជាតិ​ដែល​ស្ថិត​នៅក្នុង​ស្រុក​ឆែប​និង​ស្រុក​ជ័យ​សែន​ខេត្ត​ព្រះវិហារ​ដែល​កំពុង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​និង​ដឹកជញ្ជូន​យ៉ាង​ពេញបន្ទុក​តែម្តង ហើយ​អាជ្ញាធរ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ក្នុង​ខេត្ត​នេះ​គ្មាន​អើពើ​ធ្វើ​ការចុះ​ទៅ​ទប់ស្កាត់ ឬ​ចាត់វិធានការ​បង្ក្រាប​នោះឡើយ​។​

​ប្រភព​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​និង​មន្ត្រី​អង្គការ​មួយ​ចំនួន​បានឲ្យដឹងថា​មេការ​ក្រុមហ៊ុន ភីភី​.​ភី​ធី (PP.PT) ដែល​គេ​សង្ស័យថា លោក​នាយក​ក្រុមហ៊ុន​នេះ គឺ​លោក​ហូ​ឡា សោភ័ណ្ឌ តែម្តង​ហើយ​មាន​មេការ​ឈ្មោះ ដេវីដ ម្នាក់​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ពីព្រោះ​ឈ្មោះ ហូ​ឡា សោភ័ណ្ឌ ហើយ​និង​មេការ​ឈ្មោះ ដេវីដ គឺជា​អ្នក​ចាត់ចែង​ប្រមូល​ទិញ​ឈើ​ហ៊ុប​ពីព្រៃ​ព្រះ​រកា យ៉ាង​រលូន ហើយ​ឈ្មោះ ដេវីដ ក៏​ជា​អ្នកបែងចែក​កញ្ចប់​លុយ​ដែល​ទទួល​ពី​លោក ហូ​ឡា សោភ័ណ្ឌ ដើម្បី​យក​ទៅ​ដោះស្រាយ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ផងដែរ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ក្រុមហ៊ុន​ចិន ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង​៥​ម៉ឺន​ហិកតា​នៅ​ស្រុក​ឆែ​ប និង​ស្រុក​ជ័យ​សែន សម្រាប់​ដាំ​អំពៅ ដោយ​ពុំ​ទាន់​ឃើញ​មាន​ការដាំដុះ​អ្វី​ឲ្យបាន​ប្រាកដ​ច្បាស់លាស់​នៅឡើយ ហើយ​បែរជា​គេ​ឃើញ​ក្រុមហ៊ុន ភីភី​.​ភី​ធី (PP.PT) កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​នោះ​យ៉ាង​ពេញបន្ទុក​ជា​រៀងរាល់ថ្ងៃ​ប្រព្រឹត្តទៅ​ដោយ​ភាពរលូន​បំផុត​ទំនងជា​ក្រុមហ៊ុន​PP.PT នេះ​ពិតជា​បាន​រៀបចំ​កញ្ចប់​បែងចែក​ឲ្យ​គ្រប់​ស្ថាប័ន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ស្រុក​ក្នុង​ខេត្ត​ទាំងអស់​យ៉ាង​ពេញចិត្ត​ពេញ​ថ្លើម​ហើយ ទើបបាន​ជា​សម្ងំ​ស្ងៀមស្ងាត់​គ្រប់​គ្នា​បែប​នេះ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​ផ្តល់​សិទ្ធ​ឲ្យ​ក្រុមហ៊ុន​ភីភី​.​ភី​ធី​អាច​ធ្វើ​អ្វីៗ​បាន​តាម​អំពើ​ចិត្ត​នោះ​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី កសិកម្ម មន្ត្រី​បរិស្ថាន ប្រចាំការ​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​នេះ​ផងដែរ ទើប​ពួកគេ មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​អាច​នឹងរង​ការវិនាស​ហិនហោច​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ដូច្នេះ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួង​បរិ​សា្ថន គួរតែ​រួមគ្នា​ពិនិត្យឡើងវិញ​ជាប ន្ទា​ន់​ចំពោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​ព្រោះ​មាន​មន្ត្រី​បរិស្ថាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​ខ្លាំង​ជាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទៅទៀត​ព្រោះតែ​អំណាច​របស់​មន្ត្រី​បរិស្ថាន​ជា​កម្លាំង​ពាក់កណ្តាល​ប្រដាប់អាវុធ​ដែល​បាន​ស្ពាយ​កាំភ្លើង​ដើរ​កំញើញ​ពួក​អ្នក​ចូល​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ហើយ​ទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ​។​

​សូមបញ្ជាក់​ថា ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ក្នុង​តំបន់​ដែន ជម្រក​សត្វព្រៃ​ព្រះ​រកា​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​នោះ គឺ​ក្រុមហ៊ុន​ភីភី​.​ភី​ធី​បាន​កេណ្ឌ​ប្រជាពលរដ្ឋ​ឲ្យចូល​ទៅ​កាប់​ព្រៃ​យ៉ាង​គគ្រឹកគគ្រេង​ដោយ​បំពាន​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់ហាមឃាត់​ជា​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​ឲ្យ​រង​ការវិនាស​មហន្តរាយ ខណៈ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ហ៊ុប​ត្រូវបាន​បើកចំហ​រដោ​យគ្មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ​ដែនដី លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ លោក​ប្រធាន​មន្ទីរ​កសិកម្ម លោក​ប្រធាម​ន្ទីរ​បរិស្ថាន នាយ​សង្កាត់​រដ្ឋបាល​និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​នោះ​ទេ ដែល​គេ​សង្កេតឃើញថា ក្នុង​មួយ​ប់ៗ មាន​រថយន្ត​យី​ឌុប​រាប់​សិប​គ្រឿង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​អភិរក្ស​យក​ទៅ​ចូល​រោង​សិប្បកម្ម​នានា​ក្នុង​ខេត្ត​ព្រះវិហារ​និង​ដឹកជញ្ជូន​បន្ត​ចេញ​ទៅ​ខេត្ត​ឧត្តរមានជ័យ​ថែមទៀ​ត​ផង​។​(MSKnews​រង់ចាំ​ទទួល​ព័ត៌មាន​រៀងរាល់​ម៉ោង​ធ្វើការ​)៕

 

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com